គេហទំព័រ Avia-Pro របស់រុស្ស៊ីបានផ្សាយកាលពីថ្ងៃទី 19 ខែមេសាថា កងកម្លាំងរុស្ស៊ីបានប្រើប្រាស់កាំជ្រួចមីស៊ីល Krasnopol ដើម្បីបំផ្លាញរថក្រោះគ្មានមនុស្សបើក M109 Paladin ដែលអាមេរិកផ្គត់ផ្គង់ដល់អ៊ុយក្រែន។
យោធារុស្ស៊ីបានធ្វើការវាយប្រហារយ៉ាងជាក់លាក់ជាមួយនឹងកាំជ្រួចដឹកនាំ Krasnopol ទៅលើគោលដៅនៃប្រព័ន្ធកាំភ្លើងធំបាញ់ដោយខ្លួនឯង M109 Paladin របស់អ៊ុយក្រែននៅក្នុងតំបន់នៃប្រតិបត្តិការយោធាពិសេស។ ការវាយប្រហារនោះបានបណ្តាលឱ្យ M109 Paladin ផ្ទុះឆាបឆេះយ៉ាងខ្លាំង។
នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀត សារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែមេសា ឆ្នាំ២០២៣ បានដកស្រង់សម្តីអ្នកនាំពាក្យក្រសួងការបរទេសអាមេរិកដែលបាននិយាយថា សហរដ្ឋអាមេរិកនឹងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយកូរ៉េខាងត្បូងចំពោះការផ្ដល់ការគាំទ្របន្ថែមទៀតសម្រាប់អ៊ុយក្រែន ដោយហៅសម្ព័ន្ធមិត្តអាស៊ីដ៏សំខាន់របស់ខ្លួនមួយនេះថាជា «ដៃគូដ៏គួរឱ្យទុកចិត្ត» ក្នុងការការពារអធិបតេយ្យអ៊ុយក្រែន។
នៅក្នុងបទសម្ភាសន៍ជាមួយ Reuters ថ្មីៗនេះ ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល (Yoon Suk Yeol) បាននិយាយថា ប្រទេសរបស់លោកអាចឈាន ទៅហួសពីការផ្តល់ជំនួយមនុស្សធម៌ ឬជំនួយហិរញ្ញវត្ថុសម្រាប់អ៊ុយក្រែនក្នុងកាលៈទេសៈណាមួយ។ ឆ្លើយតបនឹងសំណួរពី Reuters តាមរយៈសារអ៉ីមែល ជុំវិញការអត្ថាធិប្បាយរបស់ លោក យូន អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បានគូសបញ្ជាក់ថា «កូរ៉េខាងត្បូង គឺជាដៃគូដ៏គួរឱ្យទុកចិត្តមួយក្នុងការការពារសិទ្ធិ អធិបតេយ្យរបស់អ៊ុយក្រែន ប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ីចាប់តាំងពីថ្ងៃដំបូងមកម្ល៉េះ»។ ដោយសុំមិនបញ្ចេញឈ្មោះអ្នកនាំពាក្យរូបនោះ បានបន្ថែមថា «យើងនឹងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយសម្ព័ន្ធមិត្តរបស់យើង លើការគាំទ្របន្ថែមសម្រាប់អ៊ុយក្រែន»។
គួរបញ្ជាក់ថា កូរ៉េខាងត្បូង គឺជាសម្ព័ន្ធមិត្តដ៏សំខាន់របស់សហរដ្ឋអាមេរិក និងជាអ្នកផលិតគ្រាប់រំសេវសម្រាប់កាំភ្លើងធំដ៏សំខាន់មួយ។ ចាប់តាំងពីសង្រ្គាមផ្ទុះឡើង ទីក្រុងសេអ៊ូលបានព្យាយាមចៀសវាងការបង្កជម្លោះជាមួយរុស្ស៉ី ដោយសារតែការធ្វើប្រតិបត្តិការរបស់ក្រុមហ៊ុនកូរ៉េខាងត្បូងក្នុងប្រទេសរុស្ស៉ី និងឥទ្ធិពលរបស់ទីក្រុងមូស្គូ លើកូរ៉េខាងជើង បើទោះបីជាមានសម្ពាធកាន់តែខ្លាំងពីបណ្តាប្រទេសលោកខាងលិចសម្រាប់ការផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែនក៏ដោយ។ ការអត្ថាធិប្បាយរបស់លោក យូន ថ្មីចុងក្រោយនេះ អាចជាសញ្ញាបង្ហាញពីការផ្លាស់ប្តូរគោលជំហររបស់លោក ទៅនឹងការបំពាក់អាវុធឱ្យអ៊ុយក្រែនជាលើកដំបូង៕ ដោយធីរីណា
រូបថត : VOV.VN