ខេត្តព្រះសីហនុ៖ ក្នុងឱកាសអញ្ជើញពិធីបិទសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តព្រះសីហនុ នៅសណ្ឋាគារសុខា ក្រុងព្រះសីហនុ កាលពីរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ម្សិលមិញ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានណែនាំដល់អាជ្ញាធរខេត្ដព្រះសីហនុ ត្រូវដោះស្រាយបញ្ហាដែលនៅសេសសល់កន្លងមក ព្រោះកម្ពុជាត្រូវបានគេយកធ្វើជាកន្លែងជួញដូរមនុស្ស ជួញដូរពលកម្ម។
សម្ដេចក្រឡាហោម ស ខេង បានថ្លែងថា អាជ្ញាធរខេត្ដត្រូវបន្ដធានាសុខសន្តិភាព ការការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ ពិសេសអនុវត្តន៍គោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ហើយប៉ុស្តិ៍នគរបាល ត្រូវពង្រឹងគុណភាពទទួលខុសត្រូវ និងមានវត្តមានធ្វើការជាប់ជាប្រចាំ ដើម្បីបំពេញចន្លោះប្រហោងដែលមានការយឺតយ៉ាវ។ សម្តេចក្រឡាហោម បានលើកឡើងថា ឆ្នាំ២០២២ ត្រូវបានចាត់ទុកជាឆ្នាំ អនុវត្តន៍ច្បាប់ជំហានដំបូង ហើយឆ្នាំ ២០២៣ អនុវត្តន៍ច្បាប់ ដើម្បីដោះស្រាយបញ្ហាប្រឈមដែលនៅសេសសល់ ដើម្បីទាក់ទាញការចាប់អារម្មពីប្រជាពលរដ្ឋ មតិជាតិ អន្តរជាតិ និងវិនិយោគចិន។
សម្ដេចក្រឡាហោម ស ខេង បានថ្លែងបញ្ជាក់ថា៖ «យើងខិតខំដោះស្រាយ គាំទ្រគោលការណ៍ វិធានការរបស់រាជរដ្ឋាភិបាលដោយឯកភាពគ្នាប្រកបដោយតម្លាភាព ដើម្បីលើកស្ទួយកិត្យានុភាពខេត្តព្រះសីហនុ។ ដូច្នេះយើងត្រូវការគាំទ្រពីប្រទេសជាសមាជិក អង្គការដៃគូក្នុងការទប់ស្កាត់បទល្មើសឱ្យខានតែបាន ហើយនេះជាកិច្ចការអាទិភាពរបស់ខេត្តព្រះសីហនុ។ ខ្ញុំស្នើសុំឱ្យមន្ត្រីរបស់យើងខិតខំការពារសន្តិសុខ សុវត្តិភាពការបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំមូលដ្ឋាន និងថ្នាក់ដឹកនាំប្រទេសជាតិ អនុវត្តន៍កិច្ចការនេះឱ្យបានល្អ រក្សាសន្តិភាព ស្ថិរភាព ការអភិវឌ្ឍប្រទេសរយៈពេល៥បន្តឆ្នាំ២០២៣-២០២៨ ដោយសេរី ប្រើប្រាស់សិទ្ធិក្នុងការបញ្ចេញមតិប្រកួតប្រជែងបោះឆ្នោតដោយសេរី គ្មានអំពើហិង្សា សន្តិសុខល្អ ដើម្បីទាញការគាំទ្រការបោះឆ្នោតជាផ្លូវការឱ្យទទួលបានជោគជ័យ»។ សម្ដេចក្រឡាហោម ស ខេង ក៏បានជំរុញស្នងការនគរបាលខេត្ត បន្តបណ្តុះបណ្តាលគ្រូបង្គោល សុំឱ្យគណៈបញ្ជាការឯកភាពខេត្ត ក្រុង ស្រុក រៀបចំប្រជាការពារឱ្យបានគ្រប់ភូមិ ក្នុងការការពារសុវត្ថិភាពភូមិរបស់យើង ពង្រឹងប៉ុស្តិ៍នគរបាល និងប្រជាការពារប្រកបដោយស្មារតីម្ចាស់ការ។
សម្តេចក្រឡាហោម ស ខេង បានកោតសើរសើររដ្ឋបាលខេត្ត មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធបានរួមសាមគ្គីគ្នាទទួលខុសត្រូវ ហើយសមិទ្ធផលដែលទទួលបានពីសន្និបាតជាផែនទីបង្ហាញផ្លូវសម្រាប់អនុវត្តន៍ឆ្នាំ២០២៣។ សម្ដេចក្រឡាហោម ក៏បានណែនាំឱ្យអាជ្ញាធរខេត្ដ គប្បីយកចិត្តទុក ដាក់បន្ថែមទៀត ទោះបី សម្រេចបានលទ្ធផលការងារដោះស្រាយកង្វល់របស់រាជរដ្ឋាភិបាល ប្រជាពលរដ្ឋ ទាក់ទងនឹងតួនាទី និងកិត្យានុភាពរបស់រដ្ឋបាលខេត្ត ក្នុងការប្រយុទ្ធប្រឆាំងឧក្រដ្ឋកម្មឆ្លងដែន បទល្មើស ជួញដូរមនុស្ស ជួញដូរពលកម្ម ដែលធ្វើឱ្យប៉ះពាល់កិត្យានុភាពខេត្ត ប៉ះពាល់មុខមាត់ព្រះរាជាណាចក្រកម្ពុជា និងហាក់បីរារាំងនូវការវិនិយោគ ក៏ដូចជាវិស័យទេសចរណ៍។
