ប្រជាពលរដ្ឋនៅស្រុកតាំងគោកដាំដំណាំច្រើនមុខដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ កាត់បន្ថយការធ្វើចំណាកស្រុក

ចែករំលែក៖

ខេត្តកំពង់ធំ÷ជំនាន់ដើមមានតែប្រជាពលរដ្ឋកសិករនៅខេត្តកំពង់ចាមប៉ុណ្ណោះដែលប្រកបរបរដាំបន្លែបង្កាគ្រប់ មុខ ជាពិសេសពោត,សណ្ដែក,ត្រប់…ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ។ ប៉ុន្តែឥឡូវនេះប្រជាកសិករនៅផ្នែកខ្លះនៅខេត្តកំពង់ធំក៏បានងាកមកប្រកបរបរដាំបន្លែបង្ការច្រើនមុខនេះដែរ។

ក្រោយពីធ្វើការប្រមូលផលស្រូវរួចមក ប្រជាកសិករនៅឃុំស្រឡៅ ស្រុកតាំងគោក បានដាំដំណាំ ដូចជាពោត ត្រប់ ត្រសក់ ត្រឡាច ដើម្បីផ្គត់ផ្គង់ជីវិភាពរស់នៅ ក្នុងការកាត់បន្ថយការនាំចូលបន្លែពីខាងក្រៅ និងគ្មានជាតិគីមីផងដែរ។ ទាំងនេះក៏ដោយសារតែនៅតំបន់នេះមានប្រភពទឹកគ្រប់គ្រាន់។

      

 អាជ្ញាធរស្រុកតាំងគោក ដឹកនាំដោយលោកហាក់ ម៉ុងហួត អភិបាលស្រុក នាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ ២០២៣ បានដឹកនាំមន្ត្រីរាជការចុះសួរសុខទុក្ខនិងពិនិត្យមើលផល ដំណាំរបស់បងប្អូនប្រជាកសិករនៅឃុំស្រឡៅ ស្រុកតាំងគោក។ នៅក្នុងការចុះសួរសុខទុក្ខនេះ​ក៏បានលើកទឹកចិត្តដល់ប្រជាកសិករទាំងអស់ ឱ្យបន្តខិតខំប្រឹងប្រែង ដាំដុះបន្លែបង្កាគ្រប់ប្រភេទ ដោយត្រូវដាំឆ្លាស់គ្នា ពោលគឺកុំដាំដំណាំដូចៗគ្នាច្រើនពេក ដែលនាំឱ្យមានការលំបាកក្នុងការរកទីផ្សារ ។

    

លោកអភិបាលស្រុកតាំងគោក បានបន្តទៀតថា ប្រជា កសិករ ដែលដាំបន្លែខាងលើ ត្រូវគិតគូរពីផលប៉ះពាល់ និងសុខភាព របស់ប្រជាពលរដ្ឋ ដែលទិញបន្លែយកទៅធ្វើម្ហូបទទួលទាន គឺត្រូវប្រើជីធម្មជាតិ មិនត្រូវប្រើគីមីនោះឡើយ។ ម្យ៉ាងវិញទៀត បើសិនជាមានករណីជួប ប្រទះនូវបញ្ហាផលប៉ះពាល់ដល់ដំណាំ ដែលកំពុងដាំដុះ ត្រូវរាយការណ៍ជូនដល់មន្រ្តីជំនាញកសិកម្មស្រុក ឱ្យចុះទៅពិនិត្យ និងរកវិធីជួយសង្គ្រោះឱ្យបានទាន់ពេលវេលាផងដែរ។ 

 ជាមួយគ្នានេះដែរលោកអភិបាលស្រុកតាំងគោក ក៏បានណែនាំដល់មន្រ្តីជំនាញទាំងអស់ ត្រូវខិតខំយកចិត្តទុក ដាក់ចុះតាមមូលដ្ឋាន ឲ្យបានញឹកញាប់ដើម្បីសួរសុខ ទុក្ខ និងតាមដានការដាំដុះរបស់ប្រជាកសិករ ហើយបើមានបញ្ហាកើតឡើង សូមរកដំណោះស្រាយជូនដល់ពួកគាត់ឱ្យទាន់ពេលវេលា។ លើសពីនេះ មន្រ្តីជំនាញ ត្រូវតែចងក្រងប្រជាពលរដ្ឋជាសហគមន៍ ងាយស្រួលក្នុងការបង្ហាត់បង្រៀនពីវិធីដាំដុះ ថែទាំ និងតាមស្តង់ដារទីផ្សារ ទើបបន្លែបង្កាទាំងនោះមានការគាំទ្រច្រើនពីអតិថិជន។ សូមបងប្អូនប្រពលរដ្ឋទាំងអស់ មេត្តាជួយគាំទ្របន្លែបង្កាដែលផលិតក្នុងស្រុក ព្រោះជាបន្លែធម្មជាតិ គ្មានសារធាតុគីមី មិនប៉ះពាល់ដល់សុខភាពនោះទេ។ 

ចំណែកប្រជាកសិករ រីករាយសប្បាយចិត្តយ៉ាងខ្លាំង និងថ្លែងអំណរគុណបំផុតពេលដែលឃើញថ្នាក់ដឹកនាំស្រុក តែងតែចុះសួរសុខទុក្ខ​ រហូតដល់កន្លែងដាំដុះបែប​នេះ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print