ក្រសួងបរិស្ថានរៀបចំពិព័រណ៍កេសរកូល អបអរសាទរវេទិកាកេសរកូលជាតិលើកទី៣ ចាប់ពីថ្ងៃទី៧-៩ ខែមេសា

ចែករំលែក៖

(ភ្នំពេញ)÷ពីថ្ងៃទី០៧ ដល់ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៣ ក្រសួងបរិស្ថាន នឹងរៀបចំ “ពិព័រណ៍កេសរកូល” ដើម្បីអបអរសាទរ វេទិកា កេសរកូលជាតិលើកទី៣ និងការប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “សៀវភៅមគ្គទេសក៍ស្តីពីបន្លែនៅប្រទេសកម្ពុជា” នៅផ្សារទំនើប Aeon 1 រាជធានីភ្នំពេញ ។

 នៅចុងសប្តាហ៍នេះ ពោលគឺពីថ្ងៃទី០៧ ដល់ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៣ ក្រសួងបរិស្ថាន នឹងរៀបចំ “ពិព័រណ៍កេសរកូល” ដើម្បីអបអរសាទរ វេទិកា កេសរកូលជាតិលើកទី៣ និងការប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “សៀវភៅមគ្គទេសក៍ស្តីពីបន្លែនៅប្រទេសកម្ពុជា” នៅផ្សារទំនើប Aeon 1 រាជធានីភ្នំពេញ ។ កម្មវិធីនេះ ធ្វើឡើងក្រោមអធិបតីភាព លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិ អភិវឌ្ឍន៍ដោយចីរភាព (ក.ជ.អ.) និងដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័ន ស្ថានទូត អង្គការដៃគូ វិស័យឯកជន អ្នកជំនាញការជាតិ និងអន្តរជាតិ សិស្ស និស្សិត និងអ្នកពាក់ព័ន្ធ ។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន មានប្រសាសន៍ថា ពិព័រណ៍កេសរកូលរៀបចំឡើងក្នុងគោលបំណង ដូចជា ទី១.លើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់ និងគុណតម្លៃនៃប្រភេទកេសរកូលព្រៃ និងរុក្ខជាតិនៅកម្ពុជាសំដៅជំរុញឱ្យមានការចូលរួម និងថែរក្សាធនធាន ធម្មជាតិ និងជីវៈចម្រុះពីសាធារណជន និងអ្នកពាក់ព័ន្ធ ទី២. ពង្រឹងកិច្ចសហការរវាងស្ថាប័នរដ្ឋ និងវិស័យឯកជន ជាពិសេសគឺការកសាងបណ្តាញអ្នកស្រឡាញ់ប្រភេទកេសរកូលព្រៃដើម្បីចូលរួម និងគាំទ្រដល់ការការពារ និងការអភិរក្សកេសរកូលព្រៃកម្ពុជា ទី៣. ផ្ដល់ឱកាសដល់វិស័យឯកជនក្នុងការចូលរួមចំណែកក្នុងកិច្ចការពារ អភិរក្សធនធានធម្មជាតិ និងការគ្រប់គ្រងបរិស្ថាននៅកម្ពុជា និងទី៤. ផ្សព្វផ្សាយអំពីភាពសម្បូរបែបនៃកេសរកូលព្រៃ រុក្ខជាតិគ្រឿងទេស បន្លែ និងផ្លែឈើ ដែលមានវត្តមាននៅកម្ពុជា។ 

បើតាមអ្នកនាំពាក្យក្រសួងបរិស្ថាន នៅក្នុងពិព័រណ៍កេសរកូល ក៏មានការតាំងបង្ហាញពីប្រភេទកេសរកូលព្រៃ កេសរកូលពូជបង្កាត់ រុក្ខជាតិកម្រ រុក្ខជាតិលម្អ ផលិតផលធម្មជាតិជាច្រើនប្រភេទ ក៏ដូចជាមានការបង្ហាញម៉ូតសម្លៀកបំពាក់លម្អដោយកេសរកូល ការសម្តែងល្ខោនស្បែកតូច និងការប្រគុំតន្ត្រីក្រុមតូច ដែលអនុញ្ញាតឱ្យភ្ញៀវជាតិ-អន្តរជាតិ សិស្ស និស្សិត និងសាធារណជន អាចចូលទស្សនាដោយសេរី ។ 

លោកនេត្រ ភក្ត្រា បញ្ជាក់បន្ថែមថា នៅក្នុងពិព័រណ៍កេសរកូលនេះ មានការចូលរួមពីអ្នកលក់ផ្កា និងរុក្ខជាតិផ្សេងៗ ជាពិសេសជម្រើសនៃប្រភេទផ្កាកេសរកូលផ្សេងៗ។ ក្នុងនោះក្រសួងបរិស្ថាននឹងនាំយកកេសរកូលព្រៃមកចូលរួមបង្ហាញដែលបានសិក្សាស្រាវជ្រាវ និងបានកំណត់ប្រភេទចំនួន ជិត ២០០ប្រភេទ ដែលបច្ចុប្បន្ននេះ តាមការប៉ាន់ស្មានចំនួនកេសរកូលព្រៃមានប្រមាណជាង៥០០ប្រភេទ ស្ថិតនៅក្នុងតំបន់ជួរភ្នំក្រវាញ ភ្នំបូកគោ ។

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print