ខេត្តកំពង់ស្ពឺ៖ អភិបាលខេត្តកំពង់ស្ពឺបានស្នើសុំឱ្យកម្មករ កម្មការិនីបញ្ឈប់ការចោលសម្រាមពាសវាលពាសកាលដើម្បីជួយលើកកម្ពស់មុខមាត់និងសោភ័ណភាពខេត្តស៊ីវិល័យ។ការណ៍នេះធ្វើឡើងក្នុងជំនួបសាកសួរសុខទុក្ខនិងចែកម្សៅទឹកដោះគោដល់ស្រ្តីជាកម្មការិនីរោងចក្រស៊ីគ្លូដែលទើបសម្រាលកូនរួច ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣។ ជាការលើកឡើងរបស់អង្គភាពមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ គោរពរាយការណ៍លោករដ្ឋមន្ត្រីក្រសួងព័ត៌មាននៅរសៀលថ្ងៃនេះ។
លោក វ៉ី សំណាង បានលើកឡើងថា ខេត្តកំពង់ស្ពឺត្រូវបានគេផ្តល់រហ័សនាមថាជាខេត្តស៊ីវិល័យ ក្រោយពីខេត្តនេះបានរងការរិះគន់អស់ជាច្រើនឆ្នាំថាជាខេត្តក្រីក្រ គ្មានទ្រព្យធន។តែដោយសក្តានុពលនៃខេត្តនិងក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបាននាំមកនូវសុខសន្តិភាព ស្ថិរភាពនយោបាយ ធ្វើឱ្យអ្នកវិនិយោគទុនបានដាក់ទុនរកស៊ីនៅក្នុងខេត្តនេះ ហើយផ្តល់ឱការងារដល់កូនក្មួយប្រមាណជាង១៥ម៉ឺននាក់។ហើយតាមរយៈឱកាសការងារនេះ ដែរ បានធ្វើឱ្យជីវភាពក្រុមគ្រួសាររបស់កូនក្មួយមានភាពប្រសើរឡើងជាលំដាប់ មិនតែប៉ុណ្ណោះទៀតសោតដីធ្លីរបស់បងប្អូន កូនក្មួយក៏មានតំលៃផងដែរ។
ជាមួយនិងការលើកឡើងនេះដែរអភិបាលខេត្តកំពង់ស្ពឺលោក វ៉ី សំណាង ក៏បានស្នើសុំឱ្យបងប្អូនបញ្ឈប់ការចោលសម្រាមពាសវាលពាសកាលដែលធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់មុខមាត់និងបរិស្ថានខេត្ត ពិសេសប៉ះពាល់ដល់ភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិដែលគេមកលេងរមណីយដ្ឋានដ៏សំបូរបែបក្នុងខេត្តយើង។ហើយមួយទៀតខេត្តកំពង់ស្ពឺក៏ទើបនិងទទួលបានរំដួលពីរទងជាទីក្រុងស្អាតផងដែរ។បើម្នាក់ចោលសម្រាមឬថង់មួយនៅទីសាធារណៈ ចុះកម្មករ កម្មការិនីជាង១៥ម៉ឺននាក់តើសម្រាមនិងកើងឡើងកម្រឹតណាក្នុងមួយថ្ងៃ យើងកុំពឹងផ្អែកលើតែអ្នកបោសឬប្រមូលសម្រាម យើងគួរនាំគ្នាចូលរួមគិតគូលើបញ្ហានេះទាំងអស់គ្នា ដើម្បីលើកកម្ពស់មុខមាត់ខេត្តយើង ព្រោះថាបញ្ហាសម្រាមមិនមែនជាកាតព្វកិច្ចនរណាម្នាក់នោះទេ និយាយរួមគឺផ្តើមចេញពីយើងទាំងអស់គ្នា៕
ដោយ : សហការី