ខេត្តបាត់ដំបង៖ យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងថា កម្លាំងនគរបាលក្រុងបាត់ដំបង បានចុះអនុវត្តដីកាបង្គាប់ឱ្យចាប់ឃាត់ខ្លួនជនត្រូវចោទម្នាក់ ក្នុងករណីលួចដោយមានស្ថានទម្ងន់ទោស នៅក្រុងបាត់ដំបង យកមកសាកសួរដេីម្បីចាត់ការតាមច្បាប់។
របាយការណ៍ដដែលបន្តថា ករណីឃាត់ខ្លួនជនត្រូវចោទខាងលេីនេះ បានកេីតឡេីងកាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ម្សិលមិញនេះ នៅភូមិវត្តរំដួល សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ប្រភពដដែលបន្តថា អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងយោបល់លោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌលោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង បានដឹកនាំកម្លាំងផ្នែកជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបងចាប់ខ្លួនជនត្រូវចោទម្នាក់ឈ្មោះ ម៉ៅ ចាន់ ថា ហៅលាភ ភេទប្រុស អាយុ ៣៤ឆ្នាំ មានទីលំនៅភូមិវត្តរំដួល សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង តាមដីការបង្កាប់ឱ្យចាប់ខ្លួនលេខ២៧៨ ត.ព្រ ចុះថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ របស់ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តបាត់ដំបងលោក អ៉ី សុវណ្ណ ដោយជនត្រូវចោទរូបនេះជាប់ពាក់ព័ន្ធក្នុងករណីអំពើ លួចដោយមានស្ថានទម្ងន់ទោស (គាស់ទម្លុះទម្លាយ) កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ នៅចំណុចក្រុមទី១៧ភូមិចុងព្រែក សង្កាត់ក្ដុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ចំណែកសម្ភារ:ដកហូតរួមមាន៖ ម៉ូតូម៉ាកហុងដាវ៉េវ ពណ៍ខៀវលាយទឹកប្រាក់ ពាក់ស្លាកលេខបាត់ដំបង1-7032ចំនួន០១គ្រឿង។
បច្ចុប្បន្នកម្លាំងនគរបាលក្រុងរៀបចំបញ្ជូនជនត្រូវចោទដេីម្បីអនុវត្តតាមនីតិវិធី ៕ដោយ៖សហការី