ក្រុមហ៊ុនវិស្វកម្មសំណង់ស៊ីវិលរបស់ប្រទេសចិន (CCECC) ទើបតែបានឈ្នះគម្រោងធ្វើឱ្យប្រសើរឡើងនូវកំពង់ផែអន្តរជាតិនៅកោះ Solomon ដែលមានតម្លៃរាប់លានដុល្លារ។
ទីភ្នាក់ងារសារព័ត៌មាន Reuters បានដកស្រង់សម្តីលោក Mike Qaqara មន្ត្រីនៅនាយកដ្ឋានអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធកោះ Solomon កាលពីថ្ងៃទី 22 ខែមីនាបាននិយាយថា ក្រុមហ៊ុនរដ្ឋរបស់ចិនបានឈ្នះការដេញថ្លៃសម្រាប់គម្រោងធ្វើឱ្យប្រសើរឡើងនូវកំពង់ផែអន្តរជាតិក្នុងរដ្ឋធានី Honiara (Solomon) ។
បើតាមមន្ត្រីរូបនេះ ក្រុមហ៊ុនដែលឈ្នះគឺក្រុមហ៊ុន China Civil Engineering Construction Company (CCECC)។ នេះក៏ជាក្រុមហ៊ុនតែមួយគត់ដែលចូលរួមក្នុងការដេញថ្លៃនេះ។ គម្រោងនេះត្រូវបានផ្តល់មូលនិធិដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងមានតម្លៃរាប់លានដុល្លារ។
លើសពីនេះ លោក Qaqara បានបន្ថែមថា “ក្រោមកិច្ចសន្យា ក្រុមហ៊ុននឹងធ្វើឱ្យប្រសើរឡើងនូវកំពង់ផែអន្តរជាតិចាស់នៅ Honiara និងកំពង់ផែក្នុងស្រុកចំនួនពីរនៅក្នុងខេត្ត” ។
កិច្ចព្រមព្រៀងសាងសង់កំពង់ផែនេះគឺជាផ្នែកមួយនៃគម្រោងហិរញ្ញប្បទានចំនួន 170 លានដុល្លាររបស់ ADB ដើម្បីកែលម្អផ្លូវថ្នល់និងកំពង់ផែ។ នៅឆ្នាំ 2022 CCECC បានទទួលកិច្ចសន្យាដើម្បីកែលម្អផ្លូវ។
រដ្ឋាភិបាលកោះ Solomon បាននិយាយថា “គម្រោងនេះជួយស្តារកំពង់ផែអន្តរជាតិ Honiara ចាស់ ខណៈដែលកំពុងសាងសង់កំពង់ផែក្នុងស្រុក Honiara និងកំពង់ផែខេត្តចំនួនពីរផ្សេងទៀត” ។
ការិយាល័យនាយករដ្ឋមន្រ្តី Manasseh Sogavare នៃកោះ Solomon បាននិយាយថា ចាប់តាំងពីការជំរុញការទូតរបស់ Solomon ពីតៃវ៉ាន់មកទីក្រុងប៉េកាំងក្នុងឆ្នាំ 2019 ទីភ្នាក់ងារចិនបានផ្តល់ហិរញ្ញប្បទានដល់គម្រោងហេដ្ឋារចនាសម្ព័ន្ធជាច្រើននៅក្នុងប្រជុំកោះ ហើយកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍រវាងប្រទេសទាំងពីរក៏ត្រូវបានពង្រឹងផងដែរ៕ ដោយធីរីណា
រូបថត : AFP