ភ្នំពេញ : សម្ដេចតេជោ ហ៊ុន សែន នាយ ករដ្ឋមន្រ្តី នៃកម្ពុជា ថ្លែងថា ការ ប្រែប្រួលអាកាសធាតុនៅលើពិភពលោកកំពុងតែបង្កបញ្ហាធំខ្លាំងណាស់សម្រាប់ជំងឺដង្កាត់ផ្សេង។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះ នៅព្រឹកថ្ងៃទី ២០ ខែមេសា ឆ្នាំ២០២៣នេះ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារសម្ភពនៃមន្ទីរ ពេទ្យកុមារជាតិកម្ពស់៤ជាន់ ដែលស្ថិត នៅក្នុងបរិវេណនៃមន្ទីរពេទ្យកុមារជាតិ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា ខ្មែរយើងមានពាក្យនិយាយថា ឆ្លងវាលបី ហើយយើងបានឆ្លងកាត់វាល ២លើក រួចទៅហើយ ដែលវាលទី១ គឺសង្គ្រាមយើងបានឆ្លងកាត់រួចហើយ និងវាលទី២.គឺវាលនៃភាពអត់ឃ្លានដែល យើងបានឆ្លងកាត់រួចហើយ ហើយវាលទី៣.គឺវាលនៃការឆ្លងរាលដាលនៃមេរោគជំងឺឆ្លងផ្សេងៗ ដែលវាលនេះពិតជាមិនអាចនឹងឆ្លងផុតនោះទេ ព្រោះការប្រែប្រួលអាកាសធាតុ វានឹងកើតមាននូវមេរោគផ្សេងៗបន្តទៀតដែលយើងត្រូវប្រុងប្រយ័ត្ន។
នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវឱ្យគ្រូពេទ្យខិតខំពង្រឹងនូវសីលធម៌វិជ្ជាជីវៈ ដើម្បីឱ្យសមនឹងតម្លៃគុណសម្បត្តិរបស់គ្រូពេទ្យ។
សម្ដេចតេជោ ហ៊ុនសែន មានប្រសាសន៍ថា៖ «គ្រូពេទ្យយើងធ្វើយ៉ាងមិចបម្រើពលរដ្ឋ ហើយបច្ចុប្បន្នបច្ចេកទេសវាលឿនណាស់យើងត្រូវរៀនវា»៕
ដោយ : សហការី