តេី? ការផឹកទឹកដូងចន្លោះម៉ោងណាល្អ​ ក្នុងបរិមាណ​២៥០-៥០០​មីលីលីត្ររាល់ថ្ងៃ ជួយការពារអ្នកពីរោគចំនួន ៣មុខ!

ចែករំលែក៖

ព័ត៌មាន​សុខភាព​៖​ យោងតាម​ប្រភព​ព័ត៌មាន​ពី​ Healthy Cambodia បានឱ្យដឹងថា​ ទឹកដូង​ គឺជាភេសជ្ជៈ និងទឹកផ្លែឈើម្យ៉ាងដែលមានគុណប្រយោជន៍ច្រើនណាស់សម្រាប់សុខភាព។ ទឹកដូងវាមានផ្ទុកទៅដោយសារធាតុ រ៉ែ អង់ស៊ីម ប៉ូតាស្យូម និងកាឡូរីទាបបំផុត ដែលមាននាទីជួយសម្រួលនិងជំនួយទៅដល់គ្រឿងក្នុង ការពារជំងឺបានយ៉ាងល្អផងដែរ​ ប្រសិនជាយើងផឹកក្នុងបរិមាណសមស្រប ត្រូវម៉ោងនិងពេលវេលារបស់វា។

តាមការចុះផ្សាយលើគេហទំព័រ indiatimes បានបញ្ជាក់ថា៖​ នៅក្នុងទឹកដូង ២៥០ មីលីលីត្រ មានផ្ទុកជាតិកាបូអ៊ីដ្រាត៩ក្រាម, ជាតិសរសៃ៣ក្រាម, ប្រូតេអ៊ីន ២ក្រាម, វីតាមីនC ១៥% ម៉ាញេស្យូម ១៧% ប៉ូតាស្យូម ១៧% សូដ្យូម ១១% និងជាតិកាល់ស្យូម ៦% ផងដែរ។ បន្ថែមពីលើនេះទៀត បរិមាណដែលសមស្របសម្រាប់មនុស្សពេញវ័យ និងមនុស្សចាស់ គួរផឹកគឺចន្លោះពី ២៥០ទៅ៥០០មីលីលីត្រក្នុងមួយថ្ងៃ គ្រប់គ្រាន់ហើយ។

យ៉ាងណា​មិញ​ ចំពោះសារធាតុទាំងអស់ដែលមានផ្ទុកនៅក្នុងទឹកដូង ត្រូវបានគេរកឃើញថាវាមានតួនាទីជួយការពារជំងឺរ៉ាំរ៉ៃ៣មុខខាងក្រោមបានយ៉ាងល្អ៖

១. បង្ការការកើតជំងឺទឹកនោមផ្អែម៖ ការស្រាវជ្រាវបានបង្ហាញថា ទឹកដូងអាចជួយកាត់បន្ថយកម្រិតជាតិស្ករនៅក្នុងឈាមបានល្អ​ ដោយសារទឹកដូងជាប្រភពនៃម៉ាញេស្យូមដែលអាចជួយបង្កើនភាពប្រែប្រួលអាំងស៊ុយលីន និងបន្ថយកម្រិតជាតិស្ករក្នុងឈាមចំពោះអ្នកដែលមានជំងឺទឹកនោមផ្អែមកម្រិតទី២ ។

២. ការពារការកើតក្រួសក្នុងតម្រងនោម៖ ការញ៉ាំទឹកដូងញឹកញាប់និងជួយបង្ការការកើតគ្រួសក្នុងតម្រងនោម។ គ្រួសក្នុងតម្រងនោមអាចកើតឡើងនៅពេលដែល កាល់ស្យូមអុកស៊ីតកម្ម​និងសមាសធាតុផ្សំផ្សេងទៀតផ្សំឡើងជាគ្រីស្តាល់នៅក្នុងទឹកនោមរបស់អ្នក ដែលវានឹងវិវត្តទៅជាគ្រួស។

