ភ្នំពេញ : តាមរបាយការណ៍ទទួលបានពីមន្ទីរទេសចរណ៍រាជធានី ខេត្ត បានឲ្យដឹងថា៖ សម្រាប់ថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ មានភ្ញៀវទេសចរដើរលេងកម្សាន្តនៅតំបន់ទេសចរណ៍ និងរមណីយដ្ឋានទេសចរណ៍នានានៅទូទាំងប្រទេសសរុបចំនួន ៤,២៣៧,៧៨០នាក់ ក្នុងនោះភ្ញៀវជាតិ៤,២១៩,០២១នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង១៨,៧៥៩នាក់។
គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖
* ខេត្តសៀមរាប ៦៥៣,៦៧៩នាក់
* ខេត្តកំពង់ចាម ៥១៥,១២៩នាក់
* ខេត្តកំពត ៤០៤,០៥៨នាក់
* ខេត្តបាត់ដំបង ៤០០,២៧៣នាក់
* រាជធានីភ្នំពេញ ៣២៦,៣២៧នាក់
* ខេត្តស្វាយរៀង ២៧៨,២០៦នាក់
* ខេត្តកំពង់ឆ្នាំង ២៣៩,៥៩០នាក់
* ខេត្តបន្ទាយមានជ័យ ២២០,៥៧៧នាក់
* ខេត្តកំពង់ស្ពឺ ២០២,១៦២នាក់។
ជាការកត់សម្គាល់ ៖
ចរន្តភ្ញៀវនាថ្ងៃចូលឆ្នាំប្រពៃណីជាតិថ្ងៃទី២នេះ មានភាពផុសផល និងកុះករកាន់តែច្រើនធៀបនឹងថ្ងៃទី១ម្សិលមិញ បើទោះបីអាកាសធាតុមានភ្លៀងធ្លាក់នៅតំបន់មួយចំនួនក៏ដោយ។ ជាក់ស្តែង តួលេខថ្ងៃទី២នេះមានការកើនឡើងរហូតដល់ប្រមាណ១០១.៩៤% ធៀបនឹងថ្ងៃចូលឆ្នាំទី១។ សរុបទាំង២ថ្ងៃ ភ្ញៀវសរុបមានចំនួនប្រមាណ៦,៣៣៦,២៨១នាក់។
ចំនួនភ្ញៀវទេសចរដ៏ច្រើនក្នុងថ្ងៃទី២នេះ គឺដោយសារបងប្អូនប្រជាពលរដ្ឋបានចេញដើរកម្សាន្តគ្រប់ទិសទីបន្ទាប់ពីបញ្ចប់ពិធីទទួលទេព្តាឆ្នាំថ្មី ហើយបណ្តារាជធានីខេត្តក៏បានបង្កើនទំហំនៃការជួបជុំកម្សាន្តកម្មវិធីសង្រ្កាន្តនៅតាមទីប្រជុំជនសំខាន់ៗ ពិសេសនៅតាមទីរួមខេត្ត និងទីរួមស្រុក ដូចជាការបន្ថែមឡានទឹកសម្រាប់បាញ់ទឹកកម្សាន្ត និងការប្រគុំតន្រ្តីបន្ថែមជាដើម។
ដូចនឹងថ្ងៃទី១ដែរ ស្ថិតិខាងលើ គឺរាប់តែចំនួនភ្ញៀវទេសចរដែលទៅកម្សាន្តនៅរមណីយដ្ឋាន នីងគោលដៅទេសចរណ៍ និងចំនួនភ្ញៀវ និងប្រជាពលរដ្ឋដែលទៅកម្សាន្តនៅតាមកន្លែងសំខាន់ៗប្រារព្ធសង្រ្កាន្តតែប៉ុណ្ណោះ ដោយមិនបានគិតដល់ចំនួនប្រជាពលរដ្ឋជាច្រើនផ្សេងទៀតដែលលេងកម្សាន្តនៅតាមភូមិស្រុក ឬកម្មវិធីសង្រ្កាន្តជាលក្ខណៈឯកជន ឬក្នុងទ្រង់ទ្រាយតូច។
