សម្តេចតេជោ ហ៊ុនសែន រម្លឹកពី ៤៨ឆ្នាំមុនដែលសង្គ្រាម កំពុងកើតឡើងស្របពេលចូលឆ្នាំ គ្រាប់ផ្លោងបានបាញ់សន្ធប់ស្ទើរគ្រប់ខេត្ត-រាជធានី

ចែករំលែក៖

ភ្នំពេញ៖  សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានរម្លឹកពីសង្គ្រាមក្នុងសម័យ លន់ នល់ ជាពិសេសមុនការដួលរលំឆ្នាំ១៩៧៥ ដែលបានកើតឡើងស្របពេលដែលកម្ពុជាប្រារព្ធពិធីចូលឆ្នាំខ្មែរ។ សម្ដេចបានលើកឡើងថាកាលពី ៤៨ឆ្នាំមុន គ្រាប់ផ្លោងបានបាញ់សន្ធប់ស្ទើរគ្រប់ខេត្ត-រាជធានី។

ថ្លែងក្នុងពិធីបើកអង្គរសង្ក្រាន្តព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣ នៅប្រាសាទបាយ័ន ខេត្តសៀមរាប សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថាដោយសារកត្តាសន្ដិភាពបាននាំមកឱ្យកម្ពុជាអាចប្រារព្ធពិធីចូលឆ្នាំខ្មែរបានដោយរីករាយ និងរលូន ដែលខុសពីសម័យសង្គ្រាម។

សម្ដេចថា៖ «កាលពី ៤៨ឆ្នាំមុនគ្រាប់កាំភ្លើងធំបានបាញ់ចូលគ្រប់ទីក្រុង»។

គួរឱ្យដឹងផងដែរ សាធារណរដ្ឋខ្មែរបានដួលរលំនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ស្របពេលដែលកម្ពុជាបានរៀបចំពិធីចូលឆ្នាំប្រពៃណីជាតិខ្មែរ។

ការដួលរលំនៃសាធារណរដ្ឋខ្មែរបានធ្វើឱ្យកម្ពុជាឈានជើងចូលដល់របបខ្មៅងងឺត និងសង្គ្រាមរហូតដល់ឆ្នាំ១៩៩៨ ទើបអាចរកសន្ដិភាពបានឡើងវិញតាមរយៈនយោបាយឈ្នះ-ឈ្នះ របស់នាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន។ 

នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញនូវការពេញចិត្តចំពោះការរៀបចំសង្ក្រាន្តទូទាំងប្រទេសដោយថាជាភាពជោគជ័យរបស់រដ្ឋាភិបាល និងសហភាពសហព័ន្ធយុវជនកម្ពុជា។ សម្ដេចបានលើកឡើងថា ផ្ដើមចេញពីអង្គរសង្ក្រាន្តឆ្នាំ២០១៣ ពេលនេះពាក្យថាសង្ក្រាន្តត្រូវបានប្រើប្រាស់ទូលំទូលាយ និងរៀបចំឡើងពេញផ្ទៃប្រទេស។

 សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា៖ «ប្រជាជនពិតជាមានការសប្បាយរីករាយជាមួយនឹងអ្វីដែលកំពុងកើតមាន»។

សម្ដេចគិតថា អ្វីដែលអាចធ្វើបានគឺមានការរៀបចំប្រុងប្រៀបគ្រប់ទីកន្លែង ដែលសម្ដេចសង្ឃឹមថាអាជ្ញាធរគ្រប់ទីកន្លែងនឹងថែរក្សាសុវត្ថិភាពជូនប្រជាជនសប្បាយក្នុងឱកាសនៃការចូលឆ្នាំ៕ 

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print