នគរបាលរាជធានីភ្នំពេញ បានធ្វើ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងប្រគល់ជូនពលរដ្ឋ ជាង៤ម៉ឺននាក់​ ត្រឹមរយៈពេល ៤ខែចុងក្រោយនេះ

ចែករំលែក៖

​       ភ្នំពេញ៖ បេីតាមការបញ្ជាក់របស់ឧត្តមសេនីយ៍ត្រី សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ប្រាប់អ្នកសារព័ត៌មាននៅព្រឹកថ្ងៃទី០៤​ ខែមេសា ឆ្នាំ២០២៣ នេះថា​ ត្រឹមរយៈពេល៤ខែ ពោលគឺ​ ចាប់ពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ ការចុះធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋដល់តាមភូមិ និងតាមខ្នងផ្ទះក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ បានចំនួន ៤៦,៦៣៦នាក់។

លោកឧត្តមសេនីយ៍ត្រី សាន សុខសីហា បានគូសបញ្ជាក់ថា  កម្លាំងជំនាញ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សហការជាមួយអធិការនគរបាលខណ្ឌទាំង១៤ និងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០៥ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ បានចុះធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ តាមបញ្ជារបស់ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ជូនប្រជាពលរដ្ឋតាមបណ្ដាភូមិ និងតាមខ្នងផ្ទះ។

អ្នកនាំពាក្យរូបនេះ បានបន្តថា ប្រជាពលរដ្ឋនៅតាមភូមិ សង្កាត់ទាំងអស់ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ បានបង្ហាញនូវអារម្មណ៍កក់ក្តៅ សប្បាយចិត្ត និងសូមថ្លែងអំណរគុណ ព្រមទាំងកោតសរសើរដល់ឧត្ដមសេនីយ៍ឯក ស ថេត ដែលមានគំនិតផ្តួចផ្តើម និងជំរុញឱ្យកម្លាំងចម្រុះ នៃស្នងការដ្ឋាននគរបាលភ្នំពេញ បានសហការគ្នាចុះធ្វើជូនគាត់ដល់ខ្នងផ្ទះ ឱ្យពួកគាត់ចំណេញទាំងពេលវេលា និងថវិកា។

អ្វីដែលសំខាន់ទៀតនោះ គឺបងប្អូនប្រជាពលរដ្ឋ អាចទៅធ្វើនៅពេលយប់ ដែលមិនពាក់ព័ន្ធនឹងម៉ោងការងាររបស់ពួកគាត់ ដែលមានទីតាំងខ្លះ ធ្វើរហូតដល់ម៉ោង១០យប់ គឺធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋ ទទួលបាននូវភាពងាយស្រួល។

តាមរយៈយុទ្ធនាការនេះ មន្ត្រីនគរបាលបានចុះទៅតាមខ្នងផ្ទះប្រជាពលរដ្ឋ សម្រាប់ឱ្យប្រជាពលរដ្ឋ ដែលមានបញ្ហាអត្តសញ្ញាណប័ណ្ណដូចជា៖ ត្រូវគ្រប់អាយុធ្វើអត្តសញ្ញាណប័ណ្ណ, អត្តសញ្ញាណប័ណ្ណខូចជាដើម ហើយនេះ ជាការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋជាក់ស្តែងដោយមិនរំខាន ឬចាំបាច់ឱ្យពួកគាត់ធ្វើដំណើរ ឬពិបាកស្វែងរកសេវាសាធារណៈពី មន្ត្រីនគរបាល ឬអាជ្ញាធរនោះទេ៕ ដោយ​ ៖​ ភារ៉ា​ ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print