ខេត្តស្វាយរៀង : នាយឧត្តមសេនីយ៍ សៅសុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធ ដាក់អោយប្រើប្រាស់អគាររដ្ឋបាលមូលដ្ឋានកងរាជអាវុធហត្ថស្រុករមាសហែកនាព្រឹកថ្ងៃទី១៩ខែមេសាឆ្នាំ២០២៣។
ក្នុងឱកាសនោះក៏មានការចូលរួមពីសំណាក់ លោកអភិបាលរងខេត្ត លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង លោកមេបញ្ជាការកងរាជអាវុធហត្ថស្រុក-ក្រុង លោកអភិបាលស្រុក និងអស់លោកមន្ត្រីរាជការសមត្ថកិច្ចទាំង៣ស្ថាប័នចូលរួមជាច្រើនរយនាក់ផងដែរ។
លោកនាយឧត្តមសេនីយ៍ សៅសុខា អគ្គមេបញ្ជាការងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើ ផ្ទៃប្រទេសបានថ្លែងអំណរគុណដល់សប្បុរសជននានា ដែលបានបរិច្ចាគថវិកា សម្ភារផ្ទាល់ខ្លួន ក្នុងការចូលរួមចំណែក ក្នុងការកសាងអគាររដ្ឋបាលដ៏ស្កឹមស្កៃ នៃមូលដ្ឋានកងរាជអាវុធហត្ថស្រុករមាសហែកដែលបានសម្ពោធនាពេលនេះ។
នាយឧត្តមសេនីយ៍ សៅសុខា ក៏បានណែនាំដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថទាំងអស់ត្រូវយកចិត្តទុកដាក់ក្នុងកិច្ចការងារតាមតួនាទី ភារកិច្ច និងត្រូវមានស្មារតីទទួលខុសត្រូវរបស់ខ្លួន
ដោយក្នុងនាមជាកងកម្លាំងដែលកើតចេញពីប្រជាជនមានការគាំទ្រ ដូច្នេះ អាវុធហត្ថត្រូវបន្តខិតខំបំពេញការងារស្នូល ការងារសង្គម ការងារអន្តរាគមន៍ និងការងារសហការឱ្យបានលទ្ធផលល្អ ប្រសើរ។
លោកបានបន្ថែមថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើអោយប្រទេសជាតិមានការរីកចម្រើនលើគ្រប់វិស័យ ទាំងពុទ្ធចក្រនិងអាណាចក្រទាំងមូល ដើរទន្ទឹមគ្នា ពិសេសទីបញ្ជាការកងរាជអាវុធហត្ថខេត្ត ក្រុង ស្រុក នឹងបន្តកសាង ជំរំជម្រក អគាររដ្ឋបាល និងរចនាសម្ព័ន្ធ សម្រាប់ធ្វើជាកន្លែងធ្វើការឱ្យបានល្អ សមស្រម ទាន់សម័យអភិវឌ្ឍន៍ ដើម្បីទុកជូនជាតិមាតុភូមិ និងអ្មកជំនាន់ក្រោយ និងក៏រកនូវមធ្យោបាយ សម្ភារគ្រប់គ្រាន់ទាន់សម័យ សម្រាប់ឱ្យកងកម្លាំងបំពេញការងារផងដែរ ។
សូមបញ្ជាក់ថា តាមបណ្តាខេត្តនានានិងតាមស្រុកក្រុងទាំងអស់នៅទូទាំងប្រទេស ដូចជានៅខេត្តស្វាយរៀង មូលដ្ឋានកងរាជអាវុធហត្ថ ត្រូវបានកសាងឡើងជាបន្តបន្ទាប់ដើម្បីផ្ដល់កន្លែងធ្វើការដល់កងកម្លាំងបានសមរម្យ ក្នុងការរក្សាការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរផងដែរ៕ ដោយសុថាន