ភ្នំពេញ៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នៅរសៀលថ្ងៃសៅរ៍ទី០១ ខែមេសា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់ទឹកស្អាតរបស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានវិនិយោគទៅលើការពង្រីកវិសាលភាពនៃការផលិតទឹកស្អាតបន្ថែមចំនួន ៣ទីតាំង ដែលមានដូចខាងក្រោម ៖
១. រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងជំហានទី១-២ សមត្ថភាពផលិតសរុប ៣៩០.០០០ម៣/ថ្ងៃ
២. រោងចក្រប្រព្រឹត្តកម្មទឹកស្អាតតាខ្មៅ សមត្ថភាពផលិត ៣០.០០០ម៣/ថ្ងៃ
៣. រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបឹងធំ សមត្ថភាពផលិត ៥.០០០ម៣/ថ្ងៃ
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានឱ្យដឹងទៀតថា នាពាក់កណ្តាលឆ្នាំ២០២៣ ខាងមុខនេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញគ្រោងនឹងសម្ភោធដាក់អោយដំណើរការជាផ្លូវការ នូវរោងចក្រផលិតទឹកស្អាតបាក់ខែងជំហានទី១ សមត្ថភាពផលិត១៩៥.០០០ម៣/ថ្ងៃ ដែលនឹងជួយកាត់បន្ថយកង្វះទឹកស្អាតប្រើប្រាស់នៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ។
បន្ថែមពីនេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ សង្ឃឹម និងជឿជាក់ថា សម្តេច ទ្រង់ អ្នកឧកញ៉ា ឯកឧត្តម លោកជំទាវ លោក-លោកស្រី មេត្តាយោគយល់អធ្យាស្រ័យ ដោយក្តីអនុគ្រោះ។
គួរជម្រាបផងដែរថា កាលពីថ្ងៃទី៣១ មីនាម្សិលមិញនេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានអំពាវនាវដល់ម្ចាស់ឧស្សាហកម្ម និងសិប្បកម្មចូលរួមសន្សំសំចៃទឹក ដើម្បីចែករំលែកទឹកស្អាតដល់ប្រជាពលរដ្ឋរស់នៅខណ្ឌ-សង្កាត់ ជាយរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ដែលកំពុងខ្វះខាតទឹកប្រើប្រាស់៕ដោយ៖សហការី