សម្តេចក្រឡាហោម ស ខេង៖ នៅតែបន្តអំពាវនាវឱ្យអាជ្ញាធរខេត្ដព្រះសីហនុ ដោះ​ស្រាយបញ្ហាដែល​នៅសេសសល់កន្លងមក ខណៈ​ដែល​កម្ពុជា​ ត្រូវបានគេយកធ្វើជាកន្លែង​ជួញដូរ​មនុស្ស

ចែករំលែក៖

ខេត្ត​ព្រះសីហនុ​៖​ ក្នុងឱកាសអញ្ជើញពិធីបិទសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២២ និង​លើកទិស​ដៅការងារ​ឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តព្រះសីហនុ នៅសណ្ឋាគារសុខា ក្រុង​ព្រះសីហនុ កាលពីរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ម្សិលមិញ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ​ បានណែនាំ​ដល់​អាជ្ញាធរខេត្ដព្រះសីហនុ ត្រូវដោះ​ស្រាយបញ្ហាដែលនៅសេសសល់កន្លងមក ព្រោះ​កម្ពុជា​ត្រូវបានគេយកធ្វើជាកន្លែង​ជួញដូរ​មនុស្ស ជួញដូរពលកម្ម។

សម្ដេចក្រឡាហោម ស ខេង បានថ្លែងថា អាជ្ញាធរខេត្ដត្រូវបន្ដធានាសុខសន្តិភាព ការការពារសុវត្ថិភាពជូន​ប្រជា​ពលរដ្ឋ ពិសេសអនុវត្តន៍គោលនយោបាយ ភូមិ ឃុំ មាន​សុវត្ថិភាព ហើយប៉ុស្តិ៍​នគរ​បាល ត្រូវពង្រឹងគុណភាពទទួលខុសត្រូវ និងមានវត្តមាន​ធ្វើការ​ជាប់ជាប្រចាំ ដើម្បីបំពេញ​ចន្លោះ​ប្រហោងដែលមានការយឺតយ៉ាវ។ សម្តេចក្រឡាហោម បាន​លើកឡើងថា ឆ្នាំ២០២២ ត្រូវបានចាត់ទុកជាឆ្នាំ អនុវត្តន៍​ច្បាប់​ជំហានដំបូង ហើយឆ្នាំ ២០២៣ អនុវត្តន៍ច្បាប់ ដើម្បីដោះស្រាយបញ្ហាប្រឈមដែល​នៅ​សេសសល់ ដើម្បីទាក់ទាញការចាប់​អារម្មពីប្រជាពលរដ្ឋ មតិជាតិ អន្តរជាតិ និងវិនិយោគចិន។

សម្ដេចក្រឡាហោម​ ស​ ខេង​ បានថ្លែងបញ្ជាក់ថា៖ «យើងខិតខំដោះស្រាយ គាំទ្រគោលការណ៍ វិធានការរបស់រាជរដ្ឋាភិបាលដោយ​ឯកភាពគ្នា​ប្រកបដោយតម្លាភាព ដើម្បីលើកស្ទួយកិត្យានុ​ភាពខេត្ត​ព្រះសីហនុ។ ដូច្នេះយើងត្រូវការគាំទ្រពីប្រទេសជាសមាជិក អង្គការដៃគូក្នុងការ​ទប់​ស្កាត់បទល្មើសឱ្យខានតែបាន ហើយនេះជាកិច្ចការអាទិភាពរបស់ខេត្តព្រះសីហនុ។ ខ្ញុំស្នើសុំ​ឱ្យ​មន្ត្រីរបស់យើងខិតខំការពារសន្តិសុខ សុវត្តិភាពការបោះឆ្នោតជ្រើសរើសថ្នាក់ដឹក​នាំមូល​ដ្ឋាន និងថ្នាក់ដឹកនាំប្រទេសជាតិ អនុវត្តន៍កិច្ចការនេះឱ្យបានល្អ រក្សាសន្តិភាព ស្ថិរភាព ការ​អភិវឌ្ឍប្រទេសរយៈពេល៥បន្តឆ្នាំ២០២៣-២០២៨ ដោយសេរី ប្រើប្រាស់សិទ្ធិក្នុងការ​បញ្ចេញ​មតិប្រកួតប្រជែងបោះឆ្នោតដោយសេរី  គ្មានអំពើហិង្សា សន្តិសុខល្អ ដើម្បីទាញការ​គាំទ្រ​ការ​បោះឆ្នោតជាផ្លូវការឱ្យទទួលបានជោគជ័យ»។ សម្ដេចក្រឡាហោម ស ខេង ក៏បានជំរុញស្នង​ការនគរបាលខេត្ត បន្តបណ្តុះ​បណ្តាល​គ្រូបង្គោល សុំ​ឱ្យគណៈបញ្ជាការឯកភាពខេត្ត ក្រុង ស្រុក រៀបចំប្រជាការពារឱ្យ​បាន​គ្រប់ភូមិ ក្នុងការការពារ​សុវត្ថិភាពភូមិរបស់យើង ពង្រឹងប៉ុស្តិ៍​នគរបាល និងប្រជាការពារ​ប្រកប​ដោយស្មារតីម្ចាស់ការ។

