សម្តេចតេជោ ហ៊ុនសែន : កម្ពុជាត្រៀមជម្លៀសពលរដ្ឋ ៦នាក់ចេញពី ស៊ូដង់ ខណៈសង្គ្រាមក្នុងប្រទេសនេះកាន់តែ ខ្លាំងឡើង

ចែករំលែក៖

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា  បានបញ្ជាឱ្យរដ្ឋមន្ត្រីប្រតិភូអម លោក អូស្មាន ហាសាន់ តាមដានពីស្ថានភាពប្រជាជនកម្ពុជា ៦នាក់ដែលកំពុងរស់នៅប្រទេសស៊ូដង់ ខណៈស្ថានភាពនៃសង្គ្រាមក្នុងប្រទេសនេះកាន់តែកើនឡើង។

សម្ដេចតេជោ ហ៊ុនសែន ចង់ឱ្យជម្លៀលពលរដ្ឋកម្ពុជាជាមួយប្រជាជនម៉ាឡេស៊ី ខណៈដែលរដ្ឋាភិបាលម៉ាឡេស៊ីកំពុងត្រៀមជម្លៀសពលរដ្ឋខ្លួនចេញពីស៊ូដង់ផងដែរ។

សម្ដេចតេជោថ្លែងក្នុងពិធីកាត់សីម៉ាវិហារថ្មីនៃវត្តបារមីវង្គតបុរី ភ្នំពេញ នៅក្នុងសង្កាត់ទួលគោក ខណ្ឌសែនសុខ រាជធានីភ្នំពេញ ព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣នេះ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «បច្ចុប្បន្នកំពុងនៅប្រទេសស៊ូដង់ ខ្ញុំទើបទទួលបានព័ត៌មានពីម្សិលម្ង៉ៃថា នៅរដ្ឋធានីកាទុប មាននិស្សិតខ្មែរឥស្លាម៦នាក់ ដែលកំពុងរស់នៅទីនោះ ។  នៅពេលប្រទេសម៉ាឡេស៉ីអាចនឹងជម្លៀសប្រជាជនតាមយន្ដហោះក្ដី តាមនាវាក្ដី គឺសុំឲ្យបានចេញដំណើរមកជាមួយគ្នា»។

ជាមួយគ្នានេះ សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានណែនាំដល់លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស ត្រូវតាមដានករណីឲ្យបានជាប់ជាប្រចាំ ដើម្បីមានវិធានការទាន់ពេលវេលា។

បើតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន គ្រាដែលប្រទេសស៊ូដង់កំពុងមានសង្គ្រាម កម្ពុជាឯណោះវិញ គ្មានការប្រយុទ្ធណាមួយកើតឡើងនោះទេ ហើយកម្ពុជាទើបបិទបញ្ចប់ពិធីបុណ្យចូលឆ្នាំថ្មី ដែលមានប្រជាពលរដ្ឋដើរលេងកម្សាន្ដរហូតដល់ជាង១៣លាននាក់។ ត្រង់ចំណុចនេះ សម្ដេចតេជោ ហ៊ុន សែន គូសបញ្ជាក់ថា កម្ពុជាកំពុងតែមានសុខ សន្ដិភាពពេញលេញ ដែលបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការដើរលេងកម្សាន្ដ និងប្រារព្ធពិធីផ្សេងៗ ដោយមិនមានការភ័យខ្លាច៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print