ភ្នំពេញ៖ ដើម្បីជំរុញលើជំនាញបច្ចេកវិទ្យាឌីជីថល ឱ្យកាន់តែទូលំទូលាយដល់សិស្សានុសិស្ស លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានប្រកាសថា៖ បច្ចេកវិទ្យាឌីជីថល ឲ្យកាន់តែទូលំទូលាយដល់សិស្សានុសិស្ស, ក្រសួងនឹងដាក់បញ្ជូលថវិកា ២០លានដុល្លារ បូកបន្ថែម ៣លានដុល្លារក្នុងមួយឆ្នាំ ដើម្បីជំរុញការសិក្សាបច្ចេកវិទ្យាឌីជីថល។
ជាក់ស្ដែងលោក ជា វ៉ាន់ដេត បានលើកឡើងបែបនេះ ក្នុងកម្មវិធីក្នុងពិធីបិទទិវាជាតិ «វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍» នៅសណ្ឋាគារភ្នំពេញ នៅល្ងាចថ្ងៃ២៩ ខែមីនា ឆ្នាំ២០២៣នេះ។
លោករដ្ឋមន្ត្រី បានថ្លែងបន្ថែមថា វិស័យបច្ចេកវិទ្យាឌីជីថលពិតជាសំខាន់ ហើយឆាប់ៗនេះសាកលវិទ្យាល័យទាំងអស់ នឹងមានប្រព័ន្ធគ្រប់គ្រងតាមបែបឌីជីថល ដែលមានទិន្នន័យមួយផ្ដល់ជូនដល់ក្រសួងអប់រំ ងាយដឹង និងគ្រប់គ្រងព័ត៌មានបានល្អ។
លោករដ្ឋមន្ត្រី បានថ្លែងបន្តថា វិស័យបច្ចេកវិទ្យាឌីជីថល នៅក្នុងប្រទេសវៀតណាម មានអ្នកបញ្ចប់ការសិក្សារហូតដល់ ១៥ម៉ឺននាក់ក្នុងមួយឆ្នាំ ប៉ុន្ដែកម្ពុជាយើងវិញមានអ្នកបញ្ចប់ការសិក្សាត្រឹមតែជាង ១ពាន់នាក់ នេះជាតួលេខមិនជាក់លាក់ ដែលអាចក្រោមនេះ ឬ លើសនេះតិចតួចតែប៉ុណ្ណោះ។
ជាមួយគ្នានោះ លោក ជា វ៉ាន់ដេត បានគូសបញ្ជាក់យ៉ាងដូច្នេះថា «កត្តាទាំងនេះហើយទើប ធ្វើឲ្យក្រសួងខិតខំផ្ដល់អាហាររូបករណ៍ ផ្នែកបច្ចេកវិទ្យាឌីជីថល រហូតជាង១ពាន់នាក់ដល់និស្សិត ហើយបន្ថែមពីនេះ ក្រសួងបានរៀបចំកម្មវិធីមួយ ដែលតម្រូវឲ្យសិស្សអាចមកទទួលថវិកាយកទៅសិក្សាសាលា ឬសាកលវិទ្យាល័យណាក៏ដោយ ឲ្យតែពួកគេបានប្រឡងជាប់ ក្នុងនោះក្រសួងបានដាក់ថវិកា ២០លានដុល្លារ បូក៣លានដុល្លារក្នុងមួយឆ្នាំបន្ថែម ដើម្បីទ្រទ្រង់ការងារសិក្សាផ្នែកបច្ចេកវិទ្យាឌីជីថល»។
ចំពោះកម្មវិធីថវិកានេះដែរ លោករដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក៏អាចស្នើសុំមូលនិធិខ្លះ ដើម្បីស្រាវជ្រាវ និងបណ្ដុះបណ្ដាលបច្ចេកវិទ្យាផ្សេងៗទៀតផងដែរ៕ដោយ៖សហការី