សម្តេចក្រឡាហោម ស ខេង បានកោតសើរសើររដ្ឋបាលខេត្ត មន្រ្តី​រាជការ និងកង​កម្លាំងប្រដាប់អាវុធបានរួមសាមគ្គីគ្នាទទួលខុសត្រូវ ហើយសមិទ្ធផល​ដែល​ទទួលបានពី​សន្និ​បាត​ជាផែនទីបង្ហាញផ្លូវសម្រាប់អនុវត្តន៍ឆ្នាំ២០២៣។ សម្ដេច​ក្រឡាហោម​ ក៏បានណែនាំ​ឱ្យ​អាជ្ញាធរខេត្ដ គប្បីយកចិត្តទុក ដាក់បន្ថែមទៀត ទោះបី​ សម្រេច​បានលទ្ធផលការងារដោះ​ស្រាយ​កង្វល់របស់រាជរដ្ឋាភិបាល ប្រជាពលរដ្ឋ ទាក់ទង​នឹងតួនាទី និងកិត្យានុភាព​របស់រដ្ឋ​បាល​ខេត្ត ក្នុងការប្រយុទ្ធប្រឆាំងឧក្រដ្ឋកម្មឆ្លងដែន បទល្មើស ជួញ​ដូរមនុស្ស ជួញដូរពលកម្ម ដែលធ្វើឱ្យប៉ះពាល់កិត្យានុភាពខេត្ត ប៉ះពាល់មុខ​មាត់ព្រះរាជា​ណា​ចក្រកម្ពុជា និងហាក់បី​រារាំង​នូវ​ការវិនិយោគ ក៏ដូចជាវិស័យទេសចរណ៍។ 

បន្ថែមពីនេះ​ សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់បន្ថែមថា ខេត្តព្រះសីហនុ ជាប៉ូលសេដ្ឋកិច្ច បើយើង​មិនបានដោះស្រាយទាន់ពេលវេលា និងធ្លាក់ក្នុងបញ្ហាធ្ងន់ធ្ងរ យើងត្រូវធ្វើកិច្ចការជាច្រើន​សម្រាប់ភ្ញៀវទេសចរ និងអ្នកវិនិយោគចិន ពួកគាត់មិនទាន់វិលមកកាន់កម្ពុជា ពិសេសខេត្ត​ព្រះសីហនុ ដោយសារវិបត្តិកូវីដ-១៩ ហើយវា​មិនមែនប៉ះពាល់ខេត្តព្រះសីហនុប៉ុណ្ណោះទេ ក៏ប៉ះពាល់ដល់ខេត្តសៀមរាប និងខេត្តផ្សេង​ទៀត។ សម្ដេចក្រឡាហោម​ បានបន្ថែមទៀតថា រាជរដ្ឋាភិបាលបានធ្វើការកែទម្រង់ដោយធ្វើការចែករំលែកទស្សនទានដោយបានរៀបចំសិក្ខាសាលានៅខេត្តព្រះសីហនុ ស្តីពីគោលនយោបាយក្របខណ្ឌ រៀបចំតាក់តែងច្បាប់ ការគ្រប់​គ្រង​រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ហើយបានដាក់ឱ្យដំណើរ​ការ​រយពេល ២០ឆ្នាំមក​ហើយ ដែលមានការកោតសរសើរគាំទ្រចែករំលែកសិទ្ធិអំណាច ធន​ធានដល់ថ្នាក់​ឃុំ សង្កាត់ ក្រុង ស្រុក ខណ្ឌ ទទួលខុសត្រូវរៀងៗខ្លួន ដែលនឹងបន្ត​ធ្វើការ​ងារ​នេះ និងត្រួត​ពិនិត្យវាយ​តម្លៃ និងឯកភាពគ្នាក្នុងរដ្ឋបាលនីមួយៗទាមទារនូវធនធានមនុស្ស​ផងដែរ។

