ភ្នំពេញ : សូមជូនដំណឹងដល់និស្សិតថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន និងនិស្សិតទាំងប្រាំមហាវិទ្យាល័យនៃសាកល វិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ឱ្យបានជ្រាបថា៖ ដើម្បីធានាបាននូវនិរន្តរភាពនៃការបណ្ដុះបណ្តាល ស្របតាម កម្មវិធីសិក្សារបស់សាកលវិទ្យាល័យដែលបានកំណត់ និងដើម្បីចូលរួមចំណែកក្នុងការគាំទ្រលើកទឹកចិត្តដល់ និស្សិតដែលបានចូលរួមព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ចាប់ផ្តើមពីថ្ងៃទី៥-១៧ ខែឧសភា ឆ្នាំ២០២៣ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ចាប់ផ្តើមពីថ្ងៃទី៣-៩ ខែមិថុនា ឆ្នាំ២០២៣ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ សូមជូនដំណឹងដូចខាងក្រោម៖
១- អនុញ្ញាតច្បាប់ដល់និស្សិតថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ដែលត្រូវចូលរួមព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម។ ចំពោះនិស្សិតដែលមិនពាក់ព័ន្ធនឹងព្រឹត្តិការណ៍ខាងលើ ត្រូវមករៀនតាមកាលវិភាគ ដែលបានកំណត់តាមថ្នាក់នីមួយៗជាធម្មតា។
២- អនុញ្ញាតច្បាប់ដល់និស្សិតទាំងអស់នៃមហាវិទ្យាល័យសិល្បៈនាដសាស្ត្រ និងមហាវិទ្យាល័យ តូរ្យតន្ត្រី ចាប់ពីឆ្នាំទី២ ដល់ឆ្នាំទី៤ ដែលត្រូវចូលរួមព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម។
៣- អនុញ្ញាតច្បាប់ដល់និស្សិតនៃមហាវិទ្យាល័យសិល្បៈសូនរូប មហាវិទ្យាល័យបុរាណវិទ្យា និង មហាវិទ្យាស្ថាបត្យកម្ម និងនគរោបនីយវិទ្យា ដែលមានឈ្មោះក្នុងការចូលរួមព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម។ សម្រាប់និស្សិតដែលមិនពាក់ព័ន្ធនឹងព្រឹត្តិការណ៍ខាងលើត្រូវមករៀននៅក្នុងថ្នាក់ជា ធម្មតាលើមុខវិជ្ជាអនុវត្ត ចំណែកមុខវិជ្ជាទ្រឹស្ដីត្រូវរៀនតាមប្រព័ន្ធអនឡាញឬរៀនក្នុងថ្នាក់ផ្ទាល់អាស្រ័យលើ លោកគ្រូ អ្នកគ្រូជាអ្នកសម្រេច។
អាស្រ័យហេតុនេះ សូមថ្នាក់ដឹកនាំគ្រប់មហាវិទ្យាល័យ ប្រធានដេប៉ាតឺម៉ង់ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន លោកគ្រូ អ្នកគ្រូ និងប្អូនៗនិស្សិតចូលរួមអនុវត្តតាមសេចក្ដីជូនដំណឹងឱ្យបានគ្រប់ៗគ្នាដើម្បីទទួលបានប្រសិទ្ធ ភាពខ្ពស់។
បញ្ជាក់៖ និស្សិតដែលត្រូវចូលរួមព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ត្រូវផ្តល់ ព័ត៌មានដល់ដេប៉ាតឺម៉ង់ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន និងថ្នាក់ដឹកនាំមហាវិទ្យាល័យរបស់ខ្លួន ដើម្បីសម្រួលក្នុងការស្រង់ វត្តមាន និងរៀបចំម៉ោងរៀនដល់និស្សិតឱ្យគ្រប់ក្រេឌីតវិញ៕
ដោយ : សិលា