ខេត្តបន្ទាយមានជ័យ៖ ក្រុមអ្នករកស៊ីដឹកទំនិញតាមរថយន្តទេសចរណ៍ និងរថយន្តប្រភេទដឹកទំនិញមួយចំនួនទៀត បានត្អួញត្អែរពីផលលំបាករបស់ពួកគាត់
ក្រុមអ្នករកស៊ីបានបញ្ជាក់យ៉ាងដូច្នេះថា នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចក្រោមដើមចន្ទគិរី ស្ថិតនៅភូមិគោកទម្លាប់ ឃុំអូរស្ងួត ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ មានមន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តជាច្រើននាក់ ជាមួយនឹងមធ្យោបាយរថយន្ត ដាក់ធ្វើជាកុងត្រូលជជុះ សម្រាប់កាក់រថយន្តឲ្យចូលបង់ប្រាក់ និងទាមទារទៅតាមទំនើងចិត្ត ។
ទីតាំងខាងលើនេះ ពួកគាត់បានឈរជើង២៤ម៉ោងលើ២៤ម៉ោង ដូច្នេះ រថយន្តដឹកទំនិញមានការបង់ប្រាក់ប្រចាំខែ និងសម្រាប់ក្បាលឡាន បានក្លាយទៅជាទម្លាប់ជាយូរមកហើយ ក្នុងនោះ គេឃើញសមត្ថកិច្ចប្រើប្រាស់រថយន្តម៉ាកកាមរី ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្តាល ២A-៣២៣៨ ទុកសម្រាប់ប្រដេញ ទៅលើក្រុមឈ្មួញដែលដឹកទំនិញឆ្លងកាត់ ហើយមិនព្រមចូលបង់ក្បាលឡាន ។ គួររំលឹកថា ករណីខាងលើនេះ ត្រូវបានគណៈបញ្ជាការឯកភាពខេត្តហាមឃាត់ និងលុបបំបាត់ ដើម្បីសន្តិសុខ សណ្តាប់ធ្នាប់ និងវិន័យថ្លៃថ្នូររបស់កងកម្លាំង ក៏ដូចជាមិនឲ្យប៉ះពាល់ទៅនឹងការរកស៊ី របស់ប្រជាពលរដ្ឋ ប៉ុន្តែ សមត្ថកិច្ច ដែលបាននិងកំពុងឈរជើងនៅទីនោះ ប្រើប្រាស់រូបភាពជាទីតាំងពង្រឹងសន្តិសុខ ចូលរួមទប់ស្កាត់បទល្មើសសេដ្ឋកិច្ច ដើម្បីសហការជាមួយនឹងស្ថាប័នប្រមូលពន្ធជូនរដ្ឋ ប៉ុន្តែជាក់ស្តែង មន្ត្រីនគរបាលសេដ្ឋកិច្ច បាននិងកំពុងអនុវត្តប្រាសចាកពីភារកិច្ច តួនាទី ក្នុងនាមជាអ្នកបង្ការ បង្ក្រាប ស៊ើបអង្កេតតាមដានរាល់បទល្មើសសេដ្ឋកិច្ច ក៏ដូចជាការនាំចូលនូវចំណីអាហារមានជាតិពុល ។ ក្រុមអ្នករកស៊ីសំណូមពរឲ្យសាម៉ីអង្គភាព ក៏ដូចជាអាជ្ញាធរខេត្តមេត្តាចាត់វិធានការលុបបំបាត់ចំពោះភាពមិនប្រក្រតីទាំងនេះផង ។
ពាក់ព័ន្ធករណីនេះ នគរដ្រេហ្គន មិនអាចទាក់ទងបានទេពីលោកស្នងការខេត្ត កាលពីព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦ ប៉ុន្តែមានប្រភពខ្លះបានបញ្ជាក់ថា ទីតាំងកុងត្រូលជជុះខាងលើពិបាកក្នុងការលុបបំបាត់ ស្របពេលដែលលេចឮថា ថ្នាក់លើក៏ទទួលបានផលប្រយោជន៍ពីមន្ត្រីទាំងនោះ ឬក៏និយាយដោយខ្លីថា អ្នកដែលដាក់កុងត្រូលជជុះនោះ ប្រៀបដូចជាអ្នកទិញប៉ុស្តិ៍ ដូច្នេះ ពួកគាត់ត្រូវបង្ខំចិត្ត កាត់កេរ្តិ៍កាត់ខ្មាស់ ហ៊ានបំពានទៅនឹងការហាមឃាត់របស់អាជ្ញាធរខេត្តដើម្បីទាញ់យកនូវប្រភពសេដ្ឋកិច្ចសម្រាប់ឆ្នាំងបាយបុគ្គលខ្លួនឯងផង និងសម្រាប់តម្រូវការថ្នាក់លើផង ក៏អាចថាបាន ៕
ដោយ៖ វណ្ណា