ខេត្តស្វាយរៀង:ប្រជាពលរដ្ឋ រស់នៅភូមិគគីរ ឃុំត្រស់ បានអោយដឹងថា មានក្រុមឈ្មួញ បានដើរប្រមូលទិញដើមឬស្សីពីងពង់ និងដើមអាកាស្យា ពីប្រជាពលរដ្ឋក្នុងស្រុករមាសហែក ដឹកឆ្លងដែនទៅប្រទេសវៀតណាម តាមប៉ុស្តិ៍ច្រករបៀងខ្សែដែកស្ថិតនៅឃុំត្រស់ ស្រុករមាសហែក។
ប្រជាពលរដ្ឋបានលើកឡើងបន្តថា ដើមឬស្សីពីងពង់ ក្នុង១ដើមខ្នាតតូចលេខ៣ លក់បានតម្លៃ២,០០០រៀល, ខ្នាតមធ្យមលេខ២ ក្នុង១ដើមតម្លៃ ៣៥០០រៀល និងខ្នាតលេខ១ ក្នុង១ដើមតម្លៃ៤,៦០០រៀល។ មិនត្រឹមប៉ុណ្ណោះ ក្នុង១គ្រួសារគឺកាប់ម្តង១០០ដើមទៅ២០០ដើម ហើយប្រជាពលរដ្ឋដែលដាំឬស្សីពីងពង់ច្រើន គឺនៅស្រុករមាសហែក និងស្រុកស្វាយជ្រំ ។
តាមក្រុមឈ្មួញ បានប្រាប់ឲ្យដឹងថា ដើមឬស្សីពីងពង់ គេប្រមូលទិញយកទៅផ្គត់ផ្គង់ឲ្យសិប្បកម្មធ្វើគ្រឿងសង្ហារឹមនៅក្នុងខេត្តតៃនិញ ប្រទេសវៀតណាម ចំណែកដើមអាកាសស្យាវិញ មានមេការខ្មែរ ជាអ្នកដើរម៉ៅ ចម្ការ ពីប្រជាពលរដ្ឋ និងមន្ត្រីជំនាញ ថ្នាក់លើ លក់បន្តឲ្យឈ្មួញវៀតណាម គេដើរប្រមូលទិញ និងកាប់ផ្ទាល់តាមចម្ការ (តម្លៃម៉ៅគិតតាមចម្ការតូចឬធំ) ដោយ ដើមអាកាស្យាទាំងនេះក៏យកទៅលក់ឲ្យរោងសិប្បកម្មកែឆ្នៃធ្វើគ្រឿងសង្ហារឹមដែរ។
ពាក់ពន្ឌ័ករណីខាងលើនេះដែរ លោកស៊ូម៉ុល អភិបាលស្រុករមាសហែក បានអោយដឹងនៅព្រឹកថ្ងៃទី២០ខែមិនាឆ្នាំ២០២៣ ថាពិថាពិតជាមានក្រុមឈ្មួញបានដើរប្រមូលទិញដើមឬស្សីពីងពង់ប្រាកដមែន ដោយសាររដូវនេះជារដូវ ប្រមូលផលក្នុងការដាំដើមនេះ ខណះ បងប្អូនប្រជាពលរដ្ឋ មានដីទំនេរ ហើយបាននាំគ្នាដាំនៅក្នុងសហគមន៏របស់ខ្លួនដើម្បីដោះស្រាយជីវភាពគ្រួសារបានធូរមួយកម្រិត ផងដែរ។