ក្លិបអ្នកកាសែតកម្ពុជាប្រកាសរៀបចំវេទិកាពិភាក្សាដើម្បីផ្សព្វផ្សាយក្រមសីលធម៌នៃវិជ្ជាជីវៈសារព័ត៌មាននាថ្ងៃស្អែកនេះ

ចែករំលែក៖

ភ្នំពេញ៖ ក្នុងបរិបទនៃការអបអរទិវាសេរីភាពសារព័ត៌មានពិភពលោក៣ឧសភាឆ្នាំនេះ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) នឹងរៀបចំការជួបជុំសមាជិកជាង៥០០នាក់ជាថ្មីម្ដងទៀតនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ ដើម្បីផ្សព្វផ្សាយក្រមសីលធម៌ នៃវិជ្ជាជីវៈសារព័ត៌មាន ។

យោងតាមសេចក្ដីប្រកាសព័ត៌មានបានឱ្យដឹងថា ការជួបជុំនេះនឹងប្រព្រឹត្តទៅនៅវិទ្យាស្ថានជាតិអប់រំ ដោយត្រូវបានចែកចេញជាបីវគ្គ៖

វគ្គទី១៖ ចាប់ផ្ដើមពីម៉ោង២រសៀល ដល់ម៉ោង៥ល្ងាច គឺជាវគ្គពិភាក្សា សួរដេញដោលនិងចែករំលែកបទពិសោធន៍ព្រមទាំងចំណេះដឹងស្ដីពីការអនុវត្តវិជ្ជាជីវៈនិងក្រមសីលធម៌សារព័ត៌មាន។ នៅក្នុងវគ្គនេះ លោក ពុយ គា ដែលជាប្រធានក្លិបអ្នកកាសែតកម្ពុជា នឹងធ្វើបទបង្ហាញពីអត្ថបទក្រមសីលធម៌របស់ក្លិបអ្នកកាសែតដល់សមាជិកទាំងអស់។ ក្នុងពេលនោះដែរ ក៏មានវត្តមានអ្នកកាសែតជើងចាស់ដែលមានបទពិសោធន៍យូរឆ្នាំរបស់កម្ពុជា និងបរទេស (អូស្រាលី បារាំង អាល្លឺម៉ង់ ថៃ និងអេស្បា៉ញ) ១០រូប រង់ចាំឆ្លើយសំណួរ និងចែករំលែកបទពិសោធន៍របស់ពួកគេផងដែរ។

វគ្គទី២៖ ចាប់ពីម៉ោង៥ ដល់ម៉ោង ៦ល្ងាច គឺជាវេទិកាសំណេះសំណាលរបស់លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជាមួយសមាជិកក្លិបអ្នកកាសែតកម្ពុជា។

វគ្គទី៣៖ ជាពិធីបរិភោគអាហារសាមគ្គី ដែលភ្ជាប់មកជាមួយនឹងការចាប់រង្វាន់ជាច្រើន ដែលគាំទ្រដោយវិស័យឯកជន និងសប្បុរសជនដែលគាំទ្រ និងលើកស្ទួយវិស័យសារព័ត៌មានកម្ពុជា។

លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា បានលើកឡើងថា៖ នេះជាវេទិកាដ៏ធំមួយក្នុងប្រវត្តិនៃវិស័យសារព័ត៌មានដែលបើកឱ្យមានការពិភាក្សាវែកញែកអំពីក្រមសីលធម៌នៃវិជ្ជាជីវៈសារព័ត៌មានដែលជាប្រធានបទដ៏ក្តៅនៅក្នុងយុគសម័យឌីជីថល។

លោកមានជំនឿថា វេទិកានេះនឹងជួយពង្រឹងសមត្ថភាពអ្នកសារព័ត៌មានឱ្យកាន់តែប្រសើរ ជាពិសេសក្រមសីលធម៌ និងវិជ្ជាជីវៈនេះតែម្តង ដែលជាខែលការពារអ្នកព័ត៌មាន ពីការរិះគន់ និងប្តឹងផ្តល់ ។ ហេតុដូច្នេះហើយ ការជួបជុំអ្នកសារព័ត៌មាននៅក្នុងក្របខ័ណ្ឌក្លិបអ្នកកាសែតកម្ពុជា គឺទទួលបានការគាំទ្រជាស្មារតីនិងសម្ភារៈផងដែរពីវិស័យឯកជនក្នុងស្រុកនិងបរទេសដែលធ្លាប់ជាដៃគូរបស់ក្លិបអ្នកកាសែតកម្ពុជា ៕ ដោយ​ ៖​ ភារ៉ា​ ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print