ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានលើកឡើងថា សម្ដេចនឹងចងដៃការទៅបុរសនារីណាដែល ទើបបស្រលាញ់គ្នាក្នុងពេលបានជិះឡានក្រុងសាធារណៈដោយឥតគិតថ្លៃក្នុងអំឡុងពេលចូលឆ្នាំខ្មែរ។
ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាសម្ភពនៃមន្ទីរពេទ្យកុមារជាតិ ព្រឹកថ្ងៃទី២០ ខែមេសា សម្ដេចតេជោ ហ៊ុនសែន បានលើកឡើងថាអស់រយៈពេលជាច្រើនឆ្នាំហើយដែលសម្ដេចចង់ដេញថ្លៃជាមួយនឹងក្រុមឡានឈ្នួលនិងតាក់ស៊ីដែលបានឡើងថ្លៃពេលចូលឆ្នាំ។ សម្ដេចបានបង្ហាញនូវការពេញចិត្តដែលសាលារាជធានីភ្នំពេញបានបញ្ចេញនូវរថយន្តក្រុងសាធារណៈដឹកពលរដ្ឋទៅស្រុកកំណើតដោយឥតគិតថ្លៃ។
ក្នុងពេលដែលបញ្ចេញរថយន្តក្រុងសាធារណៈជូនពលរដ្ឋទៅស្រុកដោយអត់គិតថ្លៃ សម្ដេចតេជោក៏បានគិតផងដែរថាប្រហែលជាមានបុរសនិងនារីអាចមាននិស្ស័យជួបគ្នានិងរៀបអាពាហ៍ពិពាហ៍ជាមួយគ្នាដោយសារតែការផ្ដល់សេវាសាធារណៈរបស់រដ្ឋមួយនេះផងដែរ។
សម្ដេចតេជោ ហ៊ុនសែន មានប្រសាសន៍ថា៖ «សុំផ្ញើលិខិតការមកខ្ញុំផងដើម្បីខ្ញុំចងដៃ»។
គួរឱ្យដឹងដែរថា រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំរថយន្តក្រុងចំនួន ៣៤៥គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ រយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣ ដោយមិនបង់ប្រាក់ ដើម្បីជួយសម្រួលដល់ការចំណាយជូនបងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅលេង ស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។
ប្រជាពលរដ្ឋប្រមាណ ៥ម៉ឺននាក់ បានប្រើប្រាស់សេវារថយន្តក្រុងសាធារណៈរបស់រដ្ឋក្នុងអំឡុងពេលនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនេះ។
សូមបញ្ជាក់ថា, ការថ្លែងបែបនេះរបស់ សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ធ្វើឱ្យប្រជាពលរដ្ឋ កម្មករកម្មការិនី រោងចក្រ មានការរំជើបរំជួលចិត្ត ពន់ពេក ដោយមិននឹកស្មានដល់ថា សម្ដេចមិនត្រឹមតែដឹកនាំប្រទេសជាតិ ឱ្យមានសន្តិភាព និងការអភិវឌ្ឍន៍ប៉ុណ្ណោះទេ។ ថែមទាំងគិតដល់ កូនក្មួយបុរសនារី ដែលមានឧបនិស្ស័យ ជួបគ្នាលើរថយន្តក្រុង ឈានដល់ស្រលាញ់ រៀបការ សម្ដេចសុំឱ្យផ្ញើសំបុត្រការជូនសម្ដេចផង ពិតជារំភើប ខណៈថ្នាក់ដឹកនាំប្រទេសកម្ពុជា ប្រកបដោយភាពសាមញ្ញ និងមានមនោសញ្ចេតនាខ្ពស់ ចំពោះប្រជាពលរដ្ឋទូទៅ ៕
ដោយ : សិលា