រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលីលោក Richard Marles បានប្រកាសថា អូស្ត្រាលីដាច់ខាតមិនចូលរួមនោះឡើយ ក្នុងការជួយអាមេរិកការពារកោះតៃវ៉ាន់។ សកម្មភាពខាងលើ ក្នុងគោលដៅបង្ហាញពីឆន្ទៈនៅក្នុងការផ្សះផ្សាទំនាក់ទំនងជាមួយចិន ក្រោយពេលអូស្ត្រាលីប្រឈមមុខតានតឹង ដាក់គ្នាជាមួយទីក្រុងប៉េកាំងនោះ។
សារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១៩ ខែមីនា ឆ្នាំ២០២៣ បានផ្សាយថា រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី លោក រីឆាដ ម៉ាឡែស (Richard Marles) នៅថ្ងៃអាទិត្យនេះបាននិយាយថាអូស្ត្រាលីដាច់ខាតមិនបានសន្យាថានឹងជួយសហរដ្ឋអាមេរិក នៅក្នុងករណីដែលជម្លោះនៅតៃវ៉ាន់ផ្ទុះឡើង ដើម្បីជាថ្នូរនឹងការទិញនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរពីទីក្រុងវ៉ាស៊ីនតោន នោះទេ។
ការកត់សម្គាល់ខាងលើរបស់លោក រីឆាដ ម៉ាឡែស ធ្វើឡើងនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ ABC និងជាការឆ្លើយតបទៅនឹងសំណួរដែលសួរថាតើអូស្ត្រាលីបានផ្ដល់ការសន្យាថានឹងជួយសហរដ្ឋអាមេរិកក្នុងករណីជម្លោះតៃវ៉ាន់ផ្ទុះឡើង ជាថ្នូរនឹងការទិញនាវាមុជទឹកនុយក្លេអ៊ែរដែរឬក៏យ៉ាងណា? រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលីរូបនេះបានគូសបញ្ជាក់ថាជាការណ៍ពិតណាស់ វាមិនពិតនោះទេ ហើយអូស្ត្រាលីក៏មិនបានធ្វើការសន្យាបែបនេះនោះដែរ។
អូស្ត្រាលី សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស កាលពីថ្ងៃចន្ទដើមសប្ដាហ៍កន្លងទៅនេះបានបញ្ចេញព័ត៌មានលម្អិតពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងសន្តិសុខត្រីភាគី AUKUS ដែលក្នុងនោះអូស្ត្រាលី អាចទិញនាវាមុជទឹកនុយក្លេអ៊ែរប្រភេទ Virginia ចំនួន៣គ្រឿងពីសហរដ្ឋអាមេរិក ជាមួយជម្រើសទិញបន្ថែមពី២គ្រឿងទៀត៕ ដោយធីរីណា
រូបថត : Reuters