កូនស្រីពៅលោកថាក់ស៊ីន ត្រូវបានគណបក្សភឿថៃប្រកាសទទួលស្គាល់ជាបេក្ខជននាយករដ្ឋមន្ត្រីជាផ្លូវការ

ចែករំលែក៖

សារព័ត៌មាន Bloomberg នៅថ្ងៃព្រហស្បតិ៍ ទី៦ ខែមេសា ឆ្នាំ២០២៣ បានផ្សាយថា គណបក្សភឿថៃ ដែលជាគណបក្សប្រឆាំងធំបំផុតមួយក្នុងប្រទេសថៃ បានប្រកាសទទួលស្គាល់ជាផ្លូវការហើយថាកូនស្រីពៅរបស់អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន គឺអ្នកនាង ផែថងថាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) ជាបេក្ខជននាយករដ្ឋមន្ត្រីម្នាក់នៅក្នុងចំណោមបេក្ខជន៣រូបតំណាងឱ្យគណបក្ស។

អ្នកនាង ផែថងថាន ស៊ីណាវ៉ាត្រា ត្រូវបានគណបក្សភឿថៃប្រកាសទទួលស្គាល់ជាបេក្ខជននាយករដ្ឋមន្ត្រី រួមជាមួយបេក្ខជន២នាក់ផ្សេងទៀតគឺសេដ្ឋីអចលនទ្រព្យ លោក Srettha Thavisin និងអតីតរដ្ឋមន្ត្រីយុត្តិធម៌ លោក Chaikasem Nitisiri នៅឯព្រឹត្តិការណ៍រៀបចំឡើងក្នុងទីក្រុងបាងកក កាលពីថ្ងៃពុធសប្ដាហ៍នេះ។
មានអាយុ ៣៦ឆ្នាំ អ្នកនាង ផែថងថាន បានក្លាយជាបេក្ខជននាយករដ្ឋមន្ត្រីនាំមុខគេនៅក្នុងការស្ទង់មតិជាច្រើនកន្លងមក តាមពីក្រោយដោយនាយករដ្ឋមន្ត្រីថៃសព្វថ្ងៃ លោក ប្រាយុទ្ធ ចាន់អូចា និងឧបនាយករដ្ឋមន្ត្រី លោក ប្រាវីត វង់សូវ៉ាន់ (Prawit Wongsuwan)។ ប៉ុន្តែអ្នកវិភាគខ្លះយល់ថា វាជារឿងពិបាកណាស់ដែលអ្នកនាងអាចនឹងក្លាយជានាយករដ្ឋមន្ត្រីថៃ ដោយសម្អាងលើរដ្ឋធម្មនុញ្ញបច្ចុប្បន្នដែលត្រូវបានយោធាថៃធ្វើវិសោធនកម្មកាលពីឆ្នាំ២០១៧ ដែលមានគោលដៅរារាំងមិនឱ្យត្រកូល ថាក់ស៊ីន ឡើងមកកាន់អំណាចជាថ្មីឡើងវិញ។ ក្នុងន័យនេះក្រុមអ្នកវិភាគបាននិយាយថា គណបក្សភឿថៃអាចនឹងរើសយកបេក្ខជនផ្សេងជំនួសអ្នកនាង ផែថងថាន ក្នុងករណីចាំបាច់ណាមួយ ដើម្បីបញ្ចៀសកុំឱ្យរឿងច្រំដែលកើតឡើង នោះគឺការធ្វើរដ្ឋប្រហារបណ្ដេញម្ដាយមីង គឺលោកស្រី យីងឡាក់ និងឪពុករបស់អ្នកនាងគឺលោក ថាក់ស៊ីន ចេញពីអំណាច និងត្រូវរស់នៅនិរទេសខ្លួននៅឯបរទេស។
ការបោះឆ្នោតសកលនៅក្នុងប្រទេសថៃនឹងត្រូវរៀបចំឡើងនៅថ្ងៃទី១៤ ខែឧសភាខាងមុខនេះ ដោយមានគណបក្សធំចំនួន៣ ស្ថិតនៅក្រោមការតាមដាន គឺគណបក្សភឿថៃរបស់អ្នកនាងផែថងថាន គណបក្សរបស់លោក ប្រាយុទ្ធ និងគណបក្សរបស់លោក ប្រាវីត៕ ដោយធីរីណា

រូប​ថត​ : AFP

...

រូប​ថត​ : Getty

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print