ភ្នំពេញ៖ កូនចៅនិងក្មួយរបស់ខ្លួនមិនមានចំណេះដឹងអ្វីសោះ ជួយផងអាហ្នឹងចៅខ្ញុំ អាហ្នឹងកូនខ្ញុំ ហើយអត់ចេះអីសោះ បើចង់ឲ្យគេជួយត្រូវជួយខ្លួនឯងសិន អន្តរាគមន៍ទៅអ្នកនេះទៅអ្នក នោះឲ្យទៅរៀនកូនឯងទៅបង្ហោះម៉ូតូ ទៅច្រៀងខារ៉ាអូខេ ហើយបែបនេះអស់លោកឈប់អន្តរាគមន៍វាប៉ះពាល់ដល់កិតិ្តយសយើងជាឪពុក។ ថ្ងៃក្រោយចង់ឡើងជាប្រធាននាយកដ្ឋាន ប្រធាន ការិយាល័យទាល់តែប្រឡង មានអ្នកឲ្យពិន្ទុ នោះវាមិនឈឺក្បាលផង ហើយក៏មិនចាំបាច់មាន អ្នកអន្តរាគមន៍ទៀតទេ ចេះមិនចេះនៅពេលប្រឡង។
នេះគឺជាការលើកឡើងនូវការរិះគន់ទៅ លើមន្ត្រីមួយចំនួនដែលចូលចិត្តប្រើប្រាស់វប្បធម៌អន្តរាគមន៍ឲ្យគេជួយកូនចៅក្មួយប្រលងជាប់ និងទទួលបានក្របខ័ណ្ឌដោយមិនចេះអ្វីសោះ គ្មានចំណេះដឹងពេញលេញ និងបានព្រមានផង ដែរត្រូវតែបញ្ឈប់ការផ្តល់ក្របខ័ណ្ឌនោះទៀត នៅក្នុងឧិកាសសម្តេចត្រូវបានទទួលការអញ្ជើញ ជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បើកកិច្ចប្រជុំផ្សព្វផ្សាយសមាសភាពគណៈកម្មការរៀបចំមុខងារ និងកំណត់ចំនួនក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារក្រសួងមហាផ្ទៃ ដែលបានប្រព្រឹត្តធ្វើឡើងនៅព្រឹកថ្ងៃទី២៨ ខែកក្កដាឆ្នាំ២០១៥នៅសាលប្រជុំទីស្តីការក្រសួង។
សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ទៀតថា កិច្ចប្រជុំនេះបានធ្វើឡើង បន្ទាប់ពីបានពិនិត្យឃើញថាមានមន្ត្រីកំពុងបំរើការងារក្របខ័ណ្ឌក្រសួងមហាផ្ទៃមួយចំនួនមាន ការងារធ្វើច្រើនកន្លែងធ្វើឲ្យបាត់បង់ប្រសិទ្ធភាពការបំពេញការងារស្នូលក្នុងម៉ោងរដ្ឋបាលរបស់ ខ្លួននៅក្នុងអង្គភាព ហើយថ្មីៗនេះអង្គភាពប្រឆាំងអំពើពុករលួយបានរកឃើញមន្ត្រីក្រសួងមហា ផ្ទៃប្រមាណជាង១០នាក់បានប្រព្រឹត្តទង្វើបែបនោះ។
ថ្លែងក្នុងកិច្ចប្រជុំនោះ សម្តេចក្រឡាហោមបានមានប្រសាសន៍បន្តថា កន្លងមកការប្រើប្រាស់ក្របខ័ណ្ឌសម្រាប់មន្ត្រីដែលមានប្រាក់បៀវត្សន៍ច្រើន ហើយភាគច្រើនមន្ត្រីទាំងនោះមិន បានទៅបំពេញការងារខាងក្រៅនោះទេ។ ប៉ុន្តែសម្រាប់មន្ត្រីណាដែលមានបា្រក់បៀវត្សន៍តិច និងមានមុខងារត្រឹមត្រូវគឺភាគច្រើនគេបានទៅបំពេញការងាររកបា្រក់កំរ៉ៃខាងក្រៅ ដែលធ្វើឲ្យ ការបំពេញការងារស្នូលក្នុងរដ្ឋបាលរបស់ខ្លួនមិនមានប្រសិទ្ធភាព។ ដោយឡែកពាក់ព័ន្ធនិងក្របខ័ណ្ឌវិញនោះភាគច្រើនគេមើលឃើញថា អង្គភាពណា អគ្គនាយកដ្ឋានណាដែលមានលទ្ធភាព រកប្រាក់ចំណូលបានច្រើន គឺភាគច្រើនអង្គភាពនោះមានចំនួនមន្ត្រីច្រើនលើសបន្ទុក។
សម្តេច ក្រឡាហោមបន្តថា ការងារនេះយើងគ្មានលទ្ធភាពដាក់ឬដកបាននោះទេ ប៉ុន្តែការងារនោះអង្គភាព ជំនាញ និងគណៈកម្មការទទួលបន្ទុកខាងមន្ត្រីក្របខ័ណ្ឌត្រូវធ្វើការប្រមូលព័ត៌មាន ហើយអនុវត្ត ជាជំហានៗនិងទប់ស្កាត់ការហូរចូលក្របខ័ណ្ឌបន្ថែម។ សម្រាប់ការចាត់វិធានការនូវចំនួនក្របខណ្ឌរបស់មន្ត្រីនោះបានធ្វើឡើងក្នុងគោលដៅរួមមាន៖ បង្កើនប្រសិទ្ធភាពការងារស្នូលនៅក្នុង ម៉ោងរដ្ឋបាលនិងកាត់បន្ថយការចំណាយរបស់រដ្ឋ ដែលថ្ងៃណាមួយវាអាចនឹងមានផលប៉ះពាល់ ដល់ការគ្រប់គ្រងមន្ត្រីនៅថ្ងៃខាងមុខ៕ តាឡឹម