ក្រោយពីកាត់ថង់ទឹកប្រម៉ាត់ចេញ (Cholécystectomie) តើអ្នកជំងឺអាចពុលចំណីអាហារឬទេ?

ចែករំលែក៖

ភ្នំពេញ : ក្រោយពីកាត់ថង់ទឹកប្រម៉ាត់ចេញ (Cholécystectomie) តើអ្នកជំងឺអាចពុលចំណីអាហារឬទេ? ។ នេះជាការបញ្ជាក់ពីខាង អង្គភាព មន្ទីរពេទ្យកាល់ម៉ែត។

១) ថង់ទឹកប្រម៉ាត់ជាអ្វី? មានមុខងារអ្វីខ្លះ?

   – ថង់ទឹកប្រម៉ាត់ ជាសរីរាង្គ ដូចជាថង់តូចមួយនៅជាប់នឹងថ្លើម ប្រវែងជាមធ្យម ១០សង់ទីម៉ែត្រ តភ្ជាប់ទៅផ្លូវទឹកប្រម៉ាត់ ដែលហូរពីថ្លើមទៅពោះវៀន (Canal du cholédoque)។ 

   – វាមានមុខងារជាកន្លែងផ្ទុកទឹកប្រម៉ាត់បម្រុង ដែលបញ្ចេញដោយថ្លើម។ ទឹកប្រម៉ាត់នេះ មានមុខងារជួយសម្រួលបន្ថែមដល់ការរំលាយអាហារ និងសារធាតុខ្លាញ់មួយចំនួន។

២) មូលហេតុ ឈានដល់ការកាត់ថង់ទឹកប្រម៉ាត់៖

   – ការរលាកថង់ទឹកប្រម៉ាត់ដោយមេរោគ ឬដុំគ្រួស (Cholécystite alithiasique ou lithiasique )

   – ដុះគ្រួសនៅផ្លូវទឹកប្រម៉ាត់ចម្បង (Calculs des voies biliaires principales)

   – ការដុះដុំសាច់ (Polype vésiculaire)

   – ជំងឺមហារីកថង់ទឹកប្រម៉ាត់ (Cancer de la vésiculaire biliaire)

៣) តើមានអ្វីកើតឡើងបន្ទាប់ពីកាត់ថង់ទឹកប្រម៉ាត់ចេញ (Cholécystectomie) ?

   – ក្រោយពីកាត់ថង់ទឹកប្រម៉ាត់ចេញ ថ្លើមនៅតែបញ្ចេញទឹកប្រម៉ាត់ដូចធម្មតា ទៅកាន់ពោះវៀន ដើម្បីរំលាយអាហារ។ គ្រាន់តែគ្មានការបម្រុងទុកប៉ុណ្ណោះ។

   – បន្ទាប់ពីកាត់ថង់ទឹកប្រម៉ាត់ចេញ ខ្លួនយើងបានបង្កើតបាតុភូតសម្របសម្រួលមួយឡើង (Phénomène de compensation) ។ ផ្លូវទឹកប្រម៉ាត់ ដែលភ្ជាប់ពីថ្លើមទៅពោះវៀន រីកធំជាងមុនបន្តិច ដើម្បីឆ្លើយតបទៅនឹងបាតុភូតនេះ។

បញ្ជាក់៖ អ្នកជំងឺគ្រប់រូប ក្រោយពីកាត់ថង់ទឹកប្រម៉ាត់ចេញ គាត់អាចបរិភោគចំណីអាហារបានដូចធម្មតា ដោយគ្មានការពុល ឬផលប៉ះពាល់អ្វីផ្សេងឡើយ។

«ប្រសិនបើលោកអ្នក មានបំណងទទួលបានព័ត៌មានលំអិតបន្ថែម អំពីជំងឺនៅថង់ទឹកប្រម៉ាត់ ឫមានរោគសញ្ញាផ្សេងៗពាក់ពន្ធ័ថង់ទឹកប្រម៉ាត់ ដូចជាចុកឆ្អល់ ឈឺក្នុងពោះ ក្តៅខ្លួន ឬមានលឿងជាដើម សូមអញ្ជើញមកពិគ្រោះជាមួយក្រុមវេជ្ជបណ្ឌិតឯកទេសជំនាញនៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីស្វែងរកមូលហេតុពិតប្រាកដ និងឈានទៅរកវិធីសាស្ត្រព្យាបាលឲ្យបានត្រឹមត្រូវ។»

...

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print