ពូទីន៖ ទំនាក់ទំនងរវាងចិននឹងរុស្ស៉ី បានឈានដល់ចំណុចខ្ពស់បំផុត

ចែករំលែក៖

សារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២០ ខែមីនា ឆ្នាំ២០២៣ បានផ្សាយថា ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀរ ពូទីន បានបង្ហាញការស្វាគមន៍ចំពោះឆន្ទៈរបស់ចិនក្នុងការដើរតួនាទីប្រកបដោយលក្ខណៈស្ថាបនា ដើម្បីជួយបិទបញ្ចប់ជម្លោះនៅក្នុងប្រទេសអ៊ុយក្រែន ជាមួយការសង្កត់ធ្ងន់ថា ទំនាក់ទំនងរវាងចិននឹងរុស្ស៉ីបានឈានដល់ចំណុចខ្ពស់បំផុត។

ប្រធានាធិបតីចិន លោក ស៉ី
ជីនពីង នឹងត្រូវបំពេញទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូនៅថ្ងៃចន្ទនេះ ដើម្បីចូលរួមក្នុងជំនួបកំពូលជាមួយលោកពូទីន អមជាមួយក្ដីសង្ឃឹមថាលោកអាចនឹងរកច្រកចេញស្ដីពី វិបត្តិអ៊ុយក្រែន ខណៈដែលទីក្រុងប៉េកាំងកំពុងព្យាយាមដើរតួនាទីជាអ្នកស្វែងរកសន្តិភាពឱ្យពិភពលោក។ ថ្លែងនៅក្នុងអត្ថបទមួយ ត្រូវបានចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយចិននិងវិមានក្រឹមឡាំង កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ លោក ពូទីន បានគូសបញ្ជាក់ដូច្នេះថា «កម្រិតនៃទំនាក់ទំនងរវាងទីក្រុងមូស្គូ នឹងទីក្រុងប៉េកាំងកំពុងស្ថិតនៅចំណុចខ្ពស់ជាងសម្ព័ន្ធភាពនយោបាយ និងយោធាកាលពីសម័យសង្រ្គាមត្រជាក់ទៅទៀត»។
លោក ពូទីន បន្ថែមថា លោកផ្ទាល់រំពឹងខ្ពស់ថាជំនួបជាមួយលោក ស៊ី ជីនពីង នឹងទទួលបានផ្លែផ្កាក្នុងកិច្ចសហប្រតិបត្តិការនិងទំនាក់ទំនងទ្វេភាគីនៃប្រទេសទាំង២។
លោក ស៊ី ជីនពីង ត្រូវបានគេរាយការណ៍ថានឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៉ីចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែមីនានេះដែលនឹងធ្វើឱ្យលោកក្លាយជាមេដឹកនាំពិភពលោកដំបូងគេបំផុតដែលនឹងបានចាប់ដៃលោក ពូទីន ចាប់តាំងពីតុលាការអន្តរជាតិព្រហ្មទណ្ឌអន្តរជាតិ ICC ចេញដីកាចាប់ខ្លួនលោកប្រធានាធិបតីរុស្ស៉ីជុំវិញការចោទប្រកាន់ពីឧក្រិដ្ឋកម្មសង្រ្គាម នៅអ៊ុយក្រែន៕ ដោយធីរីណា

...

រូប​ថត​ : Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print