ខេត្តព្រះសីហនុ៖ នាវាដឹកសម្ភារៈរបស់កងទ័ពរំដោះប្រជាជនចិន សម្រាប់ធ្វើសមយុទ្ធជាមួយកងទ័ពកម្ពុជា ដែលមានឈ្មោះថា« នាគមាសឆ្នាំ២០២៣» កាលពីព្រឹកថ្ងៃអាទិត្យ ទី១៩ ខែមីនា ឆ្នាំ២០២៣នេះ បានមកដល់កំពង់ផែខេត្តព្រះសីហនុ ហើយគ្រោងនឹងដឹកបន្តទៅកាន់ទីលានសមយុទ្ធ នៅភ្នំជុំរីករាយ ខេត្តកំពង់ឆ្នាំងនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ស្អែកនេះ។
នាឱកាសនោះ លោកឧត្តមនាវីទោ លី ហួត មេបញ្ជាការទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិ សន្តិសុខលម្ហសមុទ្រ បានអមដំណើរ លោកឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការរង កងទ័ពជើងទឹក និងជាមេបញ្ជាការ មូលដ្ឋានសមុទ្រ បានអញ្ជើញទទួលស្វាគមន៍ នាវាកងទ័ពជើងទឹករំដោះប្រជាជនចិន ចំនួន១គ្រឿង លេខ៩៩៩ ជាប្រភេទនាវាពហុមុខងារ Type-071 ដឹកនាំដោយ លោក ឧត្តមសេនីយ៍ទោ ជិន មិនធាន នាយសេនាធិការរង កងទ័ពជេីងគោក ភាគខាងត្បូង នៃកងទ័ពរំដោះប្រជាជនចិន នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅព្រឹកថ្ងៃអាទិត្យ ទី១៩ ខែមីនា ឆ្នាំ២០២៣ ។
លក្ខណៈបច្ចេកទេស នាវាកងទ័ពជើងទឹករំដោះប្រជាជនចិនមានបណ្ដោយប្រវែង ២១០ ម៉ែត្រ និងទទឹងប្រវែង ២៨ ម៉ែត្រ ជម្រៅទឹកប្រវែង ៧ ម៉ែត្រ ល្បឿន ២៥ ណត ទំងន់ផ្ទុក ២៥.០០០ តោន នាវិកចំនួនជាង ៤០០ នាក់ ឧទ្ធម្ភាគចក្រចំនួន ៤ គ្រឿង ប្រភេទ Z8 super Frenlon ដឹកនាំបញ្ជាដោយលោកឧត្តមសេនីយ៍ទោ ជិន មិនធាន នាយសេនាធិការរង កងទ័ពជើងគោកភាគខាងត្បូង នៃកងទ័ពរំដោះ ប្រជាជនចិន។
សូមបញ្ជាក់ថា កងទ័ពកម្ពុជា និងចិន នឹងធ្វើសមយុទ្ធរួមគ្នា ដោយមានលក្ខណៈទ្រង់ទ្រាយធំ ចាប់ពីថ្ងៃទី២៣ ខែមីនា ដល់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣នេះ ក្នុងគោលបំណងការពារនូវសន្តិសុខចំពោះព្រឹត្តិការណ៍ធំៗ និងរបៀបជួយប្រជាពលរដ្ឋដែលជួបគ្រោះមហន្តរាយនានាដែលកើតចេញពីយថាហេតុណាមួយនោះ។
កងទ័ពនៃប្រទេសទាំងពីរបានឯកភាពគ្នាធ្វើសមយុទ្ធរួមគ្នា នៅមជ្ឃមណ្ឌលហ្វឹកហ្វឺនរបស់កងរាជអាវុធហត្ថ(ភ្នំជុំរីករាយ) ស្ថិតនៅក្នុងភូមិសាស្ត្រ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដោយសមយុទ្ធនេះគឺជាការផ្សារភ្ជាប់កិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរក្នុងការលើកកម្ពស់ទំនាក់ទំនងល្អ បង្កើនចំណងសាមគ្គីភាព មេត្រីភាព ការបណ្ដុះបណ្តាលចំណេះដឹង ចំណេះធ្វើ ផ្លាស់ប្ដូរបទពិសោធន៍ ចេះសម្របសម្រួល ចេះរស់នៅនិងធ្វើការងាររួមគ្នា ជាមួយជាតិសាសន៍ជាច្រើនក្នុងពេលធ្វើប្រតិបត្តិការរួមគ្នា ក៏ដូចជាឆ្លើយតប ទៅនឹងបញ្ហាប្រឈមនានាដែលមិនមែនជាប្រពៃណីជាដើម។
គួររម្លឹកផងដែរថា សមយុទ្ធនាគមាសរវាងកម្ពុជា-ចិន បានចាប់ផ្ដើមធ្វើតាំងពីឆ្នាំ២០១៦ រហូតមកដល់ពេលនេះគឺបានចំនួន ៤លើករួចមកហើយ គឺនៅក្នុងឆ្នាំ២០១៦ ,២០១៨, ២០១៩ និងឆ្នាំ ២០២០ ។ កងទ័ពទាំងពីរបានផ្អាកមួយរយៈ គឺនៅឆ្នាំ ២០១៧ ដោយជាប់រវល់ក្នុងយុទ្ធនាការបង្ក្រាបគ្រឿងញៀន និងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់។ ឆ្នាំ ២០២១ និងឆ្នាំ២០២២ដោយសារតែប្រទេសទាំងពីរ ប្រឈមនឹងការឆ្លងរីករាលដាលជំងឺកូវីដ-១៩៕ដោយ៖សហការី