ភ្នំពេញ : នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះតាមប្រព័ន្ធ Telegram ចង់អោយ The Cambodia Daily Khmer បង្ហាញភស្តុតាង កាតសរសេរប៉ះពាល់ដល់កិត្តិយស នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងទ័ពជើងគោក ។
សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុនសែន បានសរសេរយ៉ាងដូចច្នេះថា, ស្ដាប់ ហ៊ុន ម៉ាណែត ឆ្លើយតបទៅនឹង The Cambodia Daily Khmer ដែលចោទ ម៉ាណែត ថា ជាមេបណ្តាញរកស៊ីឈើខុសច្បាប់ ដោយទាំងគ្មានភស្តុតាងច្បាស់លាស់។
សម្តេចតេជោ ហ៊ុនសែន មានប្រសាសន៍ថា, បើសារពត៌មាន The Cambodia Daily Khmer ពិតជាសារពត៌មានវិជ្ជាជីវៈ និងគ្មានចេតនាទុច្ចរិតក្នុងការផ្សាយពត៌មានមិនពិតទេនោះ សូមបង្ហាញពីភស្តុតាង បើគ្មានភស្តុតាងទេ សូមធ្វើការសម្រួលជាបន្ទាន់។
សូមបញ្ជាក់ថា, នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងទ័ពជើងគោក បានមានប្រសាសន៍ថា, វាមិនមែនជារឿងចម្លែកទេដែលសារពត៌មាន The Cambodia Daily Khmer តែងតែធ្វើការផ្សព្វផ្សាយពត៌មាន ឬធ្វើការវិភាគដែលមានលក្ខណៈលម្អៀង ក្នុងន័យរិះគន់វាយប្រហារមកលើរាជរដ្ឋាភិបាល ក៏ដូចជាគណបក្សប្រជាជន រួមទាំងរូបខ្ញុំ។ កន្លងទៅខ្ញុំមិនដែលចំណាយពេលវេលាធ្វើការឆ្លើយតបអ្វីទេចំពោះការផ្សព្វផ្សាយទាំងនោះ។
ប៉ុន្តែវាជាការដើរហួសព្រំដែនយ៉ាងខ្លាំង ហើយដែលខ្ញុំមិនអាចទទួលយកបានទេ ពេលដែលសារពត៌មាន The Cambodia Daily Khmer បានប្រឌិតរឿងមិនពិតមកធ្វើការចោទប្រកាន់ខ្ញុំដោយចំហរថា ខ្ញុំគឺជាមេបណ្តាញរកស៊ីឈើខុសច្បាប់ ដោយទាំងគ្មានភស្តុតាងច្បាស់លាស់នោះ។
ហេតុដូច្នេះ ចាំបាច់ខ្ញុំត្រូវប្រតិកម្មប្រឆាំងនឹងការចោទប្រកាន់ដែលបង្កប់ទៅដោយចេតនាទុច្ចរិតមួយនេះ ដើម្បីការពារភាពត្រឹមត្រូវ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ខ្ញុំ។
បើសារពត៌មាន The Cambodia Daily Khmer ពិតជាសារពត៌មានវិជ្ជាជីវៈនិងគ្មានចេតនាទុច្ចរិតក្នុងការផ្សាយពត៌មានមិនពិតទេនោះ សូមបង្ហាញពីភស្តុតាងមក។ បើគ្មានភស្តុតាងទេ សូមធ្វើការកែសម្រួលជាបន្ទាន់៕
ដោយ : សុខ ខេមរា