ខេត្តសៀមរាប : ត្រឹមតែថ្ងៃទី១ប៉ុណ្ណោះ កម្មវិធីប្រណាំងរទេះគោ និងក្របីខ្មែរក្នុងបរិវេណអង្គរឃ្យុងយូ បានឆក់ទាញចំណាប់អារម្មណ៍ប្រជាពលរដ្ឋរាប់រយនាក់ឲ្យមកទស្សនាយ៉ាងកុះករ ។ នេះបើយោងតាមផេក ( ព្រឹត្តិការណ៍អង្គរសង្រ្កាន្ត Angkor Sankranta ) បានបង្ហោះនៅល្ងាចថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣។
លោក ឌិត ទីណា រដ្ឋមន្ត្រីនៃក្រសួងកសិកម្ម រុក្ខប្រមាញ់និងនេសាទ ក៏បានអញ្ជើញជាអធិបតីភាពក្នុងកម្មវិធីប្រណាំងរទេះគោ និងក្របីខ្មែរនៅឯបរិវេណអង្គរឃ្យុងយូ នាឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។
ការប្រណាំងក្នុងថ្ងៃទី១ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្តមានរហូតដល់ទៅ២៣គូ ដែលមានរទេះក្របីមានចំនួន៨គូ រទេះគោកង់រថយន្តមានចំនួន១១គូ និងរទេះគោកង់ប្រពៃណីមាន៤គូ។
អត្ថន័យនៃការប្រណាំងគោ ឬក្របីនេះ គឺចង់បង្ហាញពីប្រពៃណីទំនៀមទំលាប់នៃព្រះរាជពិធីច្រត់ព្រះនង្គ័ល ជាពិសេសគឺដើម្បីរំលឹកដល់ព្រះធរណី ដែលជួយដល់ការភ្ជួររាស់ ការដាំដំណាំ វិស័យកសិកម្ម និងជំរុញឱ្យមានការលើកទឹកចិត្តស្រលាញ់ និងថែរក្សាបរិសា្ថនក្នុងសណ្តានចិត្តរបស់ប្រជាជនខ្មែរ។
ការប្រណាំងរទេះគោក្របីក៏ជាមរតកវប្បធម៌ដូនតាខ្មែរ ដែលឆ្លុះបញ្ចាំងអំពីវិស័យកសិកម្ម និងជំរុញឱ្យមានការលើកទឹកចិត្តស្រលាញ់ និងថែរក្សាបរិសា្ថនក្នុងសណ្តានចិត្តរបស់ប្រជាជនខ្មែរ។ ជាពិសេសនេះដើម្បីបង្ហាញឲ្យកូនខ្មែរជំនាន់ក្រោយដឹងថា គោ និងក្របីជាសត្វពាហនៈ អាចជួយសម្រួលដល់ការរស់នៅតាមរយៈការធ្វើស្រែចម្ការ និងអាចចិញ្ចឹមជីវិតមនុស្សបាន។
#១០ឆ្នាំនៃស្មារតីមហាគ្រួសារខ្មែរ #AngkorSankranta
#AS10 #UYFC #ក្ដីស្រមៃនិងក្ដីសង្ឃឹម ៕
ដោយ : សហការី