សកម្មភាពនៃការដើរកម្សាន្តរបស់ភ្ញៀវ មានតាំងពីពេលព្រឹក គឺភាគច្រើនប្រជាពលរដ្ឋយកចង្ហាន់ទៅវត្ត ហើយខ្លះទៀតធ្វើដំណើរកម្សាន្តត្រង់ទៅទីរមណីយដ្ឋានតែម្តង ខណៈដែលការកម្សាន្តបាញ់ទឹក លាបម្សៅ ចាក់ភ្លេងកម្សាន្តរបស់ប្រជាពលរដ្ឋទូទៅ គឺចាប់ផ្តើមតាំងពីថ្ងៃត្រង់រហូតដល់ព្រលប់ និងបន្តរាំលេងកម្សាន្តនៅតាមកម្មវិធីសង្រ្កាន្តតាមភូមិស្រុករហូតដល់យប់។ សកម្មភាពកម្សាន្តពេលយប់នៅតាមគោលដៅសំខាន់ៗ ពិសេសផាប់ស្ទ្រីតនៅខេត្តសៀមរាប និងការជួបជុំប្រគុំតន្រីនៅតាមរាជធានីខេត្តមួយចំនួន ក៏បានធ្វើឲ្យចរន្តភ្ញៀវទេសចរមានសភាពផុសផលផងដែរ។
ទន្ទឹមនឹងនេះសម្រាប់ថ្ងៃទី២នេះ ព្រឹត្តិការណ៍អង្គរសង្រ្កាន្តបន្តទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ និងប្រជាពលរដ្ឋមកទស្សនាកម្សាន្តយ៉ាងច្រើនកុះករតាំងពីព្រឹកទល់យប់ជាមួយកម្មវិធីដ៏សម្បូរបែប ពិសេសកម្មវិធីក្បួនដង្ហែអង្គរសង្រ្កាន្ត «ក្តីស្រមៃ និងក្តីសង្ឃឹម» នៅបរិវេណព្រះលានជល់ដំរី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។
ជាមួយគ្នានេះ ប្រជាពលរដ្ឋមានក្តីរីករាយ និងអបអរសាទរដែលកម្ពុជាបានបំបែកឯតទគ្គកម្មពិភពលោកសារជាថ្មី «រាំម៉ាឌីហ្សុនច្រើនជាងគេ» ដែលមានអ្នកចូលរួមរាំច្រើនជាងគេដោយជោគជ័យជាថ្មីម្ដងទៀត ដោយមានចំនួនអ្នកចូលរួមរាំសរុប៤៩៩៩នាក់ រៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា។
ដោយឡែក ស្ថានភាពចរាចរនៅរាជធានីភ្នំពេញនៅបន្តមានភាពទូលាយ ប៉ុន្តែមានភាពកកកុញជួបជុំភ្ញៀវទេសចរ និងប្រជាពលរដ្ឋនៅទីតាំងសង្រ្កាន្តវត្តភ្នំ។ អ្នករាជធានីភ្នំពេញមួយចំនួន បានសម្រុកចេញពីភ្នំពេញតាំងព្រលឹមឆ្ពោះទៅកាន់គោលដៅទេសចរណ៍នានា ហើយខ្លះក៏ត្រលប់ចូលរាជធានីវិញពេលល្ងាច ខណៈដែលខ្លះនៅបន្តដំណើរកម្សាន្តនៅតាមគោលដៅផ្សេងទៀត។
កម្លាំងមានសមត្ថកិច្ច ទាំងនៅថ្នាក់ជាតិ និងគណៈបញ្ជាការឯកភាពរាជធានី-ខេត្តក្រោមការដឹកនាំរបស់អភិបាលរាជធានីខេត្ត នៅតែបន្តអនុវត្តការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងការធានាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាក់ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ពិសេសនៅតាមទីកន្លែងប្រារព្ធកម្មវិធីសង្រ្កាន្ត និងគោលដៅសំខាន់ៗ៕
ប្រភព : ក្រសួងទេសចរណ៍