សម្ដេចតេជោ ហ៊ុន សែន អំពាវនាវឱ្យក្រុមគ្រូពេទ្យ ពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ

ចែករំលែក៖

ភ្នំពេញ : សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា បើសិនអ្នកបច្ចេកទេសខ្វះក្រមសីលធម៌វិជ្ជាជីវៈ គឺជារឿងគ្រោះថ្នាក់បំផុត ដូច្នេះសម្តេចបានបន្តអំពាវនាវឱ្យក្រុមគ្រូពេទ្យ ត្រូវពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ។ សម្តេចមានប្រសាសន៍បែបនេះ

នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារសម្ភព ស្ថិតនៅក្នុងបរិវេណនៃមន្ទីរពេទ្យកុមារជាតិ រាជធានីភ្នំពេញ នាព្រឹកថ្ងៃព្រហស្បតិ៍ទី២០ ខែមេសា ឆ្នាំ២០២៣ ។

សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា មិនខ្វះទេអ្នកដែលមានបច្ចេកទេស ប៉ុន្តែខ្វះក្រមសីលធម៌វិជ្ជាជីវៈ ដែលធ្វើឱ្យពួកគេ ប្រើប្រាស់បច្ចេកទេសរបស់ខ្លួននៅក្នុងផ្លូវខុសដូចជា ការផលិតគ្រឿងញៀន និងការផលិតអាវុធប្រល័យលោកជាដើម។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ការពង្រឹងសមត្ថភាពវិស័យសុខាភិបាល គឺជាកត្តាចាំបាច់ខ្លាំងណាស់ ដើម្បីកសាង និងធ្វើម៉េចឱ្យប្រជាពលរដ្ឋទទួលសេវាសុខភាព ក្នុងនោះមានការបង្កើនការព្យាបាលស្រ្ដី និងកុមារផងដែរ។ 

នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវឱ្យគ្រូពេទ្យខិតខំពង្រឹងនូវសីលធម៌វិជ្ជាជីវៈ ដើម្បីឱ្យសមនឹងតម្លៃគុណសម្បត្តិរបស់គ្រូពេទ្យ។

សម្ដេចតេជោ ហ៊ុនសែន ថ្លែងថា៖ «គ្រូពេទ្យយើងធ្វើយ៉ាងមិចបម្រើពលរដ្ឋ ហើយបច្ចុប្បន្នបច្ចេកទេសវាលឿនណាស់យើងត្រូវរៀនវា»។ 

សម្ដេចតេជោបានថ្លែងយ៉ាងដូច្នេះថា «ធ្វើជាមេដឹកនាំគេ ខ្ញុំពិតជាភ័យព្រួយ អ្នកដទៃមិនដឹងគេគិតយ៉ាងម៉េចទេ ក៏ប៉ុន្តែសម្រាប់ខ្លួនខ្ញុំ ខ្ញុំមានភារកិច្ចការពារពួកគាត់ដូចជាការពារឪពុកម្ដាយរបស់ខ្ញុំ កូនចៅរបស់ខ្ញុំ»។

សម្ដេចតេជោនាយករដ្ឋមន្ត្រីបានបន្តថា ដោយសារការខិតខំទប់ស្កាត់ការឆ្លងរីករាលដាល ការចាក់ស្រោចវ៉ាក់សាំងជូនប្រជាពលរដ្ឋ និងការពង្រឹងវិធានការការពារផងនោះ ក៏បានធ្វើឱ្យអត្រានៃការឆ្លងជំងឺកូវីដ១៩មានការធ្លាក់ចុះជាលំដាប់ រហូតដល់មានការធូរស្រាលដូចពេលបច្ចុប្បន្ននេះ។

ទោះបីមានការធូរស្រាលហើយក្ដី ប៉ុន្តែប្រជាពលរដ្ឋនៅកម្ពុជានៅតែអនុវត្តតាមវិធានការមួយចំនួន។ ទើបតែថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ ម្សិលមិញនេះទេ ដែលវិធានការទាំងឡាយនោះត្រូវបានលើកលែងទាំងអស់ តាមប្រសាសន៍ណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។ ការពាក់ម៉ាស ឬមិនពាក់ម៉ាស គឺជាជម្រើសរបស់ប្រជាជនម្នាក់ៗ៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print