ភ្នំពេញ : នារសៀលថ្ងៃចន្ទ ទី២០ ខែមីនា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា វិលត្រឡប់មកដលព្រះរាជាណាចក្រកម្ពុជាវិញប្រកបដោយជោគជ័យ បន្ទាប់ពីបញ្ចប់ទស្សនកិច្ចការងារ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣។
អញ្ជើញទទួលស្វាគមន៍សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងគណៈប្រតិភូកម្ពុជា នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាឱកាសនោះរួមមាន លោក សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ លោក លោកស្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង និងមន្រ្តីជាន់ខ្ពស់ នៃក្រសួង-ស្ថាប័នពាក់ព័ន្ធជាច្រើនរូបទៀត។
នាឱកាសនៃដំណើរទស្សនកិច្ចការងារនេះដែរ សម្ដេចក្រឡាហោម ស ខេង ក៏បានអញ្ជើញធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំ ស្ដីពីកិច្ចសហប្រតិបត្តិការប្រចាំឆ្នាំរវាងក្រសួងមហាផ្ទៃ និងក្រសួងសន្តិសុខសាធារណៈឡាវ ជាមួយ លោក នាយឧត្តមសេនីយ៍ វិល័យ ឡាខាំហ្វង រដ្ឋមន្រ្តីក្រសួងសន្តិសុខសាធារណៈឡាវ និងបានចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការប្រចាំឆ្នាំ២០២៣។
ជាមួយគ្នានោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក៏បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា ចូលជួបសម្ដែងការគួរសមជាមួយ លោក ថងលុន ស៊ីសុលីត ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងឯកឧត្តម សនសៃ សុផាន់ដន នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវផងដែរ៕
ដោយ ៖ សហការី