ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីមានប្រសាសន៍ថា ករណីលោក យឹម ស៊ីណន និងលោក ហ៊ុន កុសល ដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីម្សិលមិញ គឺជាការវាយប្រហារមកលើអង្គព្រះមហាក្សត្រ និងមកលើនាយករដ្ឋមន្រ្តី ដែលនេះមិនមែនជាសិទ្ធិបញ្ចេញមតិនោះទេ ។
ការបញ្ជាក់នេះ ធ្វើឡើងនៅក្នុងឱកាសដែលសម្តេចតេជោនាយករដ្ឋមន្រ្តី បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតនៃវិទ្យាស្ថានវ៉ាន់ដាចំនួន ៤.៧០៥ នាក់ ក្នុងនោះមានកម្រិតបរិញ្ញាបត្ររង និង កម្រិតបរិញ្ញាបត្រ នៅមជ្ឈមណ្ឌលសន្និបាត និង ពិព័រណ៍កោះពេជ្រ នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣។
គួរបញ្ជាក់ថា អតីតសកម្មជនក្រុមប្រឆាំង លោក យឹម ស៊ីណន និង លោក ហ៊ុន កុសល ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅល្ងាចថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ បន្ទាប់ពីបង្ហោះសារបែបញុះញង់តាមបណ្តាញសង្គមពាក់ព័ន្ធនឹងរូបភាពព្រះឆាយាល័ក្ខណ៍ព្រះមហាក្សត្រកម្ពុជា។
ព្រះឆាយាល័ក្ខណ៍ (រូបភាព) ព្រះមហាក្សត្រកម្ពុជា ព្រះរាជទានព្រះអគ្គីជ័យកីឡា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅខេត្តសៀមរាប នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣នេះ ត្រូវបានសមាជិកក្រុមប្រឆាំងមួយចំនួន យកទៅបង្ហោះបន្តបន្ទាប់វាយប្រហារតាមទស្សនៈផ្សេងៗ ដោយគ្រាន់តែយករូបភាពជ្រុងណាមួយ ហើយធ្វើការប្រៀបធៀបវាយប្រហារលើសម្តេចតេជោ ហ៊ុន សែន បណ្តាលឱ្យសាធារណជនមានការភាន់ច្រឡំ។
ស្របជាមួយនឹងយុទ្ធនាការវាយប្រហារនេះ លោក យឹម ស៊ីណន បានបង្ហោះនៅលើហ្វេសប៊ុកថា «បើតាមសំលេងពលរដ្ឋតាមហាង កាហ្វេ៖ ថ្ងៃនេះយើងអាចឃើញច្បាស់ថានរណាជាស្តេច ផែនដីពិតប្រាកដ»។
ចំណែកលោក ហ៊ុន កុសល ក៏បានបង្ហោះដែរថា៖ «ឃើញពួកគេធ្វើបាបព្រះទ័យ នឹងបន្ទាបព្រះចេស្តាព្រះមហាក្សត្រខ្មែរគ្រប់ ច្រកបែបនេះ។ ទូលបង្គំជាអ្នកនយោបាយជំនាន់ក្រោយប្តេជ្ញានឹងប្រើសមត្ថភាពដែលមានទាំងប៉ុន្មានចូលរួមពូនផ្តុំជាមួយលោកប្រធាន កឹម សុខា ការពារព្រះចេស្ដាក្សត្រ និងព្រះរាជបល្ល័ង្កដែលប្រជារាស្ត្រខ្មែរមិនអាចខ្វះបាន»៕