រុស្ស៊ីសាកល្បងមីស៊ីលអន្តរទ្វីបអាចបំពាក់ក្បាលគ្រាប់បរមាណូដោយជោគជ័យ

ចែករំលែក៖

សារព័ត៌មាន AFP នៅថ្ងៃពុធ ទី១២ ខែមេសា ឆ្នាំ២០២៣ បានផ្សាយថា នៅថ្ងៃអង្គារនេះ រុស្ស៉ីបានប្រកាសថា ខ្លួនទើបទទួលជោគជ័យ ក្នុងការបាញ់តេស្តមីស៉ីលបាលិស្ទីគអន្តរទ្វីប (ICBM) ទំនើបមួយ ពោលគឺប៉ុន្មានសប្តាហ៍បន្ទាប់ពីទីក្រុងមូស្គូបានផ្អាកការចូលរួមក្នុងសន្ធិសញ្ញាគ្រប់គ្រងអាវុធនុយក្លេអ៊ែរ New START ជាមួយសហរដ្ឋអាមេរិក។

ក្រសួងការពារជាតិរុស្ស៉ីចេញសេចក្តីថ្លែងការណ៍ថា យោធារុស្ស៉ីបានបាញ់តេស្តដោយជោគជ័យនូវមីស៉ីល ICBM មួយនោះ ចេញពីប្រព័ន្ធជើងទម្រចល័តលើដីគោក នៅមូលដ្ឋានធ្វើតេស្ត កាពូស្ទីន យ៉ា (Kapustin Yar) ខណៈដែលក្បាលគ្រាប់សាកល្បងរបស់វាបានវាយប្រហារចំគោលដៅ ដែលស្ថិតនៅទីតាំងធ្វើតេស្ត សារី-សាហ្កាន (Sary-Shagan) ក្នុងប្រទេសកាហ្សាក់ស្ថានជាមួយភាពច្បាស់លាស់កម្រិតខ្ពស់។
កាលពីខែកុម្ភៈ ឆ្នាំនេះ ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀរ ពូទីន បាននិយាយថា មីស៉ីលបាលិស្ទីគអន្តរទ្វីបប្រភេទថ្មីមួយនឹងត្រូវដាក់ពង្រាយនៅក្នុងឆ្នាំនេះ។ មីស៉ីល Sarmat ឬ Satan 2 ជាមីស៉ីល ICBM ដែលមានសមត្ថភាពផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរបានច្រើន ហើយស្ថិតក្នុងចំណោមក្រុមមីស៉ីលជំនាន់ថ្មីរបស់ប្រទេសរុស្ស៉ី ដែលលោក ពូទីន ធ្លាប់បានពណ៌នាថា ជាអាវុធដែលគ្មានចំណុចខ្សោយ។
កាលពីចុងខែកុម្ភៈ លោក ពូទីន បានប្រកាសថា ទីក្រុងមូស្គូសម្រេចព្យួរការចូលរួមរបស់ខ្លួន ក្នុងសន្ធិសញ្ញា New START ដែលកំណត់ចំនួនក្បាលគ្រាប់នុយក្លេអ៊ែររបស់រុស្ស៉ីនិងអាមេរិក ខណៈកាលពីជិត៣សប្តាហ៍មុន លោកប្រធានាធិបតីរុស្ស៉ីបាននិយាយថា រូបលោកនឹងដាក់ពង្រាយអាវុធនុយក្លេអ៊ែរតាក់ទិក នៅបេឡារុសដែលជាប្រទេសជិតខាងនិងជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធ៕ ដោយធីរីណា

...

រូប​ថត​ : Tass

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print