ដូចនេះទឹកដូងបានការពារគ្រីស្តាល់មិនឱ្យជាប់នឹងតម្រងនោមនិងផ្នែកផ្សេងទៀតនៃបំពង់ទឹកនោមឡើយ។ ទឹកដូងជួយកាត់បន្ថយការផលិតរ៉ាឌីកាល់សេរីដែលអាចកើតឡើងដើម្បីឆ្លើយតបទៅនឹងកម្រិតជាតិអុកស៊ីតកម្មខ្ពស់នៅក្នុងទឹកនោម។

៣. ការពារជំងឺបេះដូង៖ ការទទួលទានទឹកដូងអាចជួយកាត់បន្ថយហានិ.ភ័យនៃជំងឺបេះដូង ដោយសារធាតុនៅក្នុងទឹកដូងជួយកាត់បន្ថយកូលេស្ដេរ៉ុលក្នុងឈាម និងទ្រីគ្លីសេរីត។

លើសពីនេះទៅទៀត ប្រភពសារធាតុចិញ្ចឹមនិងវីតាមីនដែលមានក្នុងទឹកដូង ដូចជាវីតាមីន A និង K និងជាប្រភពនៃវីតាមីន B ជួយទាញយកជាតិពុលចេញពីរាងកាយ ជំរុញដល់ការលូតលាស់នៃស្បែកជួយបន្ថយភាពចាស់នៃស្បែក ជួយជួសជុលនិងបណ្ដុះកោសិកាថ្មីៗសម្រាប់ស្បែក ជួយផលិតខូឡាជែន និងប្រឆាំងការខូចខាតស្បែកពីការបំផ្លាញរបស់ព្រះអាទិត្យផងដែរ។

ទន្ទឹមនឹងនេះផងដែរ ប្រសិនជាអ្នកចង់ទាញអត្ថប្រយោជន៍ខាងលើពីទឹកដូង លុះត្រាតែអ្នកផឹកវាឱ្យត្រូវទៅតាមពេលវេលាដែរ។ ពេលវេលាល្អសម្រាប់អ្នកផឹកទឹកដូងក្នុងមួយថ្ងៃមានដូចជា៖ · ផឹកនៅពេលព្រឹកក្រោយអាហារពេលព្រឹក៖ វាជួយធ្វើឱ្យអ្នកមានអារម្មណ៍ឆ្អែតបានយូរ និងជួយបង្កើនភាពស៊ាំក្នុងខ្លួនការពារជំងឺផ្សេងៗ។ 

· ផឹកក្រោយបាយពេលថ្ងៃ៖ ជួយបំពេញជាតិទឹកដល់រាងកាយ ការពារការរលាក និងការពារស្បែកពីពន្លឺព្រះអាទិត្យ។ 

· ផឹកមុនឬក្រោយពេលហាត់ប្រាណនៅពេលល្ងាច(មុនពេលចូលគេងចាប់ពី២ម៉ោងឡើងទៅ)។

គូសបញ្ចាក់ថា បើទោះជាមួយថ្ងៃអ្នកអាចផឹកបាន៣ពេលក៏ពិតមែន ប៉ុន្តែក៏មិនមែនមាន័យថាក្នុង១ពេលអ្នកត្រូវផឹកឱ្យអស់ដូង១ផ្លែនោះដែរ។ ពីព្រោះប្រសិនករណី១ថ្ងៃអ្នកផឹកដូងអស់៣ផ្លែគឺវាលើសបរិមាណកំណត់។ ដូច្នេះដើម្បីឱ្យត្រឹមត្រូវ ប្រសិនដូងមានទំហំធំអ្នកគួរផឹកតែ១ផ្លែបានហើយក្នុងមួយថ្ងៃ បើដូងតូចល្មមអ្នកអាចផឹក២ផ្លែបាន។

បញ្ជាក់៖ ទឹកដូង១ផ្លែ អ្នកអាចផឹកវាម្តងបន្តិចៗបាន បន្ទាប់ពីផឹករួចត្រូវយកវាទៅរក្សាទុកក្នុងទូរទឹកកកដើម្បីរក្សាគុណភាព ប៉ុន្តែមិនត្រូវទុកឱ្យលើសពី១ថ្ងៃឡើយ៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print