រដ្ឋសភាប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពី សារពើពន្ធ លទ្ធកម្មសាធារណៈ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មតាមព្រំដែនជាមួយប្រទេសវៀតណាម

ចែករំលែក៖

ភ្នំពេញ : សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានបន្តដឹកនាំសម័យប្រជុំរដ្ឋសភា លើកទី៩ នីតិកាលទី៦ នៅព្រឹកថ្ងៃពុធ ទី១៩ ខែមេសា ឆ្នាំ២០២៣នេះ នៅវិមានរដ្ឋសភា ដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួនបី រួមមាន សេចក្តីព្រាងច្បាប់ស្តីពីសារពើពន្ធ សេចក្តីព្រាងច្បាប់ស្តីពី លទ្ធកម្មសាធារណៈ និងសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ស្តីពីពាណិជ្ជកម្មតាមព្រំដែន រវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

សេចក្តីព្រាងច្បាប់ទាំងបីខាងលើ សុទ្ធសឹងមានសារៈសំខាន់នៅក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ លើកកម្ពស់វិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច និងសង្គម ក៏ដូចជាកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសជិតខាងដែលមានព្រំដែនជាប់គ្នា។

សេចក្តីព្រាងច្បាប់ស្តីពីសារពើពន្ធថ្មីនេះ ត្រូវបានរៀបចំឡើងដើម្បីផ្តល់ភាពងាយស្រួលកែលម្អ បំពេញចន្លោះខ្វះខាត និងធានាសង្គតភាពជាមួយច្បាប់ និងបទដ្ឋានគតិយុត្តនានា ស្របតាមការវិវឌ្ឍនៃសង្គម សេដ្ឋកិច្ច និងបរិបទថ្មីៗនៃវិស័យធុរកិច្ច។ សេចក្តីព្រាងច្បាប់នេះ ក៏នឹងចូលរួមជំរុញ និងលើកកម្ពស់វិស័យធុរកិច្ចនៅកម្ពុជា បង្កើនភាពអនុគ្រោះនៃបរិយាកាសវិនិយោគ ពង្រឹងកម្រិតអនុលោមភាពសារពើពន្ធ ធានានូវការប្រកួតប្រជែងដោយស្មើភាពគ្នាជាដើម។ សេចក្តីព្រាងច្បាប់នេះ មាន ២០ជំពូក និង២៥៥មាត្រា។ លោក ឈាង វុន ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា ជាអ្នករាយការណ៍ជូនអង្គរដ្ឋសភា ពីលទ្ធផលនៃការពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ និង លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសហការី ជាតំណាងរាជរដ្ឋាភិបាល ជាអ្នកការពារសេចក្តីព្រាងច្បាប់។

ចំពោះសេចក្តីព្រាងច្បាប់ស្តីពីលទ្ធកម្មសាធារណៈវិញ បានកំណត់គោលការណ៍សំខាន់ៗអំពីមុខងារ និងការទទួលខុសត្រូវឱ្យដាច់ពីគ្នារវាងស្ថាប័នគ្រប់គ្រងលទ្ធកម្ម និងស្ថាប័នអនុវត្តលទ្ធកម្ម ការផ្ទេរសិទ្ធិអំណាច និងការទទួលខុសត្រូវលើកិច្ចលទ្ធកម្ម ជូនស្ថាប័នអនុវត្ត ការពង្រឹង និងកែលម្អយន្តការនៃការទទួល និងដោះស្រាយពាក្យបណ្តឹងតវ៉ាលទ្ធកម្មឱ្យឯករាជ្យ និងការបង្កើតឱ្យមានរបបដាក់ទោសទណ្ឌ។ សេចក្តីព្រាងច្បាប់នេះ មាន ១៥ជំពូក និង ៨៧មាត្រា។ លោក ឈាង វុន ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា ជាអ្នករាយការណ៍ជូនអង្គរដ្ឋសភា ពីលទ្ធផលនៃការពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ និង លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសហការី ជាតំណាងរាជរដ្ឋាភិបាល ជាអ្នកការពារ សេចក្តីព្រាងច្បាប់។

ចំពោះសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពី ពាណិជ្ជកម្មតាមព្រំដែនរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម នឹងចូលរួមចំណែកក្នុងការអនុវត្តនូវយុទ្ធសាស្រ្តក្នុងការបន្តពង្រឹងការតភ្ជាប់ផ្នែកធុរកិច្ច សំដៅលើកកម្ពស់ការចាប់ដៃគូពាណិជ្ជកម្ម និងការធ្វើពិពិធកម្មទីផ្សារ និងមុខទំនិញនាំចេញតាមរយៈការផ្តល់ឱកាសការងារ ឱកាសធុរកិច្ច ជំរុញផលិតកម្ម និងអាជីវកម្មគ្រួសារដែលនឹងជួយជំរុញលើកកម្ពស់ និងធ្វើឱ្យប្រសើរឡើងជីវភាពរបស់ប្រជាជនកម្ពុជា ដែលរស់នៅតាមព្រំដែនកម្ពុជា-វៀតណាម។ សេចក្តីព្រាងច្បាប់នេះ មាន ពីរមាត្រា។ លោកស្រី និន សាផុន ប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា ជាអ្នករាយការណ៍ជូនអង្គសភា ពីលទ្ធផលនៃការពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ និងឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងសហការី ជាតំណាងរាជរដ្ឋាភិបាល ជាអ្នកការពារសេចក្តីព្រាងច្បាប់ ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print