ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសថា កងកម្លាំងអាកាសរបស់ប្រទេសនេះបានបាញ់បង្ហោះផ្កាយរណបយោធាដោយជោគជ័យទៅកាន់គន្លងតារាវិថីកាលពីព្រឹកថ្ងៃទី២៣ ខែមីនា។
យោងតាមស្ថានីយ RT បានឱ្យដឹងថា ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសថា កងកម្លាំងអាកាសរបស់ប្រទេសនេះ បានបាញ់បង្ហោះផ្កាយរណបយោធាដោយជោគជ័យ។ ផ្កាយរណបបានហោះឡើងនៅម៉ោង 9:40 ព្រឹក (ម៉ោងក្នុងតំបន់) ពីតំបន់ Plesetsk cosmodrome ក្នុងតំបន់ Arkhangelsk ភាគខាងជើង។ សេចក្តីប្រកាសនោះបាននិយាយថា គ្រាប់រ៉ុក្កែតនោះផ្ទុកឧបករណ៍នេះ«សម្រាប់ជាប្រយោជន៍ដល់ក្រសួងការពារជាតិរុស្ស៊ី»។
នៅឆ្នាំ 2022 Plesetsk Cosmodrome គឺជាទីតាំងនៃការបាញ់បង្ហោះរ៉ុក្កែតចំនួន 13 ក្នុងចំណោម 22 ដែលធ្វើឡើងដោយប្រទេសរុស្ស៊ី។
ការបាញ់បង្ហោះផ្កាយរណបយោធាកើតឡើងចំពេលដែលការប្រឈមមុខតានតឹងរវាងរុស្ស៊ីនឹងបណ្តាប្រទេសលោកខាងលិចកាន់តែខ្លាំងឡើង ពិសេសក្រោយពេលដែលតុលាការឧក្រិដ្ឋកម្មអន្តរជាតិចេញដីកាចាប់ខ្លួនប្រធានាធិបតីពូទីនពីបទឧក្រិដ្ឋកម្មសង្គ្រាម ។ មន្ត្រីរុស្ស៊ីបានព្រមានថា បើចាប់ខ្លួនលោកពូទីន សង្គ្រាមបរមាណូនឹងកើតឡើង ហើយប្រទេសណាចាប់ខ្លួនលោកពូទីននោះប្រទេសនោះនឹងរលាយជាមិនខាន៕ ដោយធីរីណា
រូបថត : plo.vn