គេហទំព័រអឺរ៉ុប Euro Aciv កាលពីថ្ងៃទី១៧ ខែមិថុនា បានផ្សាយថា អគ្គរដ្ឋទូតចិនប្រចាំនៅអឺរ៉ុបបានស្នើដល់សហគមន៍នេះមិនត្រូវជ្រៀតជ្រែកចូលបញ្ហាផ្ទៃក្នុងរបស់ចិននោះឡើយ។
កាលពីសប្តាហ៍កន្លងមកក្នុងឱកាសបំពេញទស្សនកចិ្ចទៅកាន់ទីក្រុងប៉េកាំង អធិការបតីអាល្លឺម៉ងលោកស្រី Angela MerKel បង្ហាញពីការព្រួយបារម្ភស្តីពីវិវាទនៅដែនសមុទ្រចិនភាគខាងត្បូងដោយលោកស្រីបានស្នើឲ្យមានកិច្ចពិភាក្សាដើម្បីបញ្ចប់ភាពតានតឹងទាំងកិច្ចពិភាក្សាពាហុភាគី។
អគ្គរដ្ឋទូតចិនប្រចាំនៅតំបន់អឺរ៉ុបលោកស្រី Yang Yan Yi បញ្ចាក់ថា នេះជាវិវាទស្តីពីអធិបតេយ្យភាពពាក់ព័ន្ធនិងផលប្រយោជន៍របស់ចិនមិនស្ថិតនៅក្នុងក្រមខណ្ឌអង្គការសហប្រជាជាតិ ឬច្បាប់ស្តីពីដែនសមុទ្រនោះឡើយ ដូច្នេះសូមប្រទេសអឺរ៉ុបមិនត្រូវលូកដៃចូលក្នុងវិវាទនោះឡើយ។
អគ្គរដ្ឋទូតចិនបញ្ចាក់ទៀតថា អឺរ៉ុបគួរតែរក្សាជំហរនៅកណ្តាលនៅក្នុងវិវាទដោយផ្តោតទៅលើការការពារសន្តិសុខនៅតាមដែនសមុទ្រ ដូចជាការទប់ស្កាត់ចោរសមុទ្រជាដើម។ លោកស្រី យី ក៏បានចោទប្រកាន់អាមេរិកថា កំពុងតែធ្វើឲ្យមានភាពតានតឹងនៅសមុទ្រចិនភាគខាងត្បូងកាន់តែខ្លាំងឡើង។
នៅក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិននាពេលកន្លងមកអធិការបតីអាល្លឺម៉ង់ Angela Merkel លោក Li Keqiang នាយករដ្ឋមន្ត្រីចិនបានប្រកាសជាថ្មីទៀតថាចិននៅតែបន្តការទាមទារឲ្យសហភាពអ៊ឺរ៉ុបផ្តល់ឲ្យចិននូវលក្ខន្តិកៈសេដ្ឋកិច្ចទីផ្សារនៅមុនដំណាច់ចុងឆ្នាំ២០១៦ នេះ។
កាលពីខែមុនសភាអឺរ៉ុបបានប្រឆាំងចំពោះការទទួលស្គាល់លក្ខន្តិកៈចិនជាសេដ្ឋកិច្ចទីផ្សារ។ សេដ្ឋកិច្ចទីផ្សារនេះគឺជាលក្ខន្តិកៈមួយដែលសហភាពអឺរ៉ុបបានសន្យាផ្តល់ឲ្យទីក្រុងប៉េកាំងនៅដំណាច់ឆ្នាំ២០១៦ តែដាក់កំហិតឲ្យចិនគោរពចំពោះលក្ខខណ្ឌរបស់សហភាពអឺរ៉ុបដែលទាមទារឲ្យប៉េកាំងធ្វើកំណែទម្រង់រចនាសម្ព័ន្ធសេដ្ឋកិច្ចរបស់ខ្លួន។ សូមជំរាបថា ចិនបានចូលជាសមាជិកនៃអង្គការពាណិច្ចកម្មពិភពលោកក្នុងឆ្នាំ២០០១។
សម្រាប់អឺរ៉ុប ការផ្តល់លក្ខន្តិកៈសេដ្ឋកិច្ចទីផ្សារឲ្យដល់ចិននឹងធ្វើឲ្យអឺរ៉ុបលែងមានសិទ្ធិក្នុងការដាក់កំហិតលើការនាំទំនិញចិនចូលមកកាន់សហភាពអឺរ៉ុបទៀតឡើយ។ ម្យ៉ាងទៀតបញ្ហាស្តីពីការប្រគល់លក្ខន្តិកៈសេដ្ឋកិច្ចទីផ្សារចិននេះ នឹងត្រូវស្នងការអឺរ៉ុបលើកយកមកពិភាក្សាគ្នាជាថ្មីម្តងទៀតនៅចុងខែមិថុនា ឬមួយក៏នៅខែកក្កដាក្រោយ។
ចំណែកទីក្រុងប៉េកាំងវិញបានវាយតម្លៃថា «ការទទួលស្គាល់លក្ខន្តិកៈនេះគឺដោយសារតែចិនបានចូលទៅក្នុងអង្គការពាណិជ្ជកម្មពិភពលោកអស់រយៈពេល១៥ឆ្នាំមកហើយ»។
ស្របគ្នានេះដែរនាយករដ្ឋមន្ត្រីចិនលោក លីគឺឈាំង បានថ្លែងបញ្ជាក់ដែរថា ចិនក៏មិនចង់ធ្វើសង្គ្រាមពាណិជ្ជកម្មណាមួយឡើយពីព្រោះវានឹងមិនផ្តល់ផលប្រយោជន៍ឲ្យដល់នរណាមួយឡើយ៕
ប្រែសម្រួល៖ សាធី