ខេត្តស្ទឹងត្រែង៖ បេីតាមការបញ្ជាក់ពីនាយខណ្ឌរដ្ឋបាលជនផលស្ទឹងត្រែង លោក ស្រី វិចិត្រ បានឱ្យដឹងនៅរសៀលថ្ងៃអាទិត្យទី១៩ ខែមីនា ឆ្នាំ២០២៣នេះថា៖ កម្លាំងមន្ត្រីជលផល និងអង្គការ WWF បានចុះទៅពិនិត្យ និងធ្វើកោសល្យវិច្ឆ័យ លេីសត្វផ្សោតមួយក្បាលដែលកម្លាំងឆ្មាំទន្លេប៉ុស្តិ៍កោះជ្រឹម កាលពីព្រឹកមិញនេះ បានប្រទះឃើញសត្វផ្សោតស្លាប់ នៅចំណុចកោះព្រះ ដោយមិនឃើញមានជាប់មង ឬសន្ទូចរនងទេ។ ប៉ុន្តែមានស្នាមឆ្នូតនៅត្រង់ពោះវា។
នាយខណ្ឌរដ្ឋបាលជនផលរូបនេះ បានឱ្យដឹងទៀតថា សត្វផ្សោត ដែលអណ្តែតទឹកស្លាប់នេះ ដែលគេបានប្រទះឃើញនៅព្រឹកមិញ វេលាម៉ោង ៦និង ៣០នាទី ទេីបខាងរដ្ឋបាលជលផល បានយកសពសត្វផ្សោតនោះ មករក្សាទុក ដើម្បីធ្វើកោសល្យវិច្ឆ័យ ពីអង្គការ WWF ដើម្បីដឹងថា សត្វផ្សោតមួយក្បាលនោះ ស្លាប់ដោយសារអ្វីពិតប្រាកដ?។
លោក ស្រី វិចិត្រ បានបន្ថែមថា សត្វផ្សោត ១ក្បាលនោះ មានទំងន់ជាង ១៩០គីឡូក្រាម តែមិនទាន់ដឹងថា រស់នៅក្នុងអន្លងផ្សោតណាពិតប្រាដកទេ។ លុះត្រាតែខាងអង្គការ WWF ពិនិត្យច្បាស់លាស់ ទើបដឹងថា វារស់នៅក្នុងអន្លង់មួយណា?។ ចំណុចដែលសត្វផ្សោតស្លា.ប់នេះ នៅក្បែរអន្លង់ត្បូងខ្លា ដែលមានព្រំប្រទល់រវាងខេត្តស្ទឹងត្រែង និងខេត្តក្រចេះ។
បន្ថែមពីនេះ លោកនាយខណ្ឌរដ្ឋបាលជលផល បានបញ្ជាក់ថា ខេត្តស្ទឹងត្រែង មានអន្លង់ត្រីមេពូជ ដែលមានឈ្មោះថា អន្លង់ឈើទាល អន្លង់កោះសន្ទក់ អន្លង់កោះកូនសត្វ និងអន្លង់ត្បូងខ្លា ដែលជាអន្លង់ទឹកជ្រៅ និងបានរៀបចំចំណាត់ថ្នាក់ ជាកន្លែងការពារ អភិរក្សធនធានជលផល និងជីវចម្រុះ៕ដោយ៖សហការី