ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅរសៀលថ្ងៃចន្ទទី១០ ខែមេសា ឆ្នាំ២០២៣នេះ នឹងអញ្ជើញជួបសំណេះសំណាល និងពិសារអាហារសាមគ្គី ជាមួយម្ចាស់សហគ្រាសធុនតូច និងមធ្យម ក៏ដូចជាអ្នកធ្វើធុរកិច្ចនៅកម្ពុជា ដែលនឹងរៀបចំធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
ក្នុងពិធីនេះដែរ ដោយមានការអញ្ជើញចូលរួមពីសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយស FASMEC, លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧហ្សាហកម្ម និងវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ អនុប្រធានកិតិ្តយស FASMEC, និងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិប្រមាណប្រាំពាន់នាក់ ដែលក្នុងនោះ រួមមានអនុប្រប្រធាន សមាជិកក្រុមប្រឹក្សាភិបាល សហការរី នៃសមាគមមូលនិធិសម្ដេចតេជោ ប្រធានសាខា FASMEC តាមបណ្តាលខេត្ត ដៃគូរអង្គការក្រៅរដ្ឋាភិបាល ធនាគារដៃគូរ ក្រុមហ៊ុនដៃគូរ និង សហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មកម្ពុជាមកពី២៥ រាជធាននី និងខេត្ត។
វិស័យនេះ បានចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងបង្កើនការងារជូនប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស។ មិនតែប៉ុណ្ណោះវិស័យសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្ម ត្រូវបានចាត់ទុកជាឆ្អឹងខ្នងសេដ្ឋកិច្ចជាតិ ដោយក្នុងនោះសហគ្រាសជាង ៩០ភាគរយ នៅកម្ពុជា គឺជាសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្ម ដែលបានផ្តល់ការងារជាង ៧០ភាគរយ ស្មើនឹងប្រមាណ ៥៨ភាគរយនៃផលិតផលក្នុងស្រុកសរុប។
បច្ចុប្បន្ននេះ សហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មកម្ពុជា មានចំនួនសរុបជាង ៧០ម៉ឺនមូលដ្ឋាន ក្នុងនោះវិស័យកម្មន្តសាលមានប្រមាណ ៧ភាគរយ ស្មើនឹងជាង ៤ម៉ឺនមូលដ្ឋាន ហើយភាគច្រើន គឺប្រភេទកែច្នៃចំណីអាហារប្រមាណជា ៨០ភាគរយ។ ក្នុងនោះរោងចក្រធុនធំ មានជិត ២ពាន់មូលដ្ឋាន។
ដោយមើលឃើញពីសារៈសំខាន់នៃសហគ្រាសធុនតូច និងមធ្យមនេះហើយ រាជរដ្ឋាភិបាលកម្ពុជា បានបញ្ចេញកញ្ចប់ថវិកាជាច្រើន ដើម្បីទ្រទ្រង់ដល់សកម្មភាពរបស់ពួកគេក្នុងកំលុងពេលជួបវិបត្តិជំងឺកូវីដ១៩។
ដើម្បីដោះស្រាយផលលំបាកបង្កដោយជំងឺកូវីដ១៩នេះ រាជរដ្ឋាភិបាលកម្ពុជា បានបញ្ចេញកញ្ចប់ថវិកាពិសេស ៥០លានដុល្លារ ដល់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម, បង្កើតគម្រោងសហហិរញ្ញប្បទានចំនួន ១០០លានដុល្លារ ក្នុងបដិភាគស្មើគ្នារវាង SME Bank និងគ្រឹះស្ថានធនាគា និងហិរញ្ញវត្ថុដែលចូលរួមចំនួន៣៣ និងផ្តល់ដើមទុន ២០០លានដុល្លារ សម្រាប់បង្កើតសាជីវកម្មធានាឥណទានកម្ពុជា។
សូមជម្រាបជូនថា ក្នុងជំនួបសំណេះសំណាល និងពិសារអាហារសាមគ្គីនៅរសៀលថ្ងៃនេះ បង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ចំពោះអ្នកធ្វើធុរកិច្ច និងជាម្ចាស់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ដែលជាវិស័យដ៏មានសារៈសំខាន់សម្រាប់សេដ្ឋកិច្ចជាតិ៕ដោយ៖សហការី