ភ្នំពេញ ៖ សង្ស័យតែតៃកុងស្រវឹងស្រា ខណៈបានបើករថយន្តម៉ាក fortuner ពាក់ផ្លាកលេខរដ្ឋ មួយគ្រឿងបណ្ដាលឲ្យធ្លាក់ចូលក្នុងប្រឡាយទឹកបឹងសាឡាងក្រឡាប់ផ្ងារជើង កាលពីវេលាម៉ោង ១២និង ៥០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ២៣ខែមិនាឆ្នាំ ២០២៣ស្ថិតនៅតាមបណ្ដោយផ្លូវលូប្រឡាយលូបឹងសាឡាង ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា មុនកើតហេតុគេឃើញរថយន្តម៉ាកfortunerមួយគ្រឿង ពណ៌ស ពាក់ផ្លាកលេខ រដ្ឋ 17 2.7117 បើកបរដោបុរសម្នាក់ធ្វើដំណើរចេញពីផ្លូវលំមួយខ្សែរ ទិសដៅពីត្បូងមកជើងក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ ស្រាប់តែរេចង្កូតធ្លាក់ចូលទៅក្នុងប្រឡាយទឹកលូបឹងសារឡាង បណ្តាលឱ្យរថយន្តក្រឡាប់ផ្ងារជើងខូចខាតយ៉ាងដំណំ ចំណែកម្ចាស់រថយន្តត្រូវបានប្រជាពលរដ្ឋជិតខាងជួយបានឡើងមកលើគោកវិញមិនមានរងរបួសនោះទេ ហើយក៏បានដើរគេចពីកន្លែងកើតហេតុបាត់ស្រមោលផងដែរ ។
ក្រោយកើតហេតុ អាជ្ញាធរមូលដ្ឋានមេីលឃើញស្ថានភាពមិនប៉ះពាល់ទៅលើមនុស្សនិងមិនប៉ះពាល់ទៅលើទ្រព្យសម្បត្តិរដ្ឋឱ្យក៏ម្ចាស់រថយន្តទាក់ទងទៅរថយន្តស្ទូចមកស្ទូចយករថយន្តរបស់ខ្លួនទៅជួសជុលដោយខ្លួនឯង៕ដោយ ៖ ភារ៉ា ដង្កោ