កម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ​ បញ្ជូនក្មេងទំនេីង​ ៤នាក់​ ទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី​

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ​ : កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ​ ​ឃាត់ក្មេងទំនេីងចំនួន០៤នាក់ ករណីហិង្សាដោយចេតនា និងធ្វើឱ្យខូចខាតដោយចេតនា ប្រព្រឹត្តកាលពីវេលាម៉ោង១៣និង៤០នាទី ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣​ នៅចំណុចភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។​ យោងតាមពាក្យបណ្តឹងជនរងគ្រោះ​ឈ្មោះ​ ថា សុធា (ពៅ) ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ៤ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ត្រី​ យ៉ាន់​ សុវណ្ណ​ មេបញ្ជាការ​មូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័​ណ​បានឱ្យដឹងថា​ ជនសង្ស័យទាំង៤នាក់​ ៖​ ១.ឈ្មោះ​ ឡាត់ ប៊ុនថង ភេទប្រុស អាយុ១៧ឆ្នាំ,​ ២.ឈ្មោះ រុន ចាន់រ៉ុង ភេទប្រុស អាយុ១៨ឆ្នាំ, ៣.​ឈ្មោះ​ វុន ចំរើន ភេទប្រុស អាយុ១៦ឆ្នាំ,​ ៤.ឈ្មោះ​ វ៉ាន់ វីន ភេទប្រុស អាយុ១៤ឆ្នាំ។ ក្មេងទំនេីងទាំង៤នាក់ មានទីលំនៅបច្ចុប្បន្នភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។​វត្ថុតាង​ រួមមាន​ ១.កាំបិតខ្វែវដងឈើប្រវែង១០៦សង់ទីម៉ែត្រ ចំនួន០១ដើម,​ ២.កាំបិតខ្វែវដងដែកប្រវែង៧២សង់ទីម៉ែត្រ ចំនួន០១ដើម,​ ៣ដុំថ្ម ចំនួន០១ដុំ។ 

លោកវរសេនីយ៍ត្រី​ យ៉ាន់​ សុវណ្ណ​ បានបន្តថា​  នៅវេលាម៉ោង១៣និង៤៩នាទី ជនរងគ្រោះបាន​ជិះម៉ូតូជាមួយបងប្អូនជីដូនមួយ​ទៅលេងផ្ទះបងប្រុសនៅម្តុំភូមិខ្លាកូនចាស់ ដើម្បីទៅចូលរួមកម្មវិធីខួបកំណើត ពេលជិះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានក្មេងស្ទាវមួយក្រុមមានគ្នាប្រហែល០៥នាក់ ពុំស្គាល់អត្តសញ្ញាណ បានស្រែកជេរនិងបក់ដៃហៅរូបខ្លួន ពេលនោះរូបខ្លួនបានបត់ម៉ូតូមកវិញដើម្បីសួរនាំ តែពុំទាន់បានសួរផង ស្រាប់តែបក្សពួកមួយក្រុមដែលបានហៅខ្លួន​ បានយកដុំថ្មវ៉ៃមកលើក្បាលរូបខ្លួន និងបានវ៉ៃគ្នាទៅវិញទៅមក ធ្វើឱ្យរូបខ្លួនមានរបួសត្រង់កញ្ចឹងក ចំនួន០១កន្លែង និងឃើញក្រុមរបស់វាទាញកាំបិតខ្វែវ ចំនួន០២ដើម មកដេញកាប់រូបខ្លួន តែកាប់មិនត្រូវហើយរូបខ្លួន និងប្អូនបានរត់ចោលម៉ូតូ ពេលនោះពួកវា បានគប់និងកាប់បំផ្លាញម៉ូតូរបស់ខ្លួនបណ្តាលឱ្យខូចខាតធ្ងន់ធ្ងរ។ 

ក្រោយពីទទួលបានពាក្យបណ្តឹង ខាងលើរួច នៅវេលាម៉ោង១៤និង០០នាទី ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ​ ចុះដល់កន្លែងកើតហេតុហើយធ្វើការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យនិងដកហូតវត្ថុតាងយកមក​សួនាំតាមនីតិវិធីនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងតែម្ដង។ 

ក្រោយឃាត់ខ្លួន​ និងសួនាំរួចក្រុមក្មេងទំនេីងទាំង៤នាក់បានឆ្លេីយសារភាពថា​ ពួកខ្លួនពិតជាបានធ្វេីកសកម្មភាព​ប្រេីហិង្សាទៅលេីជនរងគ្រោះពិតប្រាកដមែន។ ដោយផ្អែកតាមចម្លេីយសារភាព​ និងមានវត្ថុតាង​ជាក់ស្តែងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ បានកសាងសំណុំរឿងបញ្ជូនខ្លួនមកកាន់ទីបញ្ជាការដ្ឋានកងរាជអាវុធខេត្តចាត់ការបន្តតាមនីតិវិធី​។ 

លោកវរសេនីយ៍ឯក ម៉ែន​ ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ​ និងបង្ក្រាបបទល្មេីស​បានឱ្យដឹងថា​ ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ ។ 

បច្ចុប្បន្ន ក្មេងទំនេីងទាំង៤នាក់​រួមនឹងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ ​កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត​ហើយ នៅព្រឹកថ្ងៃអង្គារ​ ទី២៨​ ខែមីនា​ ឆ្នាំ​២០២៣​នេះ៕

...

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print