សម្តេចក្រឡាហោម ស ខេង បានបន្តថា រដ្ឋបាលថ្នាក់ក្រោមជាតិត្រូវរក​ប្រភព​ចំណូល និងប្រើប្រាស់ប្រភពចំណូលរបស់ខ្លួនដូចជា ទី១.ចំណូលថវិការដ្ឋ ២.ចំណូលរក​ដោយ​ខ្លួន​ឯង ស្របច្បាប់ និងទី៣. ចំណូលពីសប្បុរសជន ដើម្បីឱ្យរដ្ឋបាលរបស់យើង​រឹង​មាំខ្លាំង ទន្ទឹម​នោះ​បង្កើនរបបប្រជុំរវាងក្រុមប្រឹក្សា និងគណ:អភិបាលឱ្យបានទៀងទាត់​តាម​តួនាទី ភារកិច្ច ។

ជាមួយគ្នានោះ​ លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុបានថ្លែងថា អង្គសន្និ​បាត នឹងប្រមូលយកបញ្ហាប្រឈម វិធានការដោះស្រាយ និងសំណូមពរចងក្រងជាផែនការ​សកម្មភាព និងលើកទិសដៅការងារ ដើម្បីអនុវត្តន៍ជាក់ស្តែងឆ្នាំ២០២៣ ជាមួយការបេ្តជ្ញា​ចិត្ត​រួមគ្នាថែរក្សា ការពារនូវសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពក្នុងសង្គម រួមគ្នារៀបចំពិធីបុណ្យចូលឆ្នាំប្រពៃណីខែ្មរឱ្យប្រព្រឹត្ត​ទៅដោយរលូន​សប្បាយរីករាយ។ ទន្ទឹមនេះ ចូលរួមរក្សាសុវត្ថិភាពក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំការ​ងារ​​ទេសចរណ៍​លើកទី៥១ និងវេទិកាទេសចរណ៍មេគង្គឆ្នាំ២០២៣ ការរៀបចំព្រឹត្តិការណ៍​កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលខេត្តព្រះសីហនុ​ធ្វើជា​ម្ចាស់​ផ្ទះរៀបចំកីឡា ៣ ប្រភេទ ​រួមមាន កីឡាទូកក្តោង កីឡាម៉ូតូទឹក និងកីឡាបាល់ទះលើឆ្នេរ​ខ្សាច់ ពិសេសធានាឱ្យការបោះឆ្នោតជាតិលើកទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ប្រព្រឹត្ត​ទៅ​ដោយលក្ខណៈសេរី ត្រឹមត្រូវ យុត្តិធម៌។

...

យោងតាមលទ្ធផល នៃសន្និបាតរបស់រដ្ឋបាលខេត្ត និងក្រុមការងាររាជរដ្ឋាភិបាល​ចុះ​មូលដ្ឋានខេត្តព្រះសីហនុ អង្គសន្និបាតបានឯកភាពសហការជំរុញកៀរគររកចំណូល​ស្រប​ច្បាប់ និងធ្វើការវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលរដ្ឋបាលខេត្តសម្រេចបាន​ក្នុងឆ្នាំ២០២២​កន្លងមក អាស្រ័យដោយមានការចូលរួមដឹកនាំពីក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ព្រមទាំងដោយមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា ជាពិសេស​​ក្រសួងមហាផ្ទៃ និងទទួលយកទិសដៅរបស់សន្និបាតក្រសួងមហាផ្ទៃ ជាទិសដៅ​គោលសម្រាប់អនុវត្តន៍៕ដោយ៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print