ខេត្តកោះកុង៖ កម្លាំងសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌខេត្តកោះកុងបានឃាត់ខ្លួនស្រ្តីម្នាក់តាមដីកាពីបទប្រើហិង្សាដោយចេតនានៅស្រុកបទុមសាគរ កាលពីវេលាម៉ោង១៦និង២០នាទីរសៀលនៅថ្ងៃទី០៣ ខែមេសាឆ្នាំ២០២៣នេះ។
យោងតាមមន្ត្រីផ្នែកព្រហ្មទណ្ឌ បានឱ្យដឹងថា កម្លាំងសមត្ថកិច្ចជំនាញបានចាប់ឃាត់ខ្លួនឈ្មោះ សុខ ចន្ធី ភេទស្រី អាយុ៣២ឆ្នាំ មានទីលំនៅភូមិសុវណ្ណាបៃតង ឃុំកណ្ដោល ស្រុកបទុមសាគរ ខេត្តកោះកុង តាមដីកាបង្គាប់អោយចាប់ខ្លួន លេខ៧៣០ ត.ព/២៣ ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ ចេញដោយលោក ប្រសើ រ៉នី ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកោះកុង ដែលចោទពីបទប្រើអំពើហិង្សាទៅលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត ដែលប្រព្រឹត្តនៅភូមិសុវណ្ណាបៃតង ឃុំកណ្ដោល ស្រុកបទុមសាគរ ខេត្តកោះកុង កាលពីក្នុងឆ្នាំ២០២០។
បច្ចុប្បន្ន កម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យទៅការិយាល័យជំនាញចាត់ការបន្ត ៕ដោយ៖សហការី