សម្តេចតេជោ ហ៊ុន សែន អញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោកតាឧបាសក ឌី បូ

ចែករំលែក៖

ភ្នំពេញ ៖ នៅរសៀល ថ្ងៃ១០កើត ខែចេត្រ ឆ្នាំខាល ចត្វាស័កពុទ្ធសករាជ២៥៦៦ ត្រូវ នឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោកតាឧបាសក ឌី បូ ត្រូវជាឪពុកមាបង្កើតរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលតម្កល់ធ្វើបុណ្យទក្ខិណានុប្បទាតាមប្រពៃណីព្រះពុទ្ធសាសនា នៅគេហដ្ឋានលេខ៤១-៤៣ ផ្លូវ២៦៥ សង្កាត់ទឹកល្អក៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

នៅចំពោះមុខរូបថត នៃមជ្ឈូសតម្កល់សព សម្តេចតេជោនាយករដ្ឋមន្រ្តី បានលំឱនកាយវាចាចិត្តដោយសេចក្តីគោរពកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ចំពោះវិញ្ញាណសពលោកតាឧបាសក ឌី បូ ត្រូវជាឪពុកមាដែលបានធ្វើកម្មកិរិយាលាចាកលោកយើងនេះ ទៅកាន់លោកខាងមុខ ក្នុងជន្មាយុ ១០២ឆ្នាំ ដោយជរាពាធ។ សម្តេចតេជោនាយករដ្ឋមន្រ្តី បានឧទ្ទិសវិញ្ញាណក្ខន្ធសពលោកតាឧបាសក ឌី បូ បានយោងយិតទៅចាប់បដិសន្ធិក្នុងឋានបរមសុខនិពាន្ធកុំបីឃ្លាងឃ្លាតដោយប្រការណាមួយឡើយ។ 

តាមជីវប្រវត្តិបានឪ្យដឹងថា លោកតាឧបាសក ឌី បូ ប្រសូត្រ

នៅឆ្នាំច ថ្ងៃទី៨ ខែមេសា ឆ្នាំ១៩២១ នៅក្នុងគ្រួសារកសិករ នៅភូមិពាមក្រៅ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ លោកតាមានឳពុកនាម អ៊ុច ឌី និងម្តាយនាម អ៊ុយ ម៉ប់។ លោកតាឧបាសក ឌី បូ ជាកូនទី៤ ក្នុងចំណោមបងប្អូន ៨ នាក់ ដែលរួមមានលោកយាយឌី ប៉ែត លោកតាឌី សយ លោកយាយឌី ប៉ុក លោកតា ឌី បូ លោកតា ឌី ថន លោកយាយឌី ថូ លោកយាយឌី ម៉ន និងលោកតាឌី ផាន។ លោកតាឧបាសក ឌី បូ ជាប្អូនប្រុសបង្កើតរបស់មហាឧបាសិកា ឌី ប៉ុក ដែលជាម្តាយបង្កើតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ កាលពីកុមារភាពលោកតាឧបាសក ឌី បូ ទទួលបានការសិក្សាបន្តិចបន្តួចនៅតាមវត្តអារ៉ាមនិងបានប្រកបមុខរបរជាអ្នកធ្វើស្រែចំការ និងជួញដូរ។ លោកតាមានភរិយាឈ្មោះ ទិន សេង ដែលបានទទួលមរណភាពនៅឆ្នាំ ១៩៨៧ និងមានកូនចំនួន ១២ នាក់ ក្នុងនោះមានស្រី ៣នាក់ និងប្រុស ៩នាក់ និងមានចៅសរុបចំនួន ៤៣នាក់ ចៅទួតចំនួន ៦២នាក់ និងចៅលួតចំនួន ៤នាក់។ លោកតាឧបាសក ឌី បូ បានឆ្លងកាត់ជាច្រើនសម័យកាលតាំងពីសម័យអាណានិគមបារាំង រហូតដល់សម័យព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្ន ដែលសបញ្ជាក់ថាលោកតា ពិតជាមានភាពវាងវៃប្រកបដោយការតស៊ូខ្ពស់។ ជាពិសេសនៅសម័យកម្ពុជាប្រជាធិបតេយ្យ (របបប្រល័យពូជសាសន៍ ប៉ុល ពត ៣ឆ្នាំ ៨ខែ ២០ថ្ងៃ) លោកតាត្រូវបានគេបង្ខំឱ្យធ្វើការជាទម្ងន់ បែកបាក់ក្រុមគ្រួសារ កូនចៅ ដូចប្រជាជនទូទៅនៅក្នុងប្រទេសទាំងមូលដែរ។ ជាក់ស្តែងនាពេលនោះ លោកតាបានបាត់បង់កូនប្រុស ២រូប គឺលោក ឌី គឹមសួ និងលោក ឌី សារ៉ុន ដោយបាត់ដំណឹងសូន្យឈឹងរហូតដល់ពេលបច្ចុប្បន្ននេះ។ លោកតាឧបាសក ឌី បូ ត្រូវបានបងប្អូនកូនចៅស្គាល់ថាជាបុគ្គលដែលប្រកាន់ខ្ជាប់តែអំពើល្អ មានចិត្តមេត្តាករុណា និងរស់នៅក្នុងគន្លងព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឈ។ លោកតាតែងតែជួយជ្រោមជ្រែងសាច់ញាតិនៅពេលខ្វះខាត និងអប់រំកូនចៅឱ្យដើរតាមផ្លូវសុចរិតភាព មិនថាស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។ 

