ភ្នំពេញ ៖ ជនសង្ស័យ០២នាក់ត្រូវបានកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោធ្វេីការស្រាវជ្រាវឃាត់ខ្លួនបាននៅវេលាម៉ោង១២និង៣០នាទីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស ដោយការគាស់ទម្លុះទម្លាយ (គាស់ចម្រឹងបង្អួចចូលលួចទ្រព្យសម្បត្តិ) កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង១៦និង៥០នាទី ត្រង់ចំណុចផ្ទះលេខA១៥ ផ្លូវបេតុង ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ នាពេលកន្លងទៅ ។
សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ រស់ សុវណ្ណរាជ្យ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមន្ត្រីរាជការ មានទីលំនៅផ្ទះលេខ A១៥ ផ្លូវបេតុង ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ចំណែកជនសង្ស័យចំនួន០២នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនរួមមាន ៖ ទី១-ឈ្មោះ ព្រឿង ម៉ា
រ៉ូត ហៅ នុត ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ និងទី២-ឈ្មោះ ពៅ សីហា ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិបុរីកម្មករ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ដោយឡែកវត្ថុតាងចាប់យក៖ ១-ធុងបាស់ម៉ាកJBL ពណ៌ខ្មៅ ចំនួន០១, ២-ម៉ាស៊ីនស្កែនពណ៌ខ្មៅចំនួន០១គ្រឿង, ៣-ដំបងឬស្សីមូលប្រវែង៨៥សង់ទីម៉ែត្រចំនួន០១។
សមត្ថកិច្ចបានឱ្យដឹងទៀតថា កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង១៥និង០០នាទី ជនរងគ្រោះឈ្មោះ រស់ សុវណ្ណរាជ្យ ភេទប្រុស អាយុ២៩ឆ្នាំ បានបើកម៉ូតូសណ្តោងរ៉ឺម៉ក០១គ្រឿងម៉ាក THAICO ពណ៌ក្រហម ពាក់ផ្លាកលេខភ្នំពេញ1IV-3555 ចេញពីផ្ទះ ដើម្បីដឹកអីវ៉ាន់ឱ្យភ្ញៀវនៅបុរីពិភពថ្មី ស្ថិតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ ដោយបានបិទទ្វារនិងចាក់សោផ្ទះត្រឹមត្រូវ ។ រហូតមកដល់វេលាម៉ោង១៦និង៥០នាទី ថ្ងៃខែឆ្នាំដដែល ជនរងគ្រោះបានត្រឡប់មកផ្ទះវិញ ចាក់សោទ្វារចូលក្នុងផ្ទះស្រាប់តែឃើញសម្ភារៈដែលនៅក្នុងផ្ទះមានសភាពរាយប៉ាយ និងបាត់ទ្រព្យសម្បត្តិមាន ៖ ១-ធុងបាស់ម៉ាកJBL ពណ៌ខ្មៅចំនួន០១គ្រឿង ២-ទូរស័ព្ទដៃម៉ាកOPPO A9 ពណ៌ស្វាយចំនួន០១គ្រឿង ៣-ម៉ាស៊ីនស្កែនពណ៌ខ្មៅចំនួន០១គ្រឿង ហើយជនរងគ្រោះក៏បានដើរទៅក្រោយផ្ទះបានឃើញចម្រឹងបង្អួចត្រូវបានជនសង្ស័យមិនស្គាល់អត្តសញ្ញាណគាស់បាក់អស់ចំនួន០១ រួចជនរងគ្រោះក៏បានរាយការណ៍ប្រាប់សមត្ថកិច្ច និងដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ ។
បន្ទាប់មក សមត្ថកិច្ចក៏បានចុះទៅដល់កន្លែងកើតហេតុប្រមូលយកវត្ថុតាង ដំបងឫស្សីមូលប្រវែង៨៥សង់ទីម៉ែត្រចំនួន០១ និងឆែកមើលកាមេរ៉ាសុវត្ថិភាពដែលបំពាក់នៅជុំវិញផ្ទះរបស់ជនរងគ្រោះ កំណត់បានអត្តសញ្ញាណជនសង្ស័យ ដែលធ្វើសកម្មភាពខាងលើ។ លុះដល់ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង១២និង៣០នាទី សមត្ថកិច្ចក៏បានធ្វើការស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យ ដែលជាអ្នកធ្វើសកម្មភាពខាងលើចំនួន០២នាក់ រួមនិងវត្ថុតាងរបស់ជនរងគ្រោះនៅត្រង់ចំណុចទីលានចាក់សំរាមស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ តាមនីតិវិធី។
ក្រោយពីធ្វើការសាកសួររួច ជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា ពួកគេ (ជនសង្ស័យ) ពិតជាបានធ្វើសកម្មភាពប្រើដំបងឬស្សីមូលប្រវែង៨៥សង់ទីម៉ែត្រគាស់ចម្រឹងបង្អួចចូលលួចទ្រព្យសម្បត្តិរបស់ជនរងគ្រោះប្រាកដមែន ។
បច្ចុប្បន្ននេះ ជនសង្ស័យទាំង០២នាក់ខាងលេី ត្រូវបានសមត្ថកិច្ចជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ ធ្វេីការកសាងសំណុំរឿងដេីម្បីបញ្ចូនទៅតុលាការចាត់ការតាមច្បាប់៕ ដោយ ៖ ភារ៉ា ដង្កោ