ភ្នំពេញ : សកម្មជនអភិរក្សព្រៃឈើ និងសត្វព្រៃ លោក Tan Kimsour នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ បានបង្ហោះលើ facebook ផ្លូវការថា, (ស្លុតចិត្ត បើមិនហិនហោចទេ ទើបជារឿងចម្លែក) ក្នុងនោះលោកបង្ហាញនូវភាព ការឈូសឆាយ ទន្រ្ទានដីព្រៃជាច្រើនសន្លឹក ដែលលោកបានចុះទៅដល់ ។
លោក Tan Kimsour បានថ្លែងថា, ត្រូវហើយដែលប្រជាជនដៀលថា «ធ្វើបានតែជាមួយប្រជាជនតូចតាច ជាមួយធំ អ្ននមានលុយ អ្នកមានអំណាចឈូសឆាយ ទន្ទ្រានដីព្រៃ តាន់ គឹមសួរមិនដែលហ៊ានក្អកទេ» ឥលូវក្អកហើយ មិនដឹងយ៉ាងម៉េចយ៉ាងម៉ាទេ ម៉េចៗជួយធ្វើបុណ្យឲ្យផង។
លោកបន្តថា ,ក្រោយពីចុះបំពេញបេសកកម្មចុះពិនិត្យ និងល្បាតព្រៃជាមួយបងៗមន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃ ជាលទ្ធផលពួកយើងប្រទះឃើញដីព្រៃរាប់រយរាប់ពាន់ហិកតាដែលស្ថិតនៅទីតាំងច្រកអេក ភូមិស្រែកិន ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលមាននិយាមការលេខ 11.98433, 104.11819 ត្រូវបានអ្នកមានលុយ មានអំណាច (បើមិនមានលុយ គឺមិនអាចយកគ្រឿងចក្រមកឈូសមកឆាយបែបនេះទេ បើមិនមានអំណាច គឺមិនហ៊ានមកធ្វើទាំងបំពានបែបនេះដែរ) រំលោភបំពានយ៉ាងអនាធិបតេយ្យជាទីបំផុត ពួកអស់លោកទាំងនេះហាក់មិនមានការខ្លាចរអានឹងច្បាប់អ្វីបន្តិចទាល់តែសោះ។
ខ្ញុំចង់សួរថាដីព្រៃទាំងអស់នេះ គឺជាដីព្រៃរបស់ម៉ែឪអស់លោកឯងទុកឲ្យមែនទេ បានជាខំព្រហើនបំពានសម្បើមម្ល៉េស?
លោក Tan Kimsour លើកថា, សូមលោកប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ ជាពិសេសឯកឧត្ដមអភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ វ៉ី សំណាង មេត្តាជួយពិនិត្យបញ្ហានេះផង ហើយចាប់ជនបង្កទាំងអស់នេះយកទៅដាក់ទោសតាមផ្លូវច្បាប់ឲ្យខានតែបាន បើមិនដូច្នោះទេ វាហាក់ដូចជារឿងមួយមិនស្មើភាពទេសម្រាប់ប្រជាជនស្លូតត្រង់នៅតំបន់នោះ🙏🙏🙏។
លោក Tan Kimsour ធ្លាប់និយាយថា, ខ្ញុំមានគម្រោងរៀបចំយុទ្ធនាការដើរជុំវិញភ្នំឱរ៉ាល់ រយៈចម្ងាយ១៩០គីឡូម៉ែត្រ ឆ្លងកាត់៣ខេត្ត ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង និងខេត្តពោធិសាត់។
គោលបំណង៖
-បង្ហាញឆន្ទៈទៅរាជរដ្ឋាភិបាល និងមហាជនដើម្បីស្នើសុំដាក់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ទៅជាឧត្យានជាតិភ្នំឱរ៉ាល់។
-ស្នើសុំដើម្បីធ្វើផ្លូវដែលអាចជិះកង់ជុំវិញភ្នំឱរ៉ាល់។
-ទាញចំណាប់អារម្មណ៍គ្រប់គ្នាឲ្យងាកមកចូលរួមខ្វាយខ្វល់អំពីសម្បត្តិធនធានធម្មជាតិភ្នំឱរ៉ាល់ដែលកំពង់តែបាត់បង់បន្តិចម្ដងៗ។
-ផ្សព្វផ្សាយអំពីផលប៉ះពាល់នៃការបំផ្លាញព្រៃឈើ និងបញ្ជ្រាបការយល់ដឹងពាក់ព័ន្ធអំពីសារប្រយោជន៍ព្រៃឈើដល់ប្រជាជនតាមតំបន់។
សង្ឃឹមថានឹងមានអ្នកចូលរួមច្រើនក្នុងការធ្វើយ៉ាងណាឲ្យគម្រោងមួយនេះទទួលបានជោគជ័យ🙏🙏🙏 ៕
ដោយ : សិលា