ខេត្តស្វាយរៀង:សង្ក្រាន្តស្វាយរៀងថ្ងៃទី១ បងប្អូនប្រជាពលរដ្ឋចូលរួមរាប់ម៉ឺននាក់អនអសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ។
ជាក់ស្ដែងនៅរសៀល ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣នេះ លោក ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល អបអរសាទរជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងបើកព្រឹត្តិការណ៍សង្ក្រាន្តស្វាយរៀង។
ពិធីនេះមានការអញ្ជើញចូលរួម លោកលោកស្រី អភិបាលរងខេត្ត សមាជិកសមាជិកាក្រុមប្រឹក្សាខេត្ត មេបញ្ជការកងកម្លាំងទាំងបី ប្រធាន-អនុប្រធានអនុគណៈកម្មការសង្ក្រាន្តស្វាយរៀង និងលោក លោកស្រី តំណាងគណៈកម្មការសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង ប្រធានមន្ទីរ-អង្គភាពនានាក្នុងខេត្ត នៅក្នុងថ្ងៃទី១នេះ មានបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ ដែលបានមកចូលរួមលេងកម្សាន្តក្នុងកម្មវិធីសង្ក្រាន្តស្វាយរៀងយ៉ាងច្រេីនកុះករ។
លោក អភិបាលខេត្តបានបញ្ជាក់ថា បញ្ហារីករាលដាល នៃជំងឺកូវីដ-១៩ បានបង្កនូវផលវិបាកជាអវិជ្ជមាន យ៉ាងច្រើនដល់សង្គមជាតិរបស់យើង ទាំងលើការអភិវឌ្ឍសេដ្ឋកិច្ច សុខុមាលភាពសង្គម ប្រក្រតីភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ប៉ុន្តែរហូតមកដល់ពេលនេះ ការស្រោចវ៉ាក់សាំង ក្រោមចំណាត់ការប្រកបដោយប្រសិទ្ធភាពរបស់មេបញ្ជាការ កំពូលរបស់យើង គឺសម្ដេចតេជោ នាយករដ្ឋមន្ត្រី បានធ្វើឲ្យប្រទេសជាតិ ក៏ដូចជាខេត្តស្វាយរៀង បានវិលទៅរកប្រក្រតីភាពជីវភាពសង្គមល្អប្រសើរឡើងវិញលើគ្រប់វិស័យ និងគ្រប់ផ្នែក ហើយក៏បង្កលទ្ធភាពឲ្យយើងអាចរៀបចំនូវពិធីសង្ក្រាន្តប្រកបដោយភាពសប្បាយរីករាយឡើងវិញដូចជាពេលនេះ ។
លោកបន្តថា ផ្លែផ្កាដែលបានមកពីសុខសន្តិភាពគឺជាការបង្កលក្ខណៈឲ្យយេីងជួបជុំសប្បាយរីករាយដូចពេលនេះ ទន្ទឹមនេះជំនួសមុខឲ្យថ្នាក់ដឹកនាំខេត្ត សូមថ្លែងអំណរគុណដល់ សហភាព សហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង ដែលមានលោក ឌី វិជ្ជា ជាប្រធាន យុវជន យុវនារី នៃសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្ត ព្រមទាំងបណ្ដាមន្ទីរអង្គភាព និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានចូលរួមសហការ រៀបចំបង្កើតនូវព្រឹត្តិការណ៍ដ៏ឱឡារិកនេះ ឡើង និងសប្បុរសជនទាំងក្នុង និងក្រៅខេត្ត ដែលបានចំណាយធនធានផ្ទាល់ខ្លួន គាំទ្រកម្មវិធីនេះ៕
ដោយ៖សុ ថាន