លោកតាឧបាសក ឌី បូ តែងតែដឹកនាំកូនចៅធ្វើបុណ្យសន្សំកុសលក្នុងផ្លូវព្រះពុទ្ធសាសនា ដោយរួមចំណែកកសាងវត្តអារ៉ាម ទ្រទ្រង់សាសនាតាមរយៈការធ្វើបុណ្យកថិនទាន កាន់អង្គ បញ្ចុះសីមា និងបុណ្យសាសនាជាច្រើនទៀត។ លោកតាឧបាសក ឌី បូ មានសុខភាពល្អប្រសើរទោះបីមានជន្មាយុជាង ១០០ ឆ្នាំហើយក៏ដោយ។ រហូតដល់ថ្ងៃអង្គារ ១១ រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ ស្រាប់តែលោកតាបានបាត់ស្មារតី និងត្រូវបាននាំមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត។

បន្ទាប់ពីទទួលបានការព្យាបាលយ៉ាងយកចិត្តទុកដាក់ នៅបន្ទប់សង្គ្រោះបន្ទាន់បានរយៈពេល ៥ថ្ងៃ វេជ្ជបណ្ឌិតបានណែនាំឱ្យកូនចៅនាំលោកតាមកផ្ទះ ដោយសារតែលោកតាមានអាក្ការៈផ្លូវកាយប្រសើរឡើងហើយ ប៉ុន្តែលោកតានៅតែមានស្មារតីមិននឹងនរ។ ដោយមានការមើលថែយ៉ាងយកចិត្តទុកដាក់ពីកូនចៅ លោកតាបានចាប់ផ្តើមមានកម្លាំងកំ ហែងឡើងវិញ។ អស់រយៈពេលជាង២ខែ ដែលលោកតាមានសុខភាពធូរស្រាល ប៉ុន្តែជាអកុសល លោកតាបានទទួលអនិច្ចកម្មភ្លាមៗ នៅថ្ងៃព្រហស្បតិ៍ ៩កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ១១:៤៥ នាទីថ្ងៃត្រង់ ក្នុងជន្មាយុ ១០២ ឆ្នាំដោយជរាពាធ នៅខ្វះតែ ៩ថ្ងៃគត់ ឈានចូលជន្មាយុគម្រប់ ១០៣ឆ្នាំ។ 

ការទទួលអនិច្ចកម្មរបស់លោកតាឧបាសក ឌី បូ ជាការបាត់បង់ដ៏ធំធេងនូវអ្នកមានគុណ ត្រូវជា ឳពុក ជីតា ជីតាទួត ជីតាលួត និងសាច់ញាតិ ប្រកបដោយព្រហ្មវិហារធម៌ដ៏ខ្ពង់ខ្ពស់បំផុតចំពោះកូនចៅ។ សូមវិញាណក្ខន្ធលោកតាឧបាសក ឌី បូ ទៅដល់ទីឋានបរមសុខក្នុងសុគតិភពឱ្យបានស្ងប់សុខកុំបីឃ្លៀងឃ្លាតឡើយ។ សពលោកតាឧបាសក ឌី បូ ត្រូវបានកូនចៅ ចៅទួត ញាតិមិត្តជិតឆ្ងាយទាំងអស់ ប្រារព្វពិធីតម្កល់ធ្វើបុណ្យទក្ខិណានុប្បទា ៣យប់៤ថ្ងៃ ដោយគ្រោងនិងទៅបូជានៅថ្ងៃអាទិត្យទី២ ខែមេសា ឆ្នាំ២០២៣ នៅទីអារាមវត្តហានជ័យ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម៕

...


ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print