បន្ថែមពីនេះ សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់បន្ថែមថា ខេត្តព្រះសីហនុ ជាប៉ូលសេដ្ឋកិច្ច បើយើងមិនបានដោះស្រាយទាន់ពេលវេលា និងធ្លាក់ក្នុងបញ្ហាធ្ងន់ធ្ងរ យើងត្រូវធ្វើកិច្ចការជាច្រើនសម្រាប់ភ្ញៀវទេសចរ និងអ្នកវិនិយោគចិន ពួកគាត់មិនទាន់វិលមកកាន់កម្ពុជា ពិសេសខេត្តព្រះសីហនុ ដោយសារវិបត្តិកូវីដ-១៩ ហើយវាមិនមែនប៉ះពាល់ខេត្តព្រះសីហនុប៉ុណ្ណោះទេ ក៏ប៉ះពាល់ដល់ខេត្តសៀមរាប និងខេត្តផ្សេងទៀត។ សម្ដេចក្រឡាហោម បានបន្ថែមទៀតថា រាជរដ្ឋាភិបាលបានធ្វើការកែទម្រង់ដោយធ្វើការចែករំលែកទស្សនទានដោយបានរៀបចំសិក្ខាសាលានៅខេត្តព្រះសីហនុ ស្តីពីគោលនយោបាយក្របខណ្ឌ រៀបចំតាក់តែងច្បាប់ ការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ហើយបានដាក់ឱ្យដំណើរការរយពេល ២០ឆ្នាំមកហើយ ដែលមានការកោតសរសើរគាំទ្រចែករំលែកសិទ្ធិអំណាច ធនធានដល់ថ្នាក់ឃុំ សង្កាត់ ក្រុង ស្រុក ខណ្ឌ ទទួលខុសត្រូវរៀងៗខ្លួន ដែលនឹងបន្តធ្វើការងារនេះ និងត្រួតពិនិត្យវាយតម្លៃ និងឯកភាពគ្នាក្នុងរដ្ឋបាលនីមួយៗទាមទារនូវធនធានមនុស្សផងដែរ។
សម្តេចក្រឡាហោម ស ខេង បានបន្តថា រដ្ឋបាលថ្នាក់ក្រោមជាតិត្រូវរកប្រភពចំណូល និងប្រើប្រាស់ប្រភពចំណូលរបស់ខ្លួនដូចជា ទី១.ចំណូលថវិការដ្ឋ ២.ចំណូលរកដោយខ្លួនឯង ស្របច្បាប់ និងទី៣. ចំណូលពីសប្បុរសជន ដើម្បីឱ្យរដ្ឋបាលរបស់យើងរឹងមាំខ្លាំង ទន្ទឹមនោះបង្កើនរបបប្រជុំរវាងក្រុមប្រឹក្សា និងគណ:អភិបាលឱ្យបានទៀងទាត់តាមតួនាទី ភារកិច្ច ។
ជាមួយគ្នានោះ លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុបានថ្លែងថា អង្គសន្និបាត នឹងប្រមូលយកបញ្ហាប្រឈម វិធានការដោះស្រាយ និងសំណូមពរចងក្រងជាផែនការសកម្មភាព និងលើកទិសដៅការងារ ដើម្បីអនុវត្តន៍ជាក់ស្តែងឆ្នាំ២០២៣ ជាមួយការបេ្តជ្ញាចិត្តរួមគ្នាថែរក្សា ការពារនូវសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពក្នុងសង្គម រួមគ្នារៀបចំពិធីបុណ្យចូលឆ្នាំប្រពៃណីខែ្មរឱ្យប្រព្រឹត្តទៅដោយរលូនសប្បាយរីករាយ។ ទន្ទឹមនេះ ចូលរួមរក្សាសុវត្ថិភាពក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំការងារទេសចរណ៍លើកទី៥១ និងវេទិកាទេសចរណ៍មេគង្គឆ្នាំ២០២៣ ការរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលខេត្តព្រះសីហនុធ្វើជាម្ចាស់ផ្ទះរៀបចំកីឡា ៣ ប្រភេទ រួមមាន កីឡាទូកក្តោង កីឡាម៉ូតូទឹក និងកីឡាបាល់ទះលើឆ្នេរខ្សាច់ ពិសេសធានាឱ្យការបោះឆ្នោតជាតិលើកទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ប្រព្រឹត្តទៅដោយលក្ខណៈសេរី ត្រឹមត្រូវ យុត្តិធម៌។
យោងតាមលទ្ធផល នៃសន្និបាតរបស់រដ្ឋបាលខេត្ត និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ អង្គសន្និបាតបានឯកភាពសហការជំរុញកៀរគររកចំណូលស្របច្បាប់ និងធ្វើការវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលរដ្ឋបាលខេត្តសម្រេចបានក្នុងឆ្នាំ២០២២កន្លងមក អាស្រ័យដោយមានការចូលរួមដឹកនាំពីក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ព្រមទាំងដោយមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងមហាផ្ទៃ និងទទួលយកទិសដៅរបស់សន្និបាតក្រសួងមហាផ្ទៃ ជាទិសដៅគោលសម្រាប់អនុវត្តន៍៕ដោយ៖សហការី