ភ្នំពេញ : ក្រសួងសាធារណការនិងដឹកជញ្ជូន នៅរសៀលថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ បានបញ្ជាក់អោយដឹងថា, ការបន្តចុះគូសគំនូសចែកទ្រូងផ្លូវ អ៊ុតគំនូសសញ្ញាចរាចរណ៍ លុបសំបុកមាន់ និងស្តាប្រព័ន្ធលូ នៅតាមកំណាត់ផ្លូវជាតិ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ និងផ្តល់ភាពងាយស្រួលក្នុងការដឹកជញ្ជូនទំនិញឆ្លងកាត់
ក្រសួងសាធារណការនិងដឹកជញ្ជូន បានបន្តថា, គិតចាប់ពីថ្ងៃទី ៦-១៦ ខែមេសាឆ្នាំ២០២៣ ក្រុមការងារបច្ចេកទេស នៃមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកែប បាត់ដំបង កំពង់ចាម ព្រះវិហារ បន្ទាយមានជ័យ រតនគិរី ត្បូងឃ្មុំ និងរាជធានីភ្នំពេញ បានខិតខំប្រឹងប្រែងយកចិត្តទុកដាក់យ៉ាងសកម្ម ដោយបានចុះគូសគំនូសចែកទ្រូងផ្លូវ អ៊ុតគំនូសសញ្ញាចរាចរណ៍ លាបថ្នាំបង្គោលគីឡូម៉ែត្រ ប៉ះចិញ្ចើមផ្លូវ លុបសំបុកមាន់ និងធ្វើប្រព័ន្ធលូ លើកំណាត់ផ្លូវជាតិមួយចំនួនរួមមាន៖ ផ្លូវលេខ៣៣A លេខ៥ លេខ៥៧B លេខ៥៧B២ លេខ៧ លេខ៧០ លេខ៧១ លេខ៥ លេខ៦ លេខ៥៦D លេខ៧៦ លេខ៧៨ លេខ៧៨-៥ លេខ៨ លេខ៧២ ដោយបានបន្តការជួសជុលថែទាំ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ផ្តល់ភាពងាយស្រួលក្នុងការដឹកជញ្ជូនទំនិញឆ្លងកាត់ និងចំណេញពេលវេលា។
ទន្ទឹមនឹងផ្លូវថ្នល់ស្អាតល្អ សូមបងប្អូនប្រជាពលរដ្ឋ កុំបំពានយកដីចំណីផ្លូវមកធ្វើអាជីកម្មដើម្បីប្រយោជន៍ផ្ទាល់ខ្លួន ជៀសវាងការចាក់ដីខ្ពស់ជាងផ្លូវ និងកុំដឹកទំនិញលើសទម្ងន់ ដើម្បីរក្សាផ្លូវថ្នល់ឱ្យមានភាពល្អប្រសើរ និងអាចប្រើប្រាស់បានយូរអង្វែង។
ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំថោះ សូមឱ្យការធ្វើដំណើរបស់បងប្អូនប្រជាពលរដ្ឋ ប្រកបដោយសុខសុវត្ថិភាព។
ប្រសិនបើមានបញ្ហាផ្លូវថ្នល់ខូចខាតក្លាយជាជង្ហុកសំបុកមាន់ សូមបងប្អូនប្រជាពលរដ្ឋទាញយកកម្មវិធីថែទាំផ្លូវ (Road Care) និងរាយការណ៍មកក្រសួងដើម្បីអាចចាត់ក្រុមការងារចុះជួសជុល ថែទាំបានទាន់ពេលវេលា៕
ដោយ : សហការី