ខ្សែបម្រើ Marco Asensio និងកីឡាករ Eder Militao ស៊ុតបញ្ចូលទីបានម្នាក់១គ្រាប់ជួយឱ្យក្រុមអធិរាជស Real Madrid ឈ្នះ២–០ ទល់នឹងភ្ញៀវ Celta Vigo នៅកីឡដ្ឋាន Santiago Bernabeu កាលពីរាត្រីថ្ងៃសៅរ៍ និងកាត់បន្ថយការនាំមុខរបស់Barcelona នៅលើកំពូលតារាង La Liga ដល់ទៅ៨ពិន្ទុ។
ជាមួយនឹងការប្រកួតដែលនៅសល់ចំនួន៨ប្រកួត ក្រុមលេខ២ Real Madrid បានរក្សាក្តីសង្ឃឹមក្នុងការឈ្នះពានរបស់ពួកគេដោយរំកិលទៅ៦៥ពិន្ទុ។ ចំណែក Barcelona មានមួយប្រកួតក្នុងដៃ មាន៧៣ពិន្ទុ នឹងត្រូវប៉ះក្រុមលេខ៣ Atletico Madrid នៅរាត្រីថ្ងៃអាទិត្យនេះ។
ទម្រង់លេងរបស់ Atletico Madrid មិនស្គាល់ចាញ់សោះក្នុងការប្រកួត La Liga ១៣ប្រកួតចុងក្រោយរបស់ពួកគេ ហើយបានឈ្នះ៦ប្រកួតជាប់គ្នា ដោយ១៣ពិន្ទុតាមពីក្រោយ Barcelona និងចាញ់៥ពិន្ទុពី Real Madrid។ រីឯក្រុម Celta Vigo ឈរ លេខ១២ ក្នុង តារាង មាន ៣៦ ពិន្ទុ។
Real Madrid បានគ្រប់គ្រងដំណើរការនៃការប្រកួតក្នុងទឹកដីរបស់ខ្លួន ហើយខ្សែបម្រើ Asensio បើកការស៊ុតបញ្ចូលទីនាំមុខនៅតង់ទី៤២ ដោយការស៊ុតពីចម្ងាយពីការបញ្ជូនបាល់ទាបរបស់ Vinicius Jr នៅនាទីទី៤២។
ក្នុងការប្រកួតតង់ទី២ ខ្សែការពារ Militao បានបញ្ចប់ការទទួលជ័យជម្នះដោយរកបានគ្រាប់បាល់ទី២ នៅនាទីទី៤៨ បន្ទាប់ពីការបញ្ជូនបាល់របស់ខ្សែបម្រើ Asensio។
សម្រាប់ការប្រកួតបន្តនៅលីកកំពូលអេស្ប៉ាញ La Liga ក្រុមអធិរាជស Real Madrid នឹងត្រូវជួបក្រុមម្ចាស់ផ្ទះ Girona នៅថ្ងៃទី២៥ ខែមេសាខាងមុខ ខណៈក្រុម Celta Vigo នឹងត្រូវប៉ះក្រុមភ្ញៀវ Elche នៅថ្ងៃទី២៦ មេសា។ ជាមួយគ្នានេះក្រុម Real Madrid នឹងត្រូវធ្វើការធ្ងន់ដោយត្រូវបើកទ្វារស្វាគមន៍ក្រុមមេឃខៀវ Man City ក្នុងជើងទី១ Champions League វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅរាត្រីថ្ងៃទី៩ឈានចូលថ្ងៃទី១០ ខែឧសភាខាងមុខនេះផងដែរ ៕ (រូបភាព ៖ BBC Sport/Reuters/CNA)