ភ្នំពេញ : ស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំនៅព្រះរាជាណាចក្រថៃឡង់ដ៍ ចេញសាររំលែកទុក្ខករណីគ្រោះថ្នាក់ចរាចរណ៍បានឆក់យកជីវិតពលករកម្ពុជាចំនួន០៨នាក់ និងអ្នករបួសចំនួន០៧នាក់ទៀត កំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ។ ខាងក្រោមនេះជាសាររំលែកទុក្ខ៖
ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសថៃឡង់ដ៍មានក្តីក្តុកក្តួលរន្ធត់ចិត្តឥតឧបមាក្រោយពីបានទទួលព័ត៌មានអំពីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយរវាងរថយន្តដឹកអ្នកដំណើរនឹងរថយន្តកុងតឺន័រ នៅខេត្តឈុនបុរី ប្រទេសថៃ នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣ ដែលបានឆក់យកជីវិតពលករកម្ពុជាចំនួន០៨នាក់ និងអ្នករបួសចំនួន០៧នាក់ទៀតកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ។
ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃសូមសម្តែងនូវការសោកស្តាយគ្មានអ្វីប្រៀបផ្ទឹមបានចំពោះមរណភាពនេះ និងសូមចូលរួមរំលែកទុក្ខដ៏សោកសង្រេងបំផុតជាមួយក្រុមគ្រួសារ សាច់ញាតិនៃសព។
សូមឧទ្ទិសបួងសួងឱ្យវិញ្ញាណក្ខន្ធសពបានទៅកាន់ទីស្ងប់សុខ និងសូមឱ្យអ្នកកំពុងសម្រាកព្យាបាលបានជាសះស្បើយឡើងវិញឆាប់បំផុត៕ ដោយ : សិលា
ដោយ : សិលា