ព័ត៌មានសុខភាព៖ លោកអ្នកនាងគួរស្វែងយល់អំពីការធ្វេីលំហាត់ប្រាណ ព្រោះការធ្វេីលំហាត់ប្រាណខ្លះប្រសិនជាយើងហាត់ខុសកាលៈទេសៈ ហាត់ខុសរបៀប ហាត់ខុសទីតាំង វានាំឱ្យសុខភាពរបស់យើងឆាប់ទ្រុឌទ្រោមនិងងាយប្រឈមមុខជាមួយជំងឺខ្លាំងទៀតផង។ ប៉ុន្ដែប្រសិនបើលោកអ្នកធ្វេីលំហាត់ត្រឹមត្រូវតាមក្បូនខ្នាតនោះ និងមានសុខភាពល្អ ហេីយអារម្មណ៍ស្រស់ស្រាយផងដែរ។
បេីតាមការបញ្ជាក់ពីអ្នកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី បានលេីកឡេីងថា៖ លោកធ្លាប់បានណែនាំអំពីការហាត់ប្រាណដែលត្រឹមត្រូវ គឺត្រូវហាត់នៅកន្លែងណាមានធម្មជាតិស្រស់ស្រាយ និងកន្លែងដែលមានខ្យល់បរិសុទ្ធគ្មានជាតិពុល។ អ្នកគួរជៀសវាងហាត់ប្រាណតាមចិញ្ចើមផ្លូវ ដែលមានរថយន្តបើកបរឆ្លងកាត់ និងមានផ្សែងពុលច្រើន។
ត្រង់ចំណុចនេះដែរ លោកវេជ្ជបណ្ឌិតបានបញ្ជាក់ច្បាស់ៗថា “ប្រជាជនខ្មែរយើងជាច្រើនជាពិសេសអ្នកដែលរស់នៅទីក្រុងគឺចូលចិត្តដើរឬរត់ហាត់ប្រាណនៅតាមចិញ្ចើមផ្លូវ ឬតាមផ្លូវសារធារណពីព្រោះនៅតាមទីតាំងទាំងនោះងាយស្រួលឱ្យពូកគាត់ដើរឬរត់បានចម្ងាយឆ្ងាយ”។
ប៉ុន្តែពួកគាត់មិនបានគិតទៅដល់ផលប៉ះពាល់នោះទេ ការដើរឬរត់ហាត់ប្រាណនៅតាមចិញ្ចើមផ្លូវ ឬផ្លូវសាធារណដែលមានរថយន្តឆ្លងកាត់ គឺវាជាទីតាំងដែលសម្បូរទៅដោយផ្សែងពុល និងខ្យល់កង្វក់ នៅពេលដែលអ្នកដើរឬរត់ហាត់ប្រាណ គឺអ្នកបានស្រូបយកផ្សែងពុលនិងជាតិកង្វក់ទាំងនោះ ដែលបណ្តាលឱ្យចង្វាក់បេះដូងរបស់អ្នកលោតខុសធម្មតា នាំជាតិពុលចូលទៅក្នុងសួត ហើយហានិភ័យខ្លាំងចំពោះសុខភាព។
ប្រសិនជាអ្នករស់នៅទីក្រុង គ្មានទីតាំងខ្យល់ធម្មជាតិល្អសម្រាប់ហាត់ប្រាណ ជម្រើសដ៏ល្អបំផុតគឺអ្នកគួរហាត់នៅក្នុងផ្ទះ ឬទីតាំងណាដែលគ្មានរថយន្តឆ្លងកាត់ទៅមក។ មួយវិញទៀតអ្នកអាចទៅហាត់នៅតាមក្លិបហាត់ប្រាណផ្សេងៗក៏បានប្រសិនជាអ្នកមានពេល។ ហាមដាច់ខាតកុំហាត់នៅតាមផ្លូវសាធារណៈគឺវាជះផលមិនល្អច្រើនណាស់សម្រាប់សុខភាព៕ដោយ